អានតួអត្ថបទ
កម្ពុជា

ខួបបក្ស១០ឆ្នាំ លោក ខឹម វាសនា សារភាព​ថា​មាន​កំហុស​ក្នុង​ការ​ជ្រើស​រើស​សមាជិក!

ថ្ងៃទី​២៦មិថុនា​២០១៦នេះ គឺ​ខួប​១០ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជា​ធិតេយ្យ​ ឬ​LDP។ ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​នេះ លោក ខឹម វាសនា ​ បាន​សារភាព​ថា​ខ្លួន​ពិត​ជា​មាន​កំហុស​ក្នុង​ការ​ជ្រើស​រើស​អនុប្រធាន​ ខុស​ដល់ទៅ​២ដង និង​សមាជិក​អចិន្ត្រៃយ៍​ផ្សេងទៀត។ ក៏ប៉ុន្តែ​ប្រមុខ​បក្ស​រូប​សញ្ញា​ជួងរូបនេះ​ មិន​សារភាព​ដាច់​ខាតថា ការ​ជេរ​របស់​លោកនាពេល​​កន្លងមក​ ថា​ជាកំហុស​នោះទេ។ លោកថែមទាំង​សរសើរថា ការ​ជេរ​របស់​លោកគឺ​ជា​ភាព​ខ្លាំង​ថែមទៀត​ផង។

@LDP Photo
ផ្សាយពាណិជ្ជកម្ម

 

ក្រៅ​ពី​​​បាន​ថ្លែង​សារភាព​ថា​ខ្លួន​ខុស​ពិត​មែន​ក្នុង​ជ្រើស​រើ​ស​មនុស្សមិន​​ត្រូវត្រឹម​​​នាពេល​កន្លងមក លោក ខឹម វាសនា បាន​ចាត់ទុកថា​នេះ​​ជា​បទពិសោធ ហើយ​លោកបាន​ស្នើ​ឲ្យ​អ្នក​គាំទ្រ​ជួយ​ពិនិត្យ​មើល​មនុស្ស​ដែល​ខ្លួន​បាន​ជ្រើសរើស​ផង។​ ក៏​ប៉ុន្តែ​ចំពោះ​ការ​ជេរ​គេវិញ ប្រមុខ​បក្ស ​LDP ប្រកាន់​​ជំហរ​រឹង​មាំ​ថា​ មិន​ខុស​ទេ ព្រោះ​លោក​ជេរ​មនុស្ស​ដែល​គួរ​​ជេរ ហើយ​វា​មាន​ដើម​ហេតុ​ដែល​នាំ​ឲ្យ​ក្រុម​របស់​លោក​ជេរ​ផងដែរ។ លើសពីនេះ ប្រធាន​បក្ស​ជួង បាន​ឲ្យដឹងថា ការ​ជេរ​របស់​លោក ធ្វើ​ឲ្យ​អ្នក​គាំទ្រពេញ​ចិត្ត​និង​ចូល​រួម​ថវិកាទ្រ​ទ្រង់​​បក្ស​ ប្រហែល​៧ទៅ​៨ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ខែទៀត​ផង​។ ច្រើន​ជាង​នេះ អ្នក​គាំទ្រLDP​ផ្សេង​ទៀត បាន​ទិញ​ឡាន​ម៉ាក់​ Mazda ២០១៦ថ្មី​ ជូន​លោក​ថែមទៀត។ បើ​តាម​លោក ខឹម វាសនា ទាំង​នេះ គឺជា​កាដូ​នៃ​ការ​ជេរ​របស់​លោក​។  

ទោះ​យ៉ាងនេះ​ក្តី អ្នក​នយោបាយ​វ័យ​៥១ឆ្នាំ​រូប​នេះ បាន​បង្ហើប​ថា​១០ឆ្នាំមកនេះ បក្ស​របស់​ខ្លួន​មាន​ឧបសគ្គ​៣សំខាន់ៗ​។ ទី១គឺ​បក្ស​កាន់​អំណាច​ដែល​ក្តាប់​អំណាច​ប្រមូលផ្តុំ ទី​២ បក្ស​សង្គ្រោះជាតិដែល​ចេះតែ​លាបពណ៌ ក្រុមសង្គមស៊ីវិលដែល​លម្អៀង​ និង​ក្រុមលាក់​ខ្លួន​ក្នុងសាសនា។ លោក​ពន្យល់ថា​ក្រុម​មនុស្ស​ទាំង​នេះ​ភាគ​ច្រើន​ជាអ្នក​ឆ្លៀត​ឱកាស​កេញ​ចំណេញ​លើ​ភាព​ឈឺចាប់​របស់​ប្រជា​ពលរដ្ឋ​។ ចំណែក​ឧបសគ្គ​ធំទី​៣ នោះ​គឺ​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង​តែម្តង ដែល​មិន​យល់​ពីសច្ចភាព​នៃ​ព្រះ​ធម៌ មិន​ខ្វល់​ពី​ន​​យោបាយ និង​មិន​យល់ពី​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ។

ដូច្នេះ​ហើយ ទើប​ក្នុង​ឱកាស​ខួប​១០ឆ្នាំរបស់​បក្ស​នេះ លោក ខឹម វាសនា ថាមិន​មាន​​ដាក់​ចេញ​គោល​នយោបាយ​ថ្មីអ្វីទេ! ប្រមុខ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​ គ្រាន់​បាន​ប្រាប់​ថា​នឹង​បន្តពង្រីង​សកម្មភាព​​ការងារ​ប្រចាំ​ថ្ងៃ​របស់​បក្ស​តទៅទៀត ដើម្បី​សម្រេច​បាន​នូវ​ការ​ដាក់​ចេញ​យន្តការ​៨ចំណុច​ កាត់​បន្ថយ​អំណាច​រដ្ឋ​ ឲ្យ​ពលរដ្ឋ​មាន​អំណាច​។ កាលណា​ពលរដ្ឋ​យល់ ឧបសគ្គ​ផ្សេងទៀត​អាច​បំបាក់​បា​នដោយ​ងាយ​។​ ចំណែក​​កិច្ច​ការ​ស្នូលរបស់​បក្ស​ជួង​នេះ ត្រូវ​បាន​លោក ខឹម វាសនា ពន្យល់ថា​​គឺការ​​​ផ្សាយ​វិទ្យុ​និង​ចុះ​ដើរ​ពន្យល់​ប្រជា​ពលរដ្ឋ ពី​ព្រះ​ធម៌ គោលការណ៍​ប្រជាធិតេយ្យ និង​របៀប​រស់​នៅ​ក្នុង​ភាពថ្លៃថ្នូរ​ជាមនុស្ស​ ព្រម​ទាំង​​លាង​ចម្រះ​ភាព​ល្ងង់​ខ្លៅ​ និង​ភាព​អសកម្ម​របស់​មនុស្ស​ខ្មែរ​ ហើយ​ផ្តល់​មូលដ្ឋាន​ក្នុង​ការ​ពិចារណា​។
 

ដោយ​ឡែក​ ចំពោះការ​ត្រៀម​ខ្លួន​សម្រាប់ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ប្រមុខ​បក្ស​ជួង​រូប​នេះ​បាន​ប្រាប់ថា LDP​បាន​រៀបចំ​សមាជិក​ឃុំ​សង្កាត់​បាន​១ភាគ៣​ហើយ។ ចំណែក​ចំពោះ​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់ការ​បោះឆ្នោត​ជាតិ​២០១៨វិញ លោក​នៅ​មិន​ទាន់​បង្ហើប​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ