ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

អង្គការ​សិទ្ធិមនុស្ស​អន្តរ​ជាតិ​បន្ត​បរិហារ​ពី​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

media  
លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក @សហការី

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Right Watch​បាន​បន្ត​បរិហារ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ជាថ្មីទៀត នៅ​ក្នុង​របាយការណ៍​ពិភពលោក​ឆ្នាំ​២០១៨​នេះ​។​ អង្គការ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញ៉ូវយក សហរដ្ឋ​អាមេរិក មួយ​នេះ​ បាន​រំលឹក​ឡើង​វិញ ពី​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គមស៊ីវិល​មួយចំនួន ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០១៧ ហើយ​ក៏ស្នើ​ឲ្យ​ប្រទេស​ជា​ភាគី​ពាក់ព័ន្ធ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​។​ ប៉ុន្តែមន្រ្តី​រដ្ឋាភិបាល​កម្ពុជា ឆ្លើយ​តប​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ​។

ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា កម្ពុជា​បង្រ្កាប​កម្ទេច​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណបក្ស​ប្រឆាំង អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Right Watch បាន​លើក​ឡើង​ថា លោក ហ៊ុន សែន បាន​ពង្រីក​ការ​បង្រ្កាប​កាន់តែ​ធំ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​។

ក្នុង​របាយការណ៍​ពិភពលោក​សម្រាប់ឆ្នាំ​២០១៨ ដែល​មាន​កំរាស់​៦៤៣​ទំព័រ​សម្រាប់​ប្រទេសចំនួន​៩០​នោះ ទាក់ទង​នឹង​កម្ពុជា Human Rights Watch បាន​រំលឹក​ថា ក្នុង​អំឡុងឆ្នាំ២០១៧ លោក ហ៊ុន សែន និង​មេដឹកនាំ​គណបក្ស​កាន់អំណាច​ផ្សេងទៀត បានគំរាម​ម្តងហើយម្តងទៀតថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត នោះ​សង្រ្គាម​ស៊ីវិល​នឹង​កើតឡើង​។ ហើយ​ក៏បាន​ព្រមានថា​នឹង​បង្រ្កាប​ដោយ​ហិង្សា​ទៅលើ​អ្នក​តវ៉ា​ឬ​ដែល​គេមើលឃើញថា​ជា​ទម្រង់​បដិវត្តន៍ពណ៌​។

បើតាម Human Right Watch នៅ​ក្នុងខែ​ឧសភា​ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ព្រមាន​កំចាត់​មនុស្សពី​១០០​ទៅ​២០០​នាក់ នៅ​ក្រោម​ហេតុផល​ដើម្បី​ការពារ​សន្តិសុខជាតិ ហើយ​ក៏បាន​ប្រាប់​ឲ្យគណបក្ស​ប្រឆាំង​ត្រៀម​ក្តាម​ឈូសផងដែរ​។

នៅថ្ងៃទី៣​ខែកញ្ញា​ក៏មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ ដោយថា​ក្បត់ជាតិ ហើយ​នៅថ្ងៃទី១៦​ខែវិច្ឆិកា តុលាការ​កំពូល​ដែលអង្គការ Human Right Watch បាន​ស្ថិត​ក្រោម​ការ​បញ្ជារបស់​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ចោលតែ​ម្តង ព្រមទាំង​ហាមឃាត់​សមាជិក​ជាន់ខ្ពស់​គណបក្ស​នេះ​១១៨​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​៥ឆ្នាំ។ ដោយ​សារ​​តែ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំមួយនេះ លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី នៃអង្គការ​ Human Right Watch បានចាត់​ទុកថា “ការ​បោះឆ្នោត​ក្នុង​ខែកក្កដា២០១៨ គ្មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះទេ”។

ក្រៅពី​បញ្ហា​គណបក្ស​ប្រឆាំង អង្គការ Human Right Watch ក៏បាន​រំលឹក​ឡើងវិញ ពីការ​ដក​ហូត​អាជ្ញា​ប័ណ្ណ​វិទ្យុ​ឯករាជ្យ​ចំនួន​៣ និង​ការ​បិទ​កាសែត ខាមបូឌា ដេលី ផងដែរ​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្ដរជាតិ​មួយ​នេះ ក៏​បាន​ស្នើ​ទៅ​បណ្ដា​ប្រទេស​ជា​ភាគី​ហត្ថលេខីនៃ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស ចូលរួម​ដាក់​ទណ្ឌកម្ម និង​មាន​វិធានការ​ចាំ​បាច់​នានា មក​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។

ប៉ុន្តែ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ទាត់​ចោល​របាយការណ៍នេះ ហើយ​បាន​បញ្ជាក់យ៉ាង​ខ្លី​ថា រាល់​ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​អន្តរជាតិ​មកលើ​រដ្ឋាភិបាល​កម្ពុជា​គឺ មិន​អាច​ទៅ​រួចនោះទេ​។ លោក​បាន​ហៅ​អ្នក​ស្នើទាំង​នោះថា​ជា“ពួកឧទាមក្រៅច្បាប់”​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ