អានតួអត្ថបទ
កម្ពុជា

អាមេរិក​ប្រកាស​កាត់​បន្ថយ​ជំនួយ​ដល់​កម្ពុជា​ដើម្បី​ឆ្លើយ​តប​ការ​បោះឆ្នោត​ព្រឹទ្ធសភា

២​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​នីតិកាលទី៤ សេតវិមាន​អាមេរិក នៅ​ថ្ងៃ​ទី​២៧​កុម្ភៈ ម្សិលមិញ​បាន​ប្រកាស​កាត់​បន្ថយ​ជំនួយ​ដល់​រដ្ឋាភិបាលកម្ពុជា​ដើម្បី​ឆ្លើយ​តប​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​មិន​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​។ តែ​សម្រាប់​អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា នេះ​គឺ​ជា​សិទ្ធិ​អាមេរិក។

សេតវិមាន​សហរដ្ឋ​អាមេរិក
សេតវិមាន​សហរដ្ឋ​អាមេរិក @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​សេតវិមាន​បាន​អះអាង​ថា ជំនួយ​ដែល​អាមេរិក​បាន​ប្រ​កា​ស​​កាត់​បន្ថយ និង​ផ្អាក​នោះ​រួមមាន ជំនួយ​ក្នុង​ផ្នែក​រតនាគារ ជំនួយ​ទៅ​កាន់​អង្គការ USAID កម្មវិធី​ជំនួយ​យោធា​អាមេរិក ដែល​មាន​គម្រោង​គាំទ្រ​ដល់​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ, ជំនួយ​ពង្រឹង​សមត្ថភាព​អាជ្ញាធរ​រដ្ឋាភិបាល​ក្នុង​តំបន់ និង​មន្ត្រី​យោធាកម្ពុជា រួមទាំង​ជំនួយ​ធំៗ​ជា​ច្រើន​ផ្សេង​ទៀត។

បើ​តាម​អាមេរិក​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នា​ពេល​នេះ ដើម្បី​ឆ្លើយតប​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥​កុម្ភៈ។ ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​អាមេរិក​យល់​ថា ធ្វើ​ឲ្យ​​លទ្ធិ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ។ នេះ​បើ​តាម​សេចក្ដីថ្លែង​ការណ៍​អាមេរិក។ ជាទូទៅ​ជំនួយ​អាមេរិក​ត្រូវ​បាន​កត់​សម្គាល់​ថា ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​នឹង​ដំណើរ​ការ​លទ្ធិប្រជាធិប​តេយ្យ។ ប្រតិកម្ម​របស់​រដ្ឋាភិបាល​អាមេរិក​នៅ​ពេល​នេះ មិន​សប្បាយ​ចិត្ត​ទៅនឹង​ការ​បោះឆ្នោត​ព្រឹទ្ធសភា គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​ផ្អាក​ផ្តល់​ទិដ្ឋា​ការ​ពិសេស​ដល់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។

ចំណែក​លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ពុធ​ទី​២៨​ខែ​កុម្ភៈ​នេះ​ថា អាមេរិក​ធ្វើអ្វី​ជា​សិទ្ធិ​របស់​គេ​ រដ្ឋាភិបាល​គ្មាន សិទ្ធិ​ចាប់​បង្ខំ​ឡើយ។ ទោះ​ជា​អាមេរិក​កាត់​បន្ថយ ឬ​ផ្អាក​ជំនួយ ក៏​នៅ​មាន​ប្រទេស​ផ្ដល់ ជំនួយ​ធំៗ​ជា​ច្រើន​ទៀត​ផ្ដល់​មក​កម្ពុជា។ ជាក់ស្ដែង​ការ​ផ្អាក​ជំនួយ​មក​គ.ជ.ប ពីសំណាក់​អាមេរិក គ.ជ.ប ទទួល​បាន​ជំនួយ​ពី​ប្រទេស​ដទៃ​លើសអាមេរិកទៀតផង។ នេះ​បើ​តាម​លោក​ សុខ ឥសាន ។

តែ​ទោះ​ជា​បែប​នេះ​ក្ដី​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដដែល​នោះ អាមេរិក​​បញ្ជាក់​​​ថា នឹង​បន្ត​គាំទ្រ លើ​គម្រោង​ផ្សេងៗ​ក្នុង​វិស័យ​សុខាភិបាល កសិកម្ម ការ​បោស​សម្អាតមីន ការ​លើក​កម្ពស់​វិស័យ​សង្គម​ស៊ីវិល និង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ក្នុងតំបន់។

តាម​អាមេរិក ជាង​កន្លះ​សតវត្ស​មក​នេះបាន​​ធ្វើ​ជា​ដៃ​គូអភិវឌ្ឍន៍​ជា​មួយ​កម្ពុជាដោយបាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ជាង ១ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប៉ុន្តែ​តាមរយៈ​ស្ថាន​ការ​នយោ​បាយ​ថ្មីៗ​នេះ កម្ពុជា​បាន​បង្ក​ក្តី​បារម្ភ​ជា​ខ្លាំង​ដល់​អាមេរិក។

ជា​ការ​កត់​សម្គាល់​នេះ​គឺជា​លើក​ទី៣ ដែល​អាមេរិក​ប្រកាស​កាត់​បន្ថយ និង​ផ្អាក​ជំនួយ​​លើ​វិស័យ​មួយ​ចំនួន បន្ទាប់​ពី​អាមេរិក​ប្រកាស​ផ្អាក​ជំនួយ​មក​កាន់​ស្ថាប័ន​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប និង​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដែលអាមេរិក​យល់​ថា មន្រ្តី​ទាំង​នោះ​បាន​រួម​ចំណែក​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ វិធាន​ការណ៍​ជា​បន្ត​បន្ទាប់​ធ្វើ​ឡើង​ក្រោយ​​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ អាមេរិក​ធ្លាប់​អះអាង​ថា នឹង​នៅ​តែ​បន្ត​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជាត​ទៅ​ទៀត​ ។ នឹង​ចាត់​វិធាន​ការ​បន្ថែម បើ​មាន​ការ​ចាំ​បាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ