អានតួអត្ថបទ
កម្ពុជា-អ.ស.ប

អ.ស.ប បង្ហាញក្តីកង្វល់ចំពោះ“ការបំបិទសំឡេងដៃគូនយោបាយនៅកម្ពុជា”

ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃទី១៩ ខែ​មិថុនា បាន​បង្ហាញ​កង្វល់​របស់​ខ្លួន​ចំពោះ​និន្នាការ ​កើន​ឡើង​នៃ​ការ​គាប​សង្កត់​ដោយ​រដ្ឋាភិបាល​កម្ពុជាទៅ​លើ​មតិយោបល់​ផ្ទុយ​ពី​ខ្លួន​។ តែ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ហៅ​ការ​លើក​ឡើង​បែប​នេះ​ថា​ជា​ការ​បំភ្លៃ​ការ​ពិត​នៅ​កម្ពុជា​។

លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា
លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

“យើង​មាន​កង្វល់​អំពី​ការ​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ ដើម្បី​ដាក់​គោល​ដៅ​ទៅ​លើ ការ​និយាយ​ស្តី​ដោយ​សេរី ទាំង​តាម​អូហ្វ​ឡាញ(Offline)​ ទាំង​តាម​អនឡាញ(Online)” នេះ​ជាការលើក​ឡើង​របស់​លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​លោក ដាវីដ កាយ៉េ អ្នក​រាយការណ៍​ពិសេស​ស្តីពី​ការ​លើក​ស្ទួយ និង​ការពារ​សិទ្ធិ​សេរីភាព​នៃ​គំនិត និង​ការ​បញ្ចេញ​មតិ​។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ពី​ទី​ក្រុង​ហ្សឺណែវ នៅថ្ងៃទី​១៩ ខែ​មិថុនា អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទាំង​ពីរ​រូប​បាន​បញ្ជាក់​ថា ការ​រឹតត្បិត​ណា​មួយ​លើ​សេរីភាព​បញ្ចេញ​មតិ ឬ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ ត្រូវ​តែ​បាន​កំណត់​តាម​និយម​ន័យ​ចង្អៀត​មួយ​។

ជា​ការ​កត់​សម្គាល់​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​បង្ហាញ​ក្តី​បារម្ភ​របស់​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ឡើង បន្ទាប់​ពី​សមាជិក​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ជា​ច្រើន​រូប​ត្រូវ​បាន​អាជ្ញាធរ​ចោទ​សួរ កោះ​ហៅ ឬ​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្តុំ និង​ការ​អត្ថាធិប្បាយ​គាំទ្រ​អតីត​មេដឹក​នាំទាំង​ពីរ​រូប​របស់​គណបក្ស​ប្រឆាំង គឺ​លោក កឹម សុខា និង​លោក សម​ រង្ស៊ី។

ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​ក៏បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្តារ​និន្នាការ​ធ្លាក​ចុះ​នា​ពេល​បច្ចុប្បន្ន ក្នុង​ការ​ទទួល​បាន​សិទ្ធិ​នយោបាយ និង​សេរីភាព​ជា​មូល​ដ្ឋាន។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​ ​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បញ្ជាក់​ថា ដល់​ពេល​ដែល​រដ្ឋាភិបាល​ដឹក​នាំ​ឲ្យ​ផ្លាស់​ប្តូរ​វប្បធម៌​នយោបាយ​ទៅ​ជា​កិច្ច​សន្ទនា​មួយ ដែល​ផ្តោត​ទៅ​លើ​បញ្ហា​ជា​ជាង​ផ្តោត​ទៅ​លើ​បុគ្គល ដែល​ជា​វិធីសាស្ត្រ​មួយ​ធ្វើ​ឲ្យ​មាន​មូលដ្ឋាន​រឹង​មាំ​សម្រាប់​សន្តិភាព​យូរ​អង្វែង​។

លោក កត្តា អ៊ន ជា​សមាជិ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​នាំពាក្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រជាពល​រដ្ឋ​បាន​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដោយ​សេរី សេរី​រហូត​ដល់​ចង់​ហួស​ព្រំដែន​ទៅ​ទៀត​។ លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​តែង​តែ​ពិនិត្យ​មើល​ថា តើ​បុគ្គល​ណា ដែល​បំពាន​ច្បាប់ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​នោះ​ទេ​។

លោក​បញ្ជាក់​ថា​អ្វី​ដែល​លោក​ស្រី រ៉ូណា ស្មីត បាន​លើក​ឡើង​នេះ​គឺ​វាយ​ផ្ទុយ​ទៅ​នឹង​ទិដ្ឋភាព​នៅ​កម្ពុជា វា​ជាការ​វាយ​តម្លៃ​មិន​ត្រឹម​ត្រូវ វាជា​ការ​វាយ​តម្លៃ​តែ​មួយ​ជ្រុង និង​ជា​ការ​វាយ​តម្លៃ ដែល​មាន​ចារឹត​នយោបាយ​នៅ​ពី​ក្រោយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ