ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
កម្ពុជា

ថៅកែ​​រោងចក្រ​​ប្រកាស​ថា ​ប្រាក់ខែ​​​កម្មករ​ចាប់​ពី​​ខែ​មករា​ ទទួល​បាន​​ទាប​​បំផុត ​១៤៥ដុល្លារ រហូត​ដល់ ​២៥០​ដុល្លារ​

media  
កម្មករ​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​នា​ពេល​កន្លង​មក​ RFI/ Siv Channa

ខណៈ​ដែល​​រដ្ឋ​មន្ត្រី​ក្រសួង​​ការងារ ​បាន​ចេញ​​សេចក្តី​ណែ​នាំ​​ស្តី​ពី​​ការ​កំណត់​​ប្រាក់​​ឈ្នួល​​អប្បបរ​មា​រ​បស់​​កម្ម​ករ​​រោង​ចក្រ​​កាត់​ដេរ​សម្រាប់​​ឆ្នាំ​២០១៥ ​គឺ​​សមាគម​​រោងចក្រ​​កាត់​ដេរ​ GMAC​ ក៏​​បាន​ចេញ​​សេចក្តី​ប្រកាស​បូក​ស​រុប​​ប្រាក់​​ឈ្នួល​ដែល​​កម្មករ​​រោង​ចក្រ​​កាត់​ដេរ​ អាច​​នឹង​មាន​​សរុប​សម្រាប់​​ឆ្នាំ​២០១៥ ​មាន​​ចំនួន​​ទាប​​បំផុត ​១៤៥ ​ដុល្លារ ​ហើយ​​កម្មករ​​ដែល​​ធ្វើ​ការ​​យូរ​​ឆ្នាំ ​នឹង​​ទទួល​បាន​​ប្រាក់​ខែ​​រហូត​ដ​ល់ ​២៥០ ​ដុល្លារ​។ ​ពាក់​ព័ន្ធ​​នឹង​​ប្រាក់​ខែ​​កម្មករ​ នៅ​ពេល​នេះ​ សហជីព​នឹង​មិន​​ធ្វើ​​កូដ​កម្ម ​ឬ​​បាតុក​ម្ម ​តវ៉ា​​អ្វី​​នោះ​ទេ​។

ប្រាក់ខែ​អប្បបរមា​របស់​កម្មក​រ​រោងចក្រ​កាត់ដេរ ចាប់ពី​ខែមករា ឆ្នាំ២០១៥ តទៅ មាន​ចំនួន ១២៨ ដុល្លារ។ រីឯ​កម្មករ​សាកល្បង ធ្វើការ​រយៈពេល ៣ ខែ​ដំបូង ទទួលបាន ១២៣ ដុល្លារ។ ក្នុង​សេចក្តីណែនាំ ចុះ​ថ្ងៃទី១៧វិច្ឆិកា រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត​សំហេង ក៏បាន​ប្រាប់​ដល់​ថៅកែ​រោងចក្រ​សហគ្រាស ត្រូវ​បន្ត​ផ្តល់ប្រាក់​អត្ថប្រយោជន៍ផ្សេងៗ ឲ្យ​ដល់​កម្មករ​ដដែល រួមមាន៖ ប្រាក់​ធ្វើដំណើរ ប្រាក់​មក​ធ្វើ​ការងារ​ទៀងទាត់ ប្រាក់​បន្ថែម​ម៉ោង និង​ប្រាក់រង្វាន់​អតីតភាព​ការងារ ជាដើម។

ទន្ទឹមនឹង​សេចក្តីណែនាំ​របស់​រដ្ឋមន្ត្រី​ខាងលើ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ដែលជា​ក្រុម​ថៅកែ​រោងចក្រ​កាត់ដេរ ក៏​បានចេញ​សេចក្តីប្រកាស បូកសរុប​ប្រាក់​ឈ្នួល ដែល​កម្មករ​រោងចក្រ​កាត់ដេរ អាច​ទទួលបាន ចាប់ពី​ខែមករា ឆ្នាំ២០១៥ តទៅ។

តាម GMAC ប្រាក់​ឈ្នួល​ប្រចាំខែ​ទាប​បំផុត​លើ​មូលដ្ឋាន​ការងារ​ស្នូល ៨ ម៉ោង ក្នុង​មួយថ្ងៃ សម្រាប់​កម្មករ មាន​តួនាទី​ទាប​បំផុត គឺមាន​ចំនួន​ពី ១៤៥ ដុល្លារ ទៅ ១៥០ ដុល្លារ ទោះជា​អ្នក​បោសសំអាត ថែ​សួន អ្នកយាម អ្នក​ដេរ អ្នក​អ៊ុត ឬ​វេច​ខ្ចប់​ក៏ដោយ។

ក្នុង​សេចក្តីប្រកាស ជា​ភាសា​ខ្មែរ និង​អង់គ្លេស GMAC បានគិត​គូ​ថា ករណី​ធ្វើការ​ថែម​ម៉ោង ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត អតិបរមា ២ ម៉ោង ក្នុង​ថ្ងៃ បូក​ទាំង​ប្រាក់​ថ្លៃ​អាហារ​សម្រាប់​ការងារ​បន្ថែម​ម៉ោង ប្រាក់រង្វាន់​អតីតភាព​ការងារ ប្រាក់រង្វាន់​សម្រាប់​បរិ​មាណ​ផលិត ព្រមទាំង​ការធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ ជំងឺ​វិជ្ជាជីវៈ និង​ការធានា​រាប់​រ៉ង​សុខភាព គឺ​ចាប់ពី​ខែមករា ឆ្នាំ២០១៥ តទៅ កម្រិត​ប្រាក់​ឈ្នួល​ប្រចាំខែ សរុប​ដែល​កម្មករ អាចមាន​លទ្ធភាព​នឹង​ទទួលបាន គឺ​ចន្លោះ​ពី ២២៥ ដុល្លារ ទៅ ២៥០ ដុល្លារ។

តួលេខ​របស់ GMAC ដូច្នេះ ត្រូវបាន​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ចាត់ទុកថា ថៅកែ​រោងចក្រ ចង់​ឲ្យ​កម្មករ​ស្ងប់​អារម្មណ៍ កុំ​តវ៉ា​ឡើង​ប្រាក់ខែ ព្រោះថា ប្រាក់ខែ​នៅ​ឆ្នាំក្រោយ កម្មករ​អាច​ទទួលបាន​លើសពី​អ្វីដែល​កម្មករ ធ្លាប់​ទទួលបាន​ហើយ។

យ៉ាងណាក៏ដោយ លោក ប៉ាវ ស៊ីណា បញ្ជាក់ថា តាម​ការ​ស្ទាបស្ទង់​មតិ​កម្មករ បន្ទាប់ពី​រដ្ឋាភិបាល សម្រេច​ឡើង​ប្រាក់ខែ​គោល ១២៨ ដុល្លារ​រួចមក គឺ​កម្មករ​តាម​រោងចក្រ ហាក់ដូចជា​មិនមាន​ប្រតិកម្ម​ខ្លាំងក្លា​អ្វី​ទេ ទោះជា​ប្រាក់ខែ​នោះ ឡើង​មិន​ដល់​ចំណុច​ទាមទារ​ក៏ដោយ។

តាម​លោក​ប៉ាវ​ស៊ីណា សហជីព​កម្មករ នឹងមិន​ធ្វើ​កូដកម្ម ឬ​បាតុកម្ម ទាមទារ​ឡើង​ប្រាក់ខែ​អ្វី​ទៀត​ទេ តែ​សហជីព នឹង​ជជែក​ជាមួយ​ក្រុម​អ្នកបញ្ជា​ទិញ អំពី​រឿង​ប្រាក់ខែ​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ