អានតួអត្ថបទ
កម្ពុជា

យុវជន​មួយក្រុម​ត្រៀមលក្ខណៈ​ដើរ​ក្បួន​នៅ​ថ្ងៃអាទិត្យ​តវ៉ា​ការកំណត់​តម្លៃ​ទូរស័ព្ទ

ក្រុមយុវជន​មកពី​ផ្នែកផ្សេងៗគ្នា​បាន​ជួបជុំគ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​រៀបចំ​គំរោង​ដង្ហែ​​ញត្តិ​នៅ​​ថ្ងៃស្អែក ទៅកាន់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ប្រយោជន៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​និរាករណ៍​​​សេចក្តី​ប្រកាស​​កាល​ពីដើម​​សប្តាហ៍​​នេះ ស្តីពី​ការកំណត់​តម្លៃ​ទូរស័ព្ទ ដែល​ពួកគេ​យល់​ថា មានតម្លៃ​ថ្លៃ។ នៅថ្ងៃនេះ​ដែ​រ ក្រៅពី​ប្រមូលផ្តុំ​ការគាំទ្រ​ពី​យុវជន​និង​ប្រជា​ពលរដ្ឋ​​​ទូទៅ ពួកគេ​បាននាំគ្នា​លេងភ្លេង​កំសាន្ត​ដើម្បី​ជាការ​កំដរ​បរិយាកាស។

ក្រុម​យុវជនដែលប្រមូលគ្នានៅវត្តភ្នំ​​ដើម្បី​ដាក់​ញត្តិ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រុម​យុវជនដែលប្រមូលគ្នានៅវត្តភ្នំ​​ដើម្បី​ដាក់​ញត្តិ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍។ @rfi/channa
ផ្សាយពាណិជ្ជកម្ម

យុវជន​ប្រមាណ​ជា៥០នាក់​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​នៅ​វត្តភ្នំ ដើម្បី​រៀបចំ​ផែនការ​ដង្ហែ​​ក្បួន​របស់​ពួកគេ នៅ​ថ្ងៃស្អែក ទាមទារ​ឲ្យ​មានការ​បញ្ចុះតម្លៃ​ប្រើប្រាស់​សេវា
ទូរស័ព្ទ។ ហេង សំណាង តំណាង​ក្រុមយុវជន​ដែល​បាន​បង់ក​ក្រមា​ប៉ាក់​រូប​ទង់ជាតិ​កម្ពុជា​ផង​នោះ បាន​ឲ្យ​ដឹងថា ពួកគេ​នឹង​ត្រៀម​ញត្តិ​មួយ​ដាក់ជូនទៅ​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ឲ្យ​ចៅក្រសួង​នេះ​កំណត់​ថ្ងៃ​សេវា​អប្បបរមា​នៃ​ការប្រើប្រាស់​ទូរស័ព្ទ ចល័ត និង​អចល័ត​ដូច​កាលពីមុន ដែល​នេះ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អាច​ប្រើ​បានយូរអស់​ប្រាក់​តិច។ 

នៅក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍ និង​ទូរ​គម​នា​គម​ន៏ បាន​ថ្លែងថា ដោយសារ​តែមាន​ភាពមិន​ស្មោះត្រង់ ក្នុងការ​ប្រកួតប្រជែង រវាង​ក្រុមហ៊ុនទូរស័ព្ទ នៅក្នុង​ប្រទេស ដូច្នេះ​ទើប​មានការ​កំណត់​តម្លៃ​អប្បបរមា​នេះ។ ​លោក​រដ្ឋមន្ត្រី​បាន​លើក​ពី​មូលហេតុ​ចម្បង ៤យ៉ាង ដែល​បាន​រុញច្រាន ឲ្យ​មានការ​កំណត់​តម្លៃ​​អប្បបរមា​នេះ រួមមាន ទីមួយ គឺ​ដើម្បី​ទប់ស្កាត់​ការប្រកួតប្រជែង​មិន​ស្មោះត្រង់។ ទី​ពីរ ធានា​គុណភាព​សេវាកម្ម​ឲ្យ​មានការ​កើនឡើង។ ទី​បី ធ្វើ​ឲ្យ​តម្លៃ​មូលដ្ឋាន​មាន​លក្ខណៈ​សមរម្យ។ និង​ទី​បួន ធានា​ចំណូល​រដ្ឋ​ឲ្យ​មាន​ស្ថិរភាព ពីព្រោះ​រយៈ​ពេល​៥ឆ្នាំ​កន្លងមក ចំណូល​រដ្ឋ​ដែល​បានមកពី​វិស័យ​ទូរគមនាគមន៍​មានការ​ធ្លាក់ចុះ។

ក៏ប៉ុន្តែ​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី ត្រូវបាន​ច្រានចោល​ដោយ​ក្រុមយុវជន​នៅថ្ងៃនេះ
ថា​ពួកគេ​ក៏ដូចជា​អ្នកប្រើប្រាស់​ទូទាំងប្រទេស​មិនអាច​ទទួលយកបាន។ 

តំណាង​យុវជន​ដែល​នឹង​ត្រៀម​ដង្ហែ​​ញ​ត្តិ​នៅ​ថ្ងៃស្អែក លោក ហេង សំណាង បាន​ថ្លែងថា​ វា​​ជា​រឿង​មិន​សមរម្យ​នៅពេលដែល​រដ្ឋាភិបាល​ត​ម្លើ​ង​ថ្លៃ​ការហៅ​ទូរស័ព្ទ​នៅពេលនេះ។ ពេលដែល​យុវជន​រូបនេះ​ពិ​ព័ណ៌នា​ថា​សេដ្ឋកិច្ចកម្ពុជា​កំពង់​តែមាន​ការប្រែប្រួល ទំនិញ​ឡើងថ្លៃ ហើយ​បើ​ការប្រើប្រាស់​ទូរស័ព្ទ​ថ្លៃ​ទៀត​នោះ វា​ជា​បន្ទុក​មួយ​បន្ថែមទៀត​សម្រាប់​ភាពក្រីក្រ។ 

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី០៧ខែធ្នូ កន្លងទៅនេះ ទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្រេច​ដាក់​ឲ្យ​ដំណើរការ​នូវ សេចក្ដីប្រកាស​អន្តរក្រសួង រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយបាន​កំណត់​ឲ្យ​ក្រុមហ៊ុន​បំរើសេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា កំណត់​ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ យ៉ាងតិច​អប្បបរមា ៤.៥សេន ក្នុង​មួយ​នាទី និង​ក្រៅ​ប្រព័ន្ធ ៥.៩៥សេន ក្នុង​មួយ​នាទី ខណៈដែល​អត្រា​ជាវ​លេខ​ទូរស័ព្ទ បាន​ហក់​ឡើង រហូតដល់ ១៩លាន​លេខ។ ក៏ប៉ុន្តែ​ក្រុមយុវជន បានស្នើ​ឲ្យ​រដ្ឋាភិបាល​ទុក​សេចក្តី​សម្រេច​​នេះ​ជា​និរាករណ៍ នេះ​បើតាម​ខ្លឹមសារ​ញត្តិ ដែល​នឹ​ង​ត្រូវ​ដាក់ជូន​រដ្ឋាភិបាល​នៅ​ថ្ងៃ​ស្អែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ