ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/06 12h00 GMT
កម្ពុជា

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ថា​កម្ពុជា​អាច​បន្ត​ខ្ចី​លុយ​ពី​បរទេស​ថែម​ទៀត​បាន

media

កម្ពុជា​នៅ​មាន​លទ្ធភាព​ច្រើន​ណាស់ ដែល​អាច​ខ្ចី​លុយ​យក​មក​អភិវឌ្ឍ​ប្រទេស​បាន ហើយ​បំណុល​បច្ចុប្បន្ន​របស់​កម្ពុជា​មិន​មាន​ហានិភ័យ​ខ្ពស់​ទេ។ នេះ​បើ​តាម​មន្ត្រី​បច្ចេក​ទេស​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានថ្លែង​នៅ​ក្នុង​វេទិកា​សាធារណៈនា​ថ្ងៃ​នេះ​។ ចំណែក​អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា​វិញ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះគំនិត​នេះ។

លោក ហាវ រតនៈ ប្រតិភូរាជ​រដ្ឋាភិ​បាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ថវិកា​បាន​ថ្លែង​ថា បើ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍ​លឿន​ជាង​នេះ​ទៀត រដ្ឋាភិបាល​អាច​ខ្ចី​ពី​បរទេស​ឲ្យ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​។ លោក​បន្ថែម​ថា​បំណុល​បច្ចុប្បន្ន​នេះ មិន​អាច​ឲ្យ​កម្ពុជា​វ័ណ្ឌករ​ទេ ហើយ​លើ​ពិភព​លោក​ប្រទេស​ណា​ក៏​ខ្ចីគេ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ដែរ។

មន្ត្រី​នៃ​ក្រសួង​សេដ្ឋ​កិច្ច​រូប​នេះ​បញ្ជាក់​ថា​បំណុល​បច្ចុប្បន្ន​នេះ​មាន​ចំនួន​៣៣​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​(ផសស) ហើយ​កម្ពុជា​អាច​ខ្ចី​រហូត​ដល់​៤០ភាគរយ​នៃ​ផសស​យ៉ាង​តិច​។

សូម​ជម្រាប​ជូន​ថា​គិត​ត្រឹម​ចុង​ឆ្នាំ​២០១៧ កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ឆ្នាំ​២០១៨​អាច​នឹង​កើន​ឡើង​ទៅ​ដល់​ប្រមាណ​៧,៨ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ បំណុល​ទាំង​នោះ​កម្ពុជា​បាន​ខ្ចី​ពី​ប្រទេស​ចិន ជប៉ុន កូរ៉េ និង​ពហុភាគី​ផ្សេង​ទៀត។

លោក វង្សី វិស្សុត រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា​កម្ពុជា​មិន​ហ៊ាន​ខ្ចី​បំណុល​ឲ្យលើស​ពី​ពេល​បច្ចុប្បន្ន​នេះ​ទេ ទោះ​បី​ជា​កម្ពុជា​នៅ​មាន​លទ្ធភាព​ច្រើន​ទៀត​ ដែល​អាច​ខ្ចី​បាន​ក៏​ដោយ​។ លោក​បន្ថែម​ថា​នេះ គឺ​ជា​វិធានការ​បង្ការ​មួយ ដើម្បី​ទប់​ស្កាត់​នៅ​ពេល​កម្ពុជា​មាន​វិបត្តិ ហើយ​ប្រសិន​បើ​កម្ពុជា​មាន​វិបត្តិ​មែន នោះ​កម្ពុជា​នៅ​សល់​លំហ​ក្នុង​ការ​យក​ប្រាក់​កម្ចី​ពីបរទេស ដើម្បី​ទប់​ស្កាត់​វិបត្តិ។

លោក ច័ន្ទ សុផល អ្នក​សិក្សា​ពី​សេដ្ឋកិច្ច​កម្ពុជា ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​របស់​ក្រសួង​សេដ្ឋកិច្ច​នា​ថ្ងៃ​ទី​១៥ ខែ​មករា បាន​បង្ហាញ​ការ​យល់​ឃើញ​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​ប្រាក់​ពី​បរទេស​បន្ថែម​ទៀត ព្រោះ​បើ​ធៀប​នឹង​លទ្ធភាព​សង​វិញ​គឺ​នៅ​មាន​សក្តានុពល។ លោក​បន្ថែម​ថា​បច្ចុប្បន្ន​នេះ​កម្ពុជា​ត្រូវ​ការ​ការ​វិនិយោគ​បន្ថែម​ទៀត ដោយ​សារ​កម្ពុជា​នៅ​ខ្វះខាត​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ ក៏ដូច​ជា​សេវា​ទឹក​ភ្លើង​ជា​ដើម។

តាម​ក្រសួង​សេដ្ឋកិច្ច ដើម្បី​គ្រប់​គ្រង​បំណុល​សាធារណៈ រដ្ឋាភិបាល​បាន​លើក​យក​គោលការណ៍​៤យ៉ាង គឺការ​ខ្ជី​ឥណទាន​ក្នុង​ទំហំ​សម​ស្រប​តាម​កម្លាំង​សេដ្ឋកិច្ច ខ្ចី​ឥណទាន​ដែល​មាន​ការ​អនុ​គ្រោះ​ខ្ពស់ ខ្ចី​សម្រាប់​វិស័យ​អាទិភាព និង​ប្រើប្រាស់​ឥណទាន​ដោយ​តម្លាភាព និង​គណនេយ្យភាព៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ