អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​លុយ​របស់​ចិន​កំពុង​ផ្លាស់ប្ដូរ​សង្គម​កម្ពុជា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឥទ្ធិពល​របស់​ចិន​ ទាំង​ក្នុង​បរិបទ​នយោបាយ និង​ការវិនិយោគ​ បាន​​កើន​ឡើងខ្លាំង​​ក្នុង​សង្គម​កម្ពុជា។ កំណើន​ដែល​បាន​និង​កំពុង​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភថា សង្គម​មួយ​នេះ​កំពុង​ផ្លាស់​ប្ដូរ ម៉្យាង​​​ដោយ​ហេតុផល​ថា ជោគវាសនារបស់​កម្ពុជាកំពុង ​ពឹងផ្អែក​ខ្លាំង​ឡើង​ៗ​លើកណ្តាប់​ដៃ​ចិន និង​ម៉្យាង​​ដោយ​សារ​ការបារម្ភ​ថា ផលប្រយោជន៍​​នៃលុយ​​វិនិយោគ​របស់​ចិន​មិន​បាន​ផ្តល់​ផល​ច្រើន​ដល់​ប្រជាពលរដ្ឋកម្ពុជាសាមញ្ញ​ទូទៅ​នោះទេ។

ស្ត្រីជនជាតិខ្មែរ លើកដីចង្អុរបញ្ជារទិញគោម​តុបតែង​តាបបែប​ប្រពៃណី​ចិន។ ភ្នំពេញ​ថ្ងៃ​ទី ១១ ខែកុម្ភៈ ២០១៨
ស្ត្រីជនជាតិខ្មែរ លើកដីចង្អុរបញ្ជារទិញគោម​តុបតែង​តាបបែប​ប្រពៃណី​ចិន។ ភ្នំពេញ​ថ្ងៃ​ទី ១១ ខែកុម្ភៈ ២០១៨ TANG CHHIN Sothy / AFP
ផ្សាយពាណិជ្ជកម្ម

អត្តចរិតនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់ចិននៅបរទេស

ខុស​ពី​អត្តចរិត​នៃ​របៀប​ធ្វើការ​របស់​បស្ចិមលោក ចិន​មិនដែល​មាន​ជំនឿថា វាជាកិច្ចការរបស់ខ្លួននោះទេ ក្នុងការផ្លាស់ប្ដូរប្រព័ន្ធដឹកនាំនៃប្រទេសណាមួយ។ ពួកគេប្រាស្រ័យទាក់ទងជាមួយនឹងរដ្ឋាភិបាលដែលមានប្រព័ន្ធដឹកនាំផ្ទាល់ខ្លួន ហើយខិតខំទាញផលប្រយោជន៍ដែលពួកគេអាចធ្វើ​ទៅបាន។ ចិន​មិន​ដែល​ខ្វល់​ខ្វាយ​ថា ​ប្រទេសជាដៃគូ គោរពគោលការណ៍​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ ឬ​ស្ថាប័ន​​អភិបាលកិច្ច​ល្អ​ អ្វី​នោះ​ទេ សំខាន់​ឱ្យ​តែ​ខ្លួន​អាច​រក​ប្រាក់​ចំណូលចូល​ហោប៉ៅ​បាន។

គេអាច​នឹង​និយាយ​ថា ​ចិន​ជា​ប្រទេស​អាត្មានិយម ឬ​ក៏​ឆ្លាត ព្រម​គ្នា​។ អាត្មា​និយម​ព្រោះ​ ការស្វែងរក​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​របស់​ខ្លួន​ជា​គោល​ដៅ​ចម្បង។ រីឯ ឆ្លាត​ក៏​ថា​បាន ព្រោះ បើ​ទោះ​បីជា ចិន​ចង់​ផ្លាស់ប្ដូរ​ប្រព័ន្ធដឹកនាំ​​របស់ប្រទេស​ណាមួយឱ្យ​ប្រសើរ ក៏​ពួកគេ​មិន​សង្ឃឹម​ថា ​អាចធ្វើវា​បាន​សម្រេចនោះ​ដែរ។ ចិន​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​មេរៀន​ប្រវត្តិសាស្រ្ដ​របស់​បស្ចិម​លោក។ ​ក្រៅ​តែពី​អាច​ផ្លាស់ប្ដូរ​​ប្រទេស​ដែល​មានអរិយធម៌ក្មេងខ្ចី តួយ៉ាង ប្រទេសហ៊្វីជី (Fiji) និងវ៉ានូទូ (Vanuatu) បស្ចិម​លោក​បាន​បរាជ័យ​យ៉ាង​អាម៉ាស់​ជាមួយ​ប្រទេស​ដែល​មាន​ប្រវត្តិសាស្រ្ដ​ដ៏​យូរអង្វែង​ដូច​ជានៅ​អ៊ីរ៉ាក់ (Iraq) ឬ​អាហ្វហ្គានីស្ថាន (Afghanistan)។ ចុងក្រោយ​ ពួកគេ​មិន​ត្រឹម​តែ​មិន​បាន​ជួយ​ធ្វើ​ឱ្យប្រទេស​ទាំង​នោះ​ប្រសើរ​ឡើងទេ តែ​ថែម​ទាំងលំបាក​លំបិន​​ជាង​មុនទៅ​ទៀត។  

វិនិយោគិន​​ចិន​អាច​វិនិយោគលើ​គ្រប់​វិស័យ​ មិន​ថា វិស័យឧស្សាហកម្ម​ សេវាកម្ម ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និង​សូម្បី​តែ​ កាស៊ីណូ និងពេស្យាចារ្យ។ ប្រាកដ​ណាស់​ វិនិយោគគិនចិន​នៅបរទេស ជាពិសេស​ក្នុង​ប្រទេស​ក្រីក្រ ជារឿយៗ ត្រូវ​បានគេ​រិះគន់​អំពី ​ការវិនិយោគ​ដែលបង្កផលប៉ះពាល់​ដល់ ​ការ​រំលោភបំពានសិទ្ធិមនុស្ស ​បរិស្ថាន និង​ការ​ផ្តល់​សេវាកម្ម ឬ​ទំនិញគ្មាន​ស្ដង់ដារគុណភាព។

វត្តមាន និងការកើនឡើងឥទ្ធិពលរបស់ចិនក្នុងសង្គមកម្ពុជា

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ឥទ្ធិពល​របស់​ចិន​ក្នុង​ប្រទេស​កម្ពុជា​បាន​បន្ត​កើន​ឡើង ទាំង​ក្នុង​បរិបទ​នយោបាយ និងការ​វិនិយោគ។​ យោង​តាម​តួលេខ​ចុងក្រោយ បំណុល​របស់​ទីក្រុង​ប៉េកាំង​លើ​ប្រទេសកម្ពុជា​មាន​ប្រហែល ៤ពាន់លាន​ដុល្លារអាមេរិក គឺ​ស្មើប្រមាណជាង​ពាក់កណ្តាល​នៃ​បំណុល​សរុបរបស់​ប្រទេស​កម្ពុជា ឬ​ប្រហែល ២០ភាគរយនៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។ ភ្ញៀវទេស​ចរ​ចិនច្រើនជាង ១,២លាន​នាក់ បាន​មក​ទស្សនា​ប្រទេសកម្ពុជា កាល​ពី​ឆ្នាំ​មុន ហើយអាច​កើនឡើង​ដល់ ២លាននាក់​នៅ​ឆ្នាំ​២០២០។ ការវិនិយោគជារួម​បាន​កើនឡើង​ពី​ប្រមាណ ២០០លានដុល្លារអាមេរិក ដល់​ ៤,៨ពាន់លានដុល្លារអាមេរិក​ ត្រឹម​ចន្លោះឆ្នាំ២០១៥ និង​២០១៦។ ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត ទម្ងន់​នៃ​ការ​វិនិយោគ​របស់​ចិន​មាន​ទំហំ​ធំធេងណាស់។ ការ​វិនិយោគរបស់​ចិន​ក្នុង​ការ​សាងសង់​ផ្លូវ និង​ស្ពាន ដែល​ភាគច្រើន​ប្រើប្រាស់​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​​ជនជាតិចិន​ផ្ទាល់ តំណាង​ប្រមាណឲ្យ ៧០ភាគរយ និង​ប្រហែល​ជា ២០ភាគរយ​នៃ​ឆ្នេរសមុទ្រកម្ពុជា​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន។

នៅក្រុងព្រះសីហនុ ឯណោះវិញ របាយការណ៍ខ្លះបាន​ប៉ាន់ស្មាន​ថា ជនជាតិចិន មានប្រមាណជាង ២០ភាគរយនៃប្រជាជនសរុប។ ធៀបនឹងឆ្នាំ២០១៧ កំណើនឆ្នាំនេះបានកើនឡើងប្រហែល ១២៦ភាគរយ។ ការវិនិយោគ​ចិន​យ៉ាង​ច្រើន ជា​ពិសេស ក្នុងវិស័យ​អចលនទ្រព្យបាន​កំពុង​រីកដូច​ផ្សិត។ ទោះ​ជាយ៉ាង​ណា ការសាងសង់ទីក្រុងទំនើប និងមានតម្លៃថ្លៃ ទាំង​នោះ ត្រូវ​បាន​អ្នកជំនាញ​វាយ​តម្លៃថា មិន​ស័ក្តិសម​នឹង​​កម្រិតជីវភាព​របស់​ពលរដ្ឋកម្ពុជាជាទូទៅ​នោះ​ទេ តែវាសម្រាប់ជន​បរទេស​ដែល​មាន​លុយ​ច្រើន។ ទំនោរ​នេះ​បាន​និង​កំពុងធ្វើឱ្យ​ថ្លៃដី ទំនិញ សេវាកម្ម និង​វត្ថុធាតុដើម កើនឡើង​ហើយ​រុញច្រានឲ្យ​ម្ចាស់ស្រុក និង​អាជីវករ លក់​ផ្ទះ​របស់​ខ្លួន និងផ្លាស់ទីលំនៅទៅរស់នៅតំបន់ផ្សេង។ លើស​ពី​នេះ​ បើ​យោង​តាម របាយការណ៍ The China Daily ក្នុង​ចំណោម ក្រុម​ហ៊ុន​ទាំង១២១ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ក្រុងព្រះសីហនុ មាន​ក្រុមហ៊ុន​ចិនរហូត​ដល់​១០៤ និង​ក្រុមហ៊ុន​ផ្សេង​ជា​របស់​កម្ពុជា និង​ប្រទេស​ជឿន​លឿនដូចជា ជប៉ុន និង​សហរដ្ឋអាមេរិក។

តើ​វា​នឹ​ងមាន​ន័យ​យ៉ាង​ដូច​ម្ដេច នៅ​ពេល​ដែល​ប្រទេស​របស់​អ្នក​ពឹង​ផ្អែក​លើ​ចិន​កាន់​តែខ្លាំង?

បើ​ចិន​សើច អ្នក​ត្រូវ​សើច ហើយ​បើចិន​យំ អ្នក​នឹង​ត្រូវ​យំ។ ​មាន​ពេល​ខ្លះ អ្នក​ប្រហែល​ជា​ត្រូវ​និយាយ​ថា វា​ជា​សត្វសេះ បើទោះ​ជា​ អ្នក​មើល​ឃើញ​ថាវា​ជា​សត្វលា ​ក៏​ដោយ។ ទោះ​ជា​ រដ្ឋបាល​ទីក្រុង​ប៉េកាំងតែង​តែ​ប្រកាស​ជា​ដដែលៗ​អំពី​ “ការ​រីកចម្រើន​​ដោយ​សន្តិភាព និង​មិត្ត​ភាព” របស់​ចិន ក៏​គេ​ត្រូវ​ចងចាំ​ថា នៅ​ពេល​ដែល​ប្រជាជាតិ​មួយកាន់តែ​ខ្លាំង​ ប្រជាជាតិ​នោះ​នឹង​កាន់តែ​សកម្ម​ក្នុង​ការ​បញ្ចេញ​អាកប្បកិរិយា “ចូល​ចិត្ត ឬ​មិន​ចូល​ចិត្ត” ហើយនឹង​មិន​ខ្លាចព្រមាន​ការពារ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​របស់​ខ្លួនឡើយ។

ឥរិយាបថល្អបំផុតដើម្បីធ្វើការជាមួយចិន៖ បទពិសោធន៍ពិភពលោក

ប្រាកដ​ណាស់​ វឌ្ឍនភាពនៃការ​រីកចម្រើនសេដ្ឋកិច្ច​របស់​​ចិន បាន​និង​កំពុង​ក្លាយ​ជា​ប្រភពដ៏​ចម្បង ​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​ពិភពលោកទាំងមូល។ ចិន​ជា​មហាអំណាច​សេដ្ឋកិច្ចសាកល​​ធំបំផុតទីពីរ បើ​គិត​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប (Produit Intérieur Brut) និង​ធំបំផុត​ទីមួយ ផ្អែក​លើ​ ផលិត​ផលក្នុង​ស្រុក​សរុប​ដោយ​គិត​អំណាច​ទិញ (Produit Intérieur Brut de Pouvoir d’Achat)។​ គ្រាន់​តែ​ប្រជាជន​ចិន​ម្នាក់​ចំណាយ​ត្រឹមតែមួយដុល្លារក្នុង​មួយ​ថ្ងៃ ក៏​ការ​ចំណាយ​សរុបមាន​ដល់ជាង ១,៣ពាន់លាន​ដុល្លារទៅហើយ គឺ​វា​ស្មើ​ជាង ១០ភាគរយ​នៃ​ចំណូល​ដែល​កម្ពុជា​ខំរក​ក្នុងមួយ​ឆ្នាំ។ ពិភពលោក​ត្រូវ​ការទីផ្សារចិន ​ទោះ​ជាប្រទេសជឿន​លឿន មិនថា ​អាមេរិក កាណាដា ជប៉ុន និង​សហគមន៍អឺរ៉ុប ​ហើយ​កម្ពុជា​ក៏​ត្រូវការ​ទីផ្សារ​ចិន​​ដែរ។

យ៉ាង​ណា​មិញ គេ​មិន​អាចធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ពឹង​ផ្អែក​ខ្លាំង​ជ្រុលលើ​ប្រទេស​ណាមួយ​នោះ​ទេ ​ទោះជា​​ចិន​ ឬ​ប្រទេស​ដទៃ។ បើ​គេ​ដាក់​ស៊ុតរបស់​ខ្លួន​ក្នុង​កន្រ្ដក​តែមួយ ហើយ​ថ្ងៃ​ណាមួយដែល​កន្ត្រកនោះ​​ធ្លាក់បែក​ នោះ​គេនឹង​ខាត​បង់​ស៊ុត​នោះ​ទាំង​អស់​តែម្ដង។ លើស​ពី​នេះ យោង​តាម​បទពិសោធ​ន៍ពិភពលោក ប្រសិន​បើ​ ប្រព័ន្ធរដ្ឋបាលរបស់​ប្រទេស​មួយ​គ្មាន​ប្រសិទ្ធភាព​នោះទេ ប្រទេសនោះ​ក៏ពិបាក​នឹងទាញ​ផល​ប្រយោជន៍អ្វីជាដុំកំភួនអ្វី​ដែរ ​សម្រាប់​សង្គម​ ជា​ពិសេស​ សម្រាប់​ពលរដ្ឋសាមញ្ញទូទៅ​។ ចិន​មិន​ដែល​ខ្វល់​ខ្វាយ​ថា ​ការវិនិយោគ​របស់​ខ្លួន​នឹង​ផ្តល់​ផលវិជ្ជមាន ឬ​ផល​ប៉ះពាល់អ្វី​ដល់​អ្នក​ណា​ទេ សំខាន់​ឱ្យ​តែ​ខ្លួន​បាន​ចំណេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ