ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT
កម្ពុជា

កម្ពុជា​​ប្រ​កាស​​ដក​​ហូត​​លិខិត​​ឆ្លង​​ដែន​​ការ​​ទូត​​ពី​​ជន​​បរទេស​​មក​​វិញ​​

media អតីតនាយករដ្ឋមន្ដ្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត @RFI

រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឲ្យ​​ដក​ហូត​​លិខិត​ឆ្លង​ដែន​ការ​ទូត​ ពី​​ទី​ប្រឹក្សា​ ឬ​ជំនួយ​​ការ​​ដែល​​ជា​ជន​បរទេស​​មក​​ប្រគល់​​ឲ្យ​​ក្រសួង​ជំនាញ​វិញ​ដើម្បី​​​មោឃ​ភាព​ចោល​។ ​ចំណាត់​ការ​បែប​នេះ ​ធ្វើ​ឡើង​​បន្ទាប់​ពី​មាន​ព័ត៌មាន​ផ្សាយ​ថា ​អតីត​​នាយក​រដ្ឋ​​មន្ដ្រី​​ថៃ ​លោក​ស្រី​ យីងឡាក់​ ស៊ីណាវ៉ាត​ កាន់​​លិខិត​​ឆ្លង​​ដែន​​ខ្មែរ​ និង​​ទំនង​​ជា​​បាន​​ប្រើ​​លិខិត​​ឆ្លង​​ដែន​​នេះ​ ដើម្បី​​ភៀស​​ខ្លួន​​ចេញ​​ពី​​ប្រទេស​​ថៃ​​កាល​ពី​​ឆ្នាំ​​២០១៧​​។​

យោងតាមសារាចរ​ចុះ​ថ្ងៃទី០៩​ខែ​មករាឆ្នាំ​២០១៩ ​រដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​បន្ថែម​ថា លិខិត​ឆ្លង​ដែន​ការទូត​របស់​កម្ពុជា​មិន​ត្រូវ​ផ្តល់​ជូនទី​ប្រឹក្សា​ ឬ​ជំនួយ​ការ​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើតឡើយ លើក​លែង​ករណី​ចាំ​បាច់។ ជាលិខិតឆ្លងដែន​ការទូត​ដែល​ធ្លាប់​ផ្តល់​ឲ្យ​ទីប្រឹក្សា​ ​របស់​ឥស្សរជន​នយោបាយជាន់​ខ្ពស់ ឬ​របស់​ក្រសួង​នានា។ រដ្ឋាភិបាល​បាន​ទុក​​ពេល​១ខែ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ប្រមូល​លិខិត​ឆ្លង​ដែន​ការទូត​ដែល​បាន​ផ្តល់​ជូន​ជន​បរទេស​កន្លងមកនោះ ​ប្រគល់​ទៅ​ក្រសួង​ការបរទេស ដើម្បីឲ្យ​​ក្រសួងនេះ​ធ្វើ​មោឃភាព​លិខិត​​ឆ្លង​ដែនទាំងនោះចោលវិញ។ នេះជាការ​គូសបញ្ជាក់​នៅ​ក្នុង​សារាចរ​ដដែល​។

គួរកត់​សំគាល់ថា ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជានៅពេលនេះ ធ្វើ​ឡើងបន្ទាប់ពី​មាន​ព័ត៌ផ្សាយថា​អតីត​នាយករដ្ឋ​មន្ដ្រី​ថៃ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ និង​ទំនង​ជា​បាន​ប្រើ​លិខិត​ឆ្លង​ដែន​នេះ ដើម្បី​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៧ ​ក្រោយពី​​តុលាការ​កំពូល​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​។

បើតាម​​សារព័ត៌មាន​ហុងកុង ​លោក​ស្រី យីងឡាក់ បាន​ចុះ​ឈ្មោះ​ជា​នាយក​ក្រុមហ៊ុន P.T Corporation ​នៅ​ហុងកុង កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៨​។ នៅ​ក្នុង​ឯកសារ​ចុះ​ឈ្មោះ​ដែល​មាន​ហត្ថលេខា​របស់​លោក​ស្រី យីងឡាក់ នោះ ចន្លោះ​បំពេញ​ត្រង់​ចំណុច​លិខិត​ឆ្លងដែន​ត្រូវ​បាន​ចុះ​ថា Kingdom of Cambodia ឬ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

តាំង​ពី​ថ្ងៃ​​បាត់​ខ្លួន​ពី​ប្រទេស​ថៃ​មក​ម្ល៉េះ សារព័ត៌មាន​ថៃ​បាន​ដាក់​ការ​សង្ស័យ​ថា កម្ពុជា​បាន​ជួយ​សម្រួល​ឲ្យ​លោក​ស្រីយីងឡាក់ ភៀស​ខ្លួនចេញ​ពី​ប្រទេស​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ