អានតួអត្ថបទ
កម្ពុជា

ស៊ន សៀវម៉ី​ បំបែក​ឯតទគ្គកម្ម​ឲ្យ​កីឡា​កម្ពុជា​រយៈពេល​ជាង​៤​ទសវត្សរ៍​

កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានកែប្រែ​ប្រវត្តិសាស្ត្រកីឡា​កម្ពុជា​ចាប់តាំង​ពី៤៤​ឆ្នាំ ដោយ​កីឡា​ការិនី​រូប​នេះ​បាន​ឈ្នះ​មេដាយ​មាស​នៅ​ថ្ងៃសុក្រ​នេះ ​នៅ​ក្នុង​ការប្រកួត​​កីឡា​​អាស៊ី​លើក​ទី​១៧​ នៅ​ទីក្រុង​ Incheon​ ប្រទេស​កូរ៉េខាង​ត្បូង។ ការឈ្នះ​មេដាយ​មាស​ ដែល​​កម្ពុជា​មិន​ដែល​ធ្លាប់​មាន​នា​ពេល​នេះ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ឈរ​នៅ​លើ​ប្រទេស​​ជាង​២០​ក្នុ​ង​ តំបន់​​អាស៊ី ​ដែលមាន​ការ​ចូលរួម​ចំនួន​៤៥​ប្រទេស។ថ្នាក់​ដឹកនាំកីឡា​កម្ពុជា​​បាន​សម្តែង​មោទនភាព​​យ៉ាង​ខ្លាំង។

ស៊ន​សៀវម៉ី ពេលត្រៀមប្រកួត
ស៊ន​សៀវម៉ី ពេលត្រៀមប្រកួត Olympic
ផ្សាយពាណិជ្ជកម្ម

កីឡាការិនីតេក្វាន់ដូកម្ពុជាស៊ន សៀវម៉ី ទីបំផុតបានឈ្នះមេដាយមាស​នៅក្នុងការប្រកួតផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាការិនីអៀរ៉ង់ Rouhani Fatemeh នៅល្ងាចថ្ងៃសុក្រទី០៣តុលា នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ដោយទទួលបានពិន្ទុ ៧ទល់នឹង៤។​ ការឈ្នះ​មេដាយ​មាស​នៅ​ក្នុងការប្រកួតដ៏ធំ ដែលកម្ពុជាមិនដែលធ្លាប់ជួបប្រទះនេះ បានធ្វើឲ្យប្រទេស​កំពុង​អភិវឌ្ឍន៍ និងទន់ខ្សោយខាងកីឡាមួយនេះ មានឈ្មោះជាលើកដំបូងនៅលើតារាង​ចំណាត់​ថ្នាក់​នៃប្រវត្តិសាស្ត្រប្រកួតកីឡាអាស៊ី បន្ទាប់ពីរយៈពេលជាង៤ទសវត្ស។

កម្ពុជាបានឈរនៅលេខរៀងទី២៧ក្នុងចំណោម៤៥ជាតិសាសន៍ដែលចូលរួមប្រកួតដោយបានទទួលតែមេដាយមាសតែមួយនេះគត់ចាប់តាំងពីការប្រកួតពីថ្ងៃទី១៣កញ្ញាដល់ថ្ងៃទី៣តុលា។
កីឡាការិនី ស៊ន សៀវម៉ី អាយុ១៨ឆ្នាំ ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាម​បានឈ្នះ​ជាបន្តបន្ទាប់លើគូប្រកួត កីឡាការិនីមកពីប្រទេសអ៊ូបេគីស្ថាន Abdulla Eva Umida ដោយ​ពិន្ទុដាច់ ២៩ពិន្ទុទល់ ៧ សម្រាប់វគ្គជម្រុះដំបូង។ឈ្នះកីឡាការិនីហ្វីលីពីន Alora Kirstie Elaine ប្រផិតប្រផើយ ៦ទល់នឹង៥ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត។

ប៉ុន្មាននាទីបន្ទាប់ពីប្រកាសលទ្ធផលនៃការប្រកួតប្រិយមិតនៅតាមប្រព័ន្ធហ្វេសប៊ុកបានធ្វើអត្ថាធិប្បាយព្រោងព្រាត ខ្លះថាសៀវមី ជាវីរៈនារីកីឡាកម្ពុជា ខ្លះសរសេរពាក្យអបអរសាទរ ​និងខ្លះ​ទៀត​ប្រកូកប្រកាស​ឲ្យមានការទទួលឲ្យបានល្អនៅព្រលានយន្តហោះ ព្រមទាំង ចុច Like និង Shere ពីហ្វេសប៊ុក​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។

ដោយឡែក លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង្សជួន ណារ៉ុន ក៏បានជូនពរនិងលើកសរសើរ​កីឡាការិនី ស៊ន ដាវីន តាមហ្វេសប៊ុកជាបន្ទាន់ផងដែរ។ប្រតិភូកីឡាកម្ពុជាដែល​នៅទីក្រុង​Incheon អរកខិបកខុប ពីការបំបែកប្រវត្តិសាស្ត្រកីឡាខ្មែរនៅលើឆាកអន្តរជាតិនេះ។
ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធាន​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជាថ្លែងថា លោកមានក្តីរំភើបជាពន់ពេក ដោយលទ្ធផលបានដូចអ្វីដែល​បានគិតទុក មុនការប្រកួតគឺកម្ពុជាតាំងចិត្តយកមេដាយយ៉ាងហោចណាស់ក៏១​ដែរពីកីឡា​អាស៊ីនេះ។

កាលពីឆ្នាំ១៩៧០ មានតែកីឡាករប្រដាល់កម្ពុជាម្នាក់ប៉ុណ្ណោះដែលបានឈ្នះមេដាយប្រាក់១
ក្រោយពីនោះ កម្ពុជាមិនដែលឈ្នះមេដាយអ្វីទាំងអស់សូម្បីតែសំរិត១ក៏គ្មានដែរ។ យោង​តាមអនុក្រិត្យរបស់របស់រដ្ឋាភិបាល ជ័យលាភីមេដាយមាសកីឡាអាស៊ីត្រូវទទួលបាន
ប្រាក់​រង្វាន់ចំនួន ៨០លានរៀល( ប្រមាណជា២ម៉ឺនដុល្លារ)។

នេះមិនទាន់គិតពីការឧបត្ថមពីក្រុមហ៊ុនឯកជននានា ដែលបានសន្យាផ្តល់ការលើកទឹកចិត្ត​មុនការប្រកួតផង។ សូមបញ្ជាក់ថាកម្ពុជាបានបញ្ជូន៧វិញ្ញាសារទៅកូរ៉េខាងត្បូង មាន​អត្តពលិក​ប្រមាណ ២០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ