ក្រសួងការបរទេសកម្ពុជា ជឿថាថៃ នឹងសហការល្អជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់ការអតីតបក្សសង្គ្រោះជាតិ
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសៅរ៍នេះថា កម្ពុជា ជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាលថៃ នឹងសហការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋាភិបាលកម្ពុជា ដោយនឹងមិនអនុញ្ញាតឲ្យក្រុមរបស់លោក សម រង្ស៊ី ចូលក្នុងប្រទេសថៃនោះទេ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសនេះ គឺបន្ទាប់ពីលោកស្រី មូរ សុខហួរ និងមន្ត្រីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិផ្សេងទៀត បានអះអាងថា ពួកគេកំពុងតែចរចាជាមួយអាជ្ញាធរថៃ ដើម្បីបានចូលទឹកដីថៃ អមដំណើរលោកសម រង្ស៊ី និងពលករខ្មែរ ឆ្លងកាត់ព្រំដែនថៃមកកម្ពុជា នៅថ្ងៃទី ៩ខែវិច្ឆិកាខាងមុខ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៨
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងថា រាល់ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិ ដែលថាមានសង្ឃឹមអាចចរចាជាមួយនឹងអាជ្ញាធរថៃ ដើម្បីចូលក្នុងប្រទេសថៃនោះ គឺគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រតែប៉ុណ្ណោះ។ តាមលោក កុយ គួង រាល់ទំនាក់ទំនងការបរទេស គឺជាការធ្វើការរួមគ្នា រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល មិនមែនរវាងអ្នកនយោបាយនោះទេ។
ទោះបីជាមិនអាចដឹងពីការសម្រេចចិត្តពិតប្រាកដរបស់អាជ្ញាធរថៃ ប៉ុន្តែលោក កុយ គួង ជឿជាក់ថារដ្ឋាភិបាលថៃ នឹងមិនបណ្តោយឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ត្រូវល្អក់កករ ដោយសារតែចេតនាចង់ចូលស្រុកវិញរបស់លោក សម រង្ស៊ីនោះទេ។
សូមរម្លឹកជូនថា កាលពីសប្តាហ៍មុន លោកស្រី មូរ សុខហួរ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរថៃ ដាក់ឈ្មោះក្នុងបញ្ជីខ្មៅ ហាមឃាត់ មិនឲ្យចូលទឹកដីថៃ ព្រោះលោកស្រី គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ ក្នុងចំណោម ៩នាក់ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជា ចោទប្រកាន់ពីបទ «ឧបឃាត» ឬ ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្រោមផែនការវិលត្រលប់មកកម្ពុជាវិញ របស់លោកសម រង្ស៊ី នៅថ្ងៃទី ៩ខែវិច្ឆិកា។
ក្រសួងការបរទេសកម្ពុជា កាលពីខែមុន បានបញ្ជាក់ថា បានបញ្ជូនដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន ៩នាក់ រួមមានដូចជា លោក សម រង្ស៊ី និងភរិយាលោកស្រី ជូឡុង សូមូរ៉ា, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ចន្ទ័ឫទ្ធិ , លោក ហូរ វ៉ាន់, លោក ម៉ែន សុថាវរិន្រ្ទ, លោក នុត រំដួល និងលោក ឡុង រី ទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់។
ប៉ុន្តែនៅពេលថ្មីៗនេះ ក្រោយពីការមិនអនុញ្ញាតឲ្យលោកស្រី មូរ សុខហួរ ចូលក្នុងប្រទេសថៃ មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង បានចេញមកអះអាងជាបន្តបន្ទាប់ថា នេះគ្រាន់តែជាការហាមឃាត់បណ្តោះអាសន្នរបស់អាជ្ញាធរថៃ ហើយពួកគេជឿថា រដ្ឋាភិបាលស៊ីវិលថៃ នឹងយកចិត្តទុកដាក់លើកម្លាំងអ្នកប្រជាធិបតេយ្យ ហើយបើកផ្លូវឲ្យលោក សម រង្ស៊ី និងមន្ត្រីអតីតបក្សសង្គ្រោះជាតិ បានសម្រេចបំណង ក្នុងការប្រើប្រាស់ព្រំដែនថៃ ដើម្បីដឹកនាំពលករខ្មែរវិលចូលកម្ពុជាវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ