ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
កម្ពុជា

អង្គការ​ WWF​៖ ​ជោគ​វាសនា​នៃ​ទន្លេ​មេគង្គ​ អាស្រ័យ​​លើ​ការ​សម្រេច​ចិត្ត​លើ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិ​សនី​

media  
ប្រជាពលរដ្ឋនិងសកម្មជនសិទ្ធិមនុស្សចូលរួមយុទ្ធនាការកុំឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីដនសាហុងនាពេលកន្លងមក។

មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ ឬ​អង្គការ WWF បានចេញ​ផ្សាយ​សេចក្ដីប្រកាស​ព័ត៌​មាន​​បន្ទាន់​​មួយ​ សម្ដែង​​ក្ដី​បារម្ភ​​អំពី​​គម្រោង​​ទំនប់​​វា​រី​​អគ្គិសនី​​នៅ​លើ​​ដង​​ទន្លេ​មេគង្គ​​ចំនួន​២​ ដែល​​អាច​​បង្ក​​ការ​បំផ្លាញ​​ដល់​​សន្តិសុខ​​ស្បៀង ​និង​​បង្ក​​គ្រោះ​ថ្នាក់​​ដល់​​សត្វ​​ផ្សោត​​ទន្លេ​មេគង្គ​​ដ៏​​កម្រ​។​ សេចក្ដី​ប្រកាស​​ព័ត៌មាន​​នេះ ​ចេញ​ផ្សាយ​​ស្រប​ពេល​​ដែល​ កិច្ច​ប្រជុំ​​គណៈ​កម្មការ​​ទន្លេ​មេគង្គ​ នឹង​ត្រូវ​​បើក​​ធ្វើ​​នៅ​​ទី​ក្រុង​​បាង​កក​ នា​​សប្ដាហ៍​​ក្រោយ​។​
 

គម្រោង​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ពីរ គឺ​ទំនប់​វា​រី​សា​យ៉ា​បូរី និង​ពិសេស​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង អាច​បង្ក​ការបំផ្លាញ​ដល់​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​ជាង៦០លាន​នាក់ និង​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ផ្សោត​ទន្លេមេគង្គ ដែលជា​ប្រភេទ​សត្វ​កម្រ និង​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ។ នេះ​ជា​ក្ដីបារម្ភ​របស់​អង្គការ WWF ដែល​បានបង្ហាញ​ឲ្យ​ដឹង ខណៈដែល​ប្រទេស​ចំនួន៤នៃ​ទន្លេមេគង្គ​ប៉ែក​ខាងក្រោម នឹងត្រូវ​ជួបប្រជុំគ្នា​នា​ថ្ងៃទី២៦ និង២៧មិថុនា​ខាងមុខនេះ នៅ​ទីក្រុង​បាងកក។

បើតាម​អង្គការ WWF កិច្ចប្រជុំ​រវាង​ប្រទេស​ចំនួន៤ គឺ​កម្ពុជា ឡាវ ថៃ និង​វៀតណាម ដែលជា​សមាជិក​នៅក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម នា​សប្ដាហ៍​ក្រោយនេះ ត្រូវតែ​បញ្ជៀ​ស​ឲ្យ​បាន​នូវ​ផលប្រយោជន៍​ឯកតោភាគី កុំ​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​ការគ្រប់គ្រង​រួមគ្នា​នូវ​ទន្លេ​ដ៏​ពិសិដ្ឋ​មួយ​នេះ។ ហើយ​ថា ជោគវាសនា​នៃ​ទន្លេមេគង្គ អាស្រ័យ​លើ​ការសម្រេចចិត្ត​លើ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី។

ប្រទេស​ឡាវ បានសម្រេច​កាលពី​ខែកញ្ញា ឆ្នាំ២០១៣ថា នឹង​បន្ត​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ដោយ​មិន​ឆ្លងកាត់​ការពិគ្រោះ​យោបល់​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ឡើយ។ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​ពីរ​ទៀត គឺ​ថៃ និង​វៀតណាម និង​សង្គម​ស៊ីវិល មាន​ជំហរ​ប្រហាក់ប្រហែលគ្នា​លើ​ប្រធានបទ «ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង» គឺ​ស្នើ​ឲ្យ​ភាគី​ឡាវ​បញ្ឈប់​ការសាងសង់​ទំនប់​ដែលមាន​ផលប៉ះពាល់​នេះ​សិន ដើម្បី​រង់ចាំ​ការសិក្សា​ឲ្យ​បាន​ល្អិតល្អន់។  

កន្លងមក ប្រជា​សហគមន៍​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង បានរៀបចំ​យុទ្ធនាការ​នៅតាម​បណ្ដោយ​ទន្លេមេគង្គ ដើម្បី​ជំទាស់​ទៅនឹង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង​នេះ​ផងដែរ។

សូមបញ្ជាក់ថា​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង​ដែលមាន​ថាមពល ២៦០មេ​ហ្គា​វ៉ា​ត់ មាន​ទីតាំង​ប្រមាណ​ជា២គីឡូម៉ែត្រ ពី​ព្រំ​ដែនកម្ពុជា-ឡាវ ក្នុង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ គឺជា​ទំនប់​មួយ​ក្នុងចំណោម​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ទាំង១២ ដែល​គ្រោង​សាងសង់​នៅ​តួ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ក្រោម។ របាយការណ៍​អង្គការ WWF បង្ហាញថា ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង អាច​បង្ក​ឲ្យ​មានការ​ខូចខាត​ជា​អចិន្ត្រៃយ៍​ដល់​ធនធាន​ជលផល​ដ៏​សម្បូរ​នៅក្នុង​អាង​ទន្លេមេគង្គ ដែលមាន​តម្លៃ​ចន្លោះ​ពី១ពាន់៤រយ​លាន​ដុល្លារ ដល់៣ពាន់៩រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ