អានតួអត្ថបទ
កម្ពុជា

អាមេរិក​ប្រគល់​រូប​ចម្លាក់​ដែល​មាន​អាយុ​ជាង​១​ពាន់​ឆ្នាំ​មួយ​អង្គ​មក​ឲ្យ​កម្ពុជា​បន្ថែម​ទៀត​

រូបចម្លាក់​ទុ​រ​យោ​ធន៍ (DURYODHANA) ដែល​កម្ពុជា​បាន​បាត់​កាលពី​ឆ្នាំ១៩៧២ ត្រូវ​បាន​សហរដ្ឋអាមេរិក​ធ្វើ​ពិធី​ប្រគល់​មកឲ្យ​កម្ពុជា​វិញ កាលពី​ថ្ងៃទី៧ឧសភា​ម្សិល​មិ​ញ​នេះ នៅ​ក្នុង​ពិធី​មួយ ដែល​បាន​ធ្វើឡើង​នៅ​ឯ​បុរី​ញូយ៉ក​សហរដ្ឋអាមេរិក ដោយមាន​ការ​ចូលរួម​ពី​តំណាង​ភាគី​រដ្ឋាភិបាល​កម្ពុជា សហរដ្ឋអាមេរិក និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត។ គិត​ទាំង​រូបចម្លាក់​អង្គ​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រគល់​រូបចម្លាក់​ចំនួន៣​អង្គ​ហើយ​មកអោយ​កម្ពុជា​វិញ ក្រោម​កិច្ច​សហប្រតិបត្តិការ ការពារ​សម្បត្តិ​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ។

រូបចម្លាក់ទុរយោធន៍ (DURYODHANA)  ដែលអាមេរិកប្រគល់មកឲ្យកម្ពុជាវិញ។
រូបចម្លាក់ទុរយោធន៍ (DURYODHANA) ដែលអាមេរិកប្រគល់មកឲ្យកម្ពុជាវិញ។
ផ្សាយពាណិជ្ជកម្ម

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើ​ដំណើរ​ជាពិសេស​ទៅកាន់​សហរដ្ឋអាមេរិក​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ  ដើម្បី​ទទួលយក​រូបចម្លាក់​នេះ​ដោយផ្ទាល់ នៅក្រោម​ក្រសែភ្នែក​របស់​មន្ត្រី​សហរដ្ឋអាមេរិក លោក Preet Bharara រដ្ឋអាជ្ញា​ប្រចាំ​តំបន់​ភាគខាងត្បូង​ទីក្រុង​ញូវយ៉ក  តំណាង​ក្រសួង​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក  អង្គការ​យូណេស្កូ និង​តំណាង​សាលា​បារាំង​ចុង​បូព៌ា​ផងដែរ។  នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី៧ឧសភា។ 

សេចក្តីប្រកាស​បានអោយ​ដឹងថា គំនិត​ផ្តួចផ្តើម​នេះ គឺ​បានកើត​ចេញពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក ក្រោយពី​មាន​កិច្ចពិភាក្សា រវាង​លោក ច័ន្ទ តានី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោក Jeff Daigle ភារធារី​ស្តីទី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា។

ផ្តើមចេញពី​កិច្ចសហប្រតិបត្តិការ​នេះ ក្នុងនាម​រដ្ឋាភិបាល​ក​ម្ពុ​ជា  រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក កាលពី​ខែមេសា​ឆ្នាំ២០១២ បានសំរេច​ដាក់ពាក្យ​បណ្តឹងរដ្ឋប្បវេណី​ទៅកាន់​តុលាការ​សហព័ន្ធ​ដើម្បី​ទាមទារ​ឱ្យមាន​ការ​រិ​ប​អូស​រូបចម្លាក់​នេះ​មក​កម្ពុជា​វិញ។  បណ្តឹង​ដែល​បានធ្វើ​ឡើង ក្រោយពេល​ក្រុមហ៊ុន​លក់​វត្ថុ​បុរាណ Sotheby’s បាន​ដាក់អោយ​ដេញថ្លៃ នូវ​លក់​រូបចម្លាក់​ទុ​រ​យោ​ធន៍(DURYODHANA) នេះ នៅ​ខែមីនា ឆ្នាំ២០១១នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ឈ្មោះ​សប្តាហ៍​អាស៊ី។

ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ នៃ​សាលា​បារាំង​ចុង​បូព៌ា បាន​រកឃើញថា វត្ថុ​បូរាណ​នេះ​ជា​របស់​កម្ពុជា ដូច្នេះ​ការដាក់​ដេញថ្លៃ ដែល​កំណត់​ធ្វើ នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ត្រូវបាន​បញ្ឈប់​ទៅវិញ នៅពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​លិខិត​មួយ ទៅកាន់​ក្រុមហ៊ុន Sotheby’s ដោយ​ស្នើឱ្យ​ក្រុមហ៊ុន​នេះ ប្រគល់​រូបចម្លាក់​ទុ​រ​យោធ​ន៍ មកឱ្យ​កម្ពុជា​វិញ។ ដំណើរការ​នីតិវិធី​នៅ​តុលាការ បានធ្វើ​ឡើងជា​បន្តបន្ទាប់ និង​បានបញ្ចប់​នៅ​ខែធ្នូ ឆ្នាំ២០១៣ នៅពេលដែល​ក្រុមហ៊ុន​លក់​វត្ថុ​បុរាណ Sotheby’s សម្រេច​ប្រគល់​រូបចម្លាក់​ទុ​រ​យោ​ធន៍​នេះ មក​កម្ពុជា​វិញ។

រូបចម្លាក់​ទុ​រ​យោ​ធន៍ (DURYODHANA)  ដែលមាន​អាយុកាល​ជាង១ពាន់​ឆ្នាំ ត្រូវបាន​លួច​ចេញពី​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ១៩៧២ ពី​ប្រាសាទ​ចិន នៃ​រមណីយដ្ឋាន​កោះ​កេរ ដែលជា​ទីតាំង​បុរាណវិទ្យា ដ៏​ឆ្ងាយ​ដាច់ស្រយាល​មួយ នៅ​ភាគ​ខាងជើង នៃ​ប្រទេស ក្នុងអំឡុង​សង្គ្រាមស៊ីវិល រយៈពេល ២ ទសវត្ស​នៅ​កម្ពុជា ។ បើ​គិត​ទាំង​រូបចម្លាក់​នេះ​ទៀត អាមេរិក​បានប្រគល់​រូបចម្លាក់​ចំនួន៣ហើយ មកអោយ​កម្ពុជា​វិញ។

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​នឹងធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ អមដោយ​រូបចម្លាក់​ទុ​រ​យោធ​ន៍​ដែលមាន​អាយុ​ជាង១ពាន់​ឆ្នាំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ