អាមេរិកប្រកាសកាត់បន្ថយជំនួយដល់កម្ពុជាដើម្បីឆ្លើយតបការបោះឆ្នោតព្រឹទ្ធសភា
២ថ្ងៃក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកម្ពុជានីតិកាលទី៤ សេតវិមានអាមេរិក នៅថ្ងៃទី២៧កុម្ភៈ ម្សិលមិញបានប្រកាសកាត់បន្ថយជំនួយដល់រដ្ឋាភិបាលកម្ពុជាដើម្បីឆ្លើយតបការបោះឆ្នោតព្រឹទ្ធសភាដែលមិនមានគណបក្សប្រឆាំងចូលរួម។ តែសម្រាប់អ្នកនាំពាក្យគណបក្សកាន់អំណាចថា នេះគឺជាសិទ្ធិអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងសេចក្ដីថ្លែងការណ៍របស់សេតវិមានបានអះអាងថា ជំនួយដែលអាមេរិកបានប្រកាសកាត់បន្ថយ និងផ្អាកនោះរួមមាន ជំនួយក្នុងផ្នែករតនាគារ ជំនួយទៅកាន់អង្គការ USAID កម្មវិធីជំនួយយោធាអាមេរិក ដែលមានគម្រោងគាំទ្រដល់អគ្គនាយកដ្ឋានពន្ធដារ, ជំនួយពង្រឹងសមត្ថភាពអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ និងមន្ត្រីយោធាកម្ពុជា រួមទាំងជំនួយធំៗជាច្រើនផ្សេងទៀត។
បើតាមអាមេរិកអ្វីដែលខ្លួនបានធ្វើនាពេលនេះ ដើម្បីឆ្លើយតបការបោះឆ្នោតព្រឹទ្ធសភាដែលធ្វើឡើងកាលពីថ្ងៃទី២៥កុម្ភៈ។ ការបោះឆ្នោតព្រឹទ្ធសភាដែលអាមេរិកយល់ថា ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។ នេះបើតាមសេចក្ដីថ្លែងការណ៍អាមេរិក។ ជាទូទៅជំនួយអាមេរិកត្រូវបានកត់សម្គាល់ថា ធ្វើឡើងដើម្បីឆ្លើយតបនឹងដំណើរការលទ្ធិប្រជាធិបតេយ្យ។ ប្រតិកម្មរបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះ មិនសប្បាយចិត្តទៅនឹងការបោះឆ្នោតព្រឹទ្ធសភា គឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់ផ្អាកផ្តល់ទិដ្ឋាការពិសេសដល់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធទី២៨ខែកុម្ភៈនេះថា អាមេរិកធ្វើអ្វីជាសិទ្ធិរបស់គេ រដ្ឋាភិបាលគ្មាន សិទ្ធិចាប់បង្ខំឡើយ។ ទោះជាអាមេរិកកាត់បន្ថយ ឬផ្អាកជំនួយ ក៏នៅមានប្រទេសផ្ដល់ ជំនួយធំៗជាច្រើនទៀតផ្ដល់មកកម្ពុជា។ ជាក់ស្ដែងការផ្អាកជំនួយមកគ.ជ.ប ពីសំណាក់អាមេរិក គ.ជ.ប ទទួលបានជំនួយពីប្រទេសដទៃលើសអាមេរិកទៀតផង។ នេះបើតាមលោក សុខ ឥសាន ។
តែទោះជាបែបនេះក្ដីនៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ អាមេរិកបញ្ជាក់ថា នឹងបន្តគាំទ្រ លើគម្រោងផ្សេងៗក្នុងវិស័យសុខាភិបាល កសិកម្ម ការបោសសម្អាតមីន ការលើកកម្ពស់វិស័យសង្គមស៊ីវិល និងវិស័យសំខាន់ៗមួយចំនួនទៀតក្នុងតំបន់។
តាមអាមេរិក ជាងកន្លះសតវត្សមកនេះបានធ្វើជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាដោយបានផ្តល់ជំនួយឧបត្ថម្ភជាង ១ពាន់លានដុល្លារ ដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ច សង្គម និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែតាមរយៈស្ថានការនយោបាយថ្មីៗនេះ កម្ពុជាបានបង្កក្តីបារម្ភជាខ្លាំងដល់អាមេរិក។
ជាការកត់សម្គាល់នេះគឺជាលើកទី៣ ដែលអាមេរិកប្រកាសកាត់បន្ថយ និងផ្អាកជំនួយលើវិស័យមួយចំនួន បន្ទាប់ពីអាមេរិកប្រកាសផ្អាកជំនួយមកកាន់ស្ថាប័នជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងលែងផ្តល់ទិដ្ឋាការដល់មន្រ្តីរដ្ឋាភិបាលកម្ពុជាមួយចំនួនក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែលអាមេរិកយល់ថា មន្រ្តីទាំងនោះបានរួមចំណែកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ វិធានការណ៍ជាបន្តបន្ទាប់ធ្វើឡើងក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។ អាមេរិកធ្លាប់អះអាងថា នឹងនៅតែបន្តឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាតទៅទៀត ។ នឹងចាត់វិធានការបន្ថែម បើមានការចាំបាច់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ