អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ សម ​រង្ស៊ី​ ថា​មិន​ត្រូវ​ការ​ឲ្យ​លោក ​ហ៊ុន​ សែន ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ​

លោក​ សម​ រង្ស៊ី ​ដែល​អះអាងថា​ លោក​ជា​ប្រធាន​ស្តីទី​គណ​បក្ស​សង្រ្គោះជាតិ​ បាន​លើក​ឡើង​ថា​ ក្នុង​នាម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទាំង​ ១១៨​ រូប​ លោកសូម​ប្រាប់ទៅ​លោក​ ហ៊ុន​ សែន​ ថាមិន​ចាំបាច់​គិត​គូរ​ពី​ពួក​លោក​ទេ ​ដោយ​ថា​ពួក​លោក​មិន​ត្រូវ​ការ​ឲ្យគេ​ផ្តល់​សិទ្ធិធ្វើ​សកម្មភាព​នយោបាយ​ វិញ​ទេ​។ ​ការ​ប្រកាស​របស់​លោក​ សម​ រង្ស៊ី​ នៅ​ថ្ងៃ​នេះ ​គឺ​ជួន​ចំពេល​ដែល​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ប្រជុំ​គ្នា​ដាក់​បញ្ចូល​របៀប​វារៈ​នៃការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ជា​ការ​ប្រញ៉ាប់​ដាក់​ទៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​នៅសប្តាហ៍​នេះ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំងមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។​

លោក សម រង្ស៊ី ពេលទៅដល់​ទីក្រុង​អាត្លង់តា សហរដ្ឋ​អាមេរិក​
លោក សម រង្ស៊ី ពេលទៅដល់​ទីក្រុង​អាត្លង់តា សហរដ្ឋ​អាមេរិក​ @Sam Rangsy
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក ​លោក​ សម​ រង្ស៊ី ​អះអាងថា​ លោក​មិន​ត្រូវ​ការ​ឲ្យ ​លោក ​ហ៊ុន ​សែន ​ផ្តល់​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឲ្យ​ពួក​លោក​វិញ​ទេ ​ដរាបណា ​លោក ​កឹម​ សុខា​ ដែល​ជាប្រធាន​គណបក្ស​សង្គ្រោះជាតិ ​មិនទាន់​បាន​ទទួល​សេរីភាព​ពេញ​លេញ​នៅ​ឡើយ​។ ​លើស​ពីនេះ​ទៀត​ ដរាបណា​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ ​មិនទាន់​បាន​ទម្លាក់​ចោល​នូវ​រាល់​ការ​ចោទ​ប្រកាន់មក​លើ ​លោក ​កឹម ​សុខា​។​ នេះបើ​តាម​ លោក​ សម​ រង្ស៊ី​។

លោក សម រង្ស៊ី ដែល​អះអាងថា លោក​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ បាន​គូសបញ្ជាក់ថា​ លោក​ស្គាល់​ច្បាស់ ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទាំង​ ១១៨​ រូប​នោះ ​ពីព្រោះអ្នក​ទាំងនោះ​បាន​ទទួល​តំណែង​របស់​ខ្លួន​ នៅពេល​ដែល​លោក ​សម​ រង្ស៊ី ​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​។

គួរ​កត់​សំគាល់​ថា ​ការ​ប្រកាស​របស់​ លោក​ សម​ រង្ស៊ី​ នៅ​ថ្ងៃទី​១១​ខែ​ធ្នូ​នេះ​ គឺ​ជួន​ចំ​ពេល​ដែល​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ​ប្រជុំ​គ្នា​ដាក់​បញ្ចូល​របៀប​វារៈ​នៃការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ជា​ការ​ប្រញ៉ាប់​ដាក់​ទៅ​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នៅថ្ងៃ​ទី​១៣ ​ខែធ្នូ ​ ដើម្បី​ពិភាក្សា​អនុម័ត្ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ​៤៥​ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​តាមសំណើ​របស់​តំណាងរាស្ត្រ​ចំនួន​ ៨៧រូប​ របស់​គណបក្ស​ប្រជាជន​កម្ពុជា។

​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដើម្បី​បើក​ផ្លូវ​ឲ្យ​មន្រ្តី​បក្សប្រឆាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​ ប៉ុន្តែ​លោក​ ឡេង​ ប៉េងឡុង​ អ្នកនាំ​ពាក្យ​រដ្ឋសភា ​បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ មិន​តម្រូវ​ចិត្ត​លោក ​សម​ រង្ស៊ី​ ទេ​ ហើយ​ថា​ ការ​បើក​ផ្លូវ​ធ្វើ​នយោបាយ​ឡើង​វិញ​ក៏មិន​សម្រាប់​អ្នក​នយោបាយ​ទាំង​១១៨​រូប​នោះដែរ​ ពោល​អាស្រ័យ​លើ​ក្រសួង​មហា​ផ្ទៃ​ និង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ​សែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ