អានតួអត្ថបទ
កម្ពុជា

ក្រសួង​សេដ្ឋកិច្ចអះអាង​ជា​ថ្មីពី​កំណើន​សេដ្ឋកិច្ច​រឹង​មាំ​ក្នុង​រង្វង់​៧% ​សម្រាប់​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ!

នៅ​ថ្ងៃនេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​បាន​ចេញ​​របាយការណ៍​វាយតម្លៃ​ស្ថានភាព​សេដ្ឋកិច្ច​ ជា​ផ្លូវ​ការ​ និង​ជា​លើក​ដំបូង​បំផុត។ នៅ​ក្នុង​បទ​​បង្ហាញ​ពីអ្នកជំនាញ និង​​សេដ្ឋវិទូ​វ័យ​​ក្មេង​របស់​ក្រសួង បាន​បន្ត​អះអាង​​ជាថ្មីទៀតថា ​សេដ្ឋកិច្ចកម្ពុជា នឹង​នៅតែបន្ត​​​មាន​​កំណើន​​រឹងមាំ​ ក្នុង​រង្វង់​៧% សម្រាប់​ឆ្នាំ២០១៦​នេះ និង​ឆ្នាំ២០១៧​ខាង​មុខ។ ទោះយ៉ាងណា​នេះក្តី ក្រសួង​បាន​​ទម្លាយ​ប្រាប់​ថា បញ្ហា​ក្នុង​វិស័យ​ឥណទាន​ ធនាគារ​និង​មីក្រូ​ហិរញ្ញវត្ថុ ព្រ​មទាំង​វិ​ស័យ​អចលនទ្រព្យ គឺ​មាន​ហានិភ័យ​ខ្លះ។ លើសពីនេះ ការ​ថម​ថយ​សេដ្ឋកិច្ច​នៅស្រុក​ចិន ក៏​ជះ​ឥទ្ធិពល​ដល់​កម្ពុជា​ផង​ដែរ។

RFI@HENG Oudom
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​អ្នក​ជំនាញ​​ហិរញ្ញវត្ថុមក​ពី​ស្ថាប័នអន្តរជាតិ​ធំៗ ដូចជា ធនាគារ​ពិភពលោក​World Bank, អង្គការ​រូបិយវត្ថុអន្តរជាតិ FMI, និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB ជា​ដើម, លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​ដោយ​មាន​មោទនភាព​ថា ពីមុនធ្លាប់​តែ​ស្ថាប័ន​អន្តរជាតិ​ជាអ្នក​វាយ​តម្លៃ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា តែ​នៅពេល​នេះ ក្រសួង​អាច​ចេញ​របាយការណ៍​វាយតម្លៃ​ ដោយ​ខ្លួន​ឯង​បាន​ហើយ​ និង​ថែម​ទាំងបាន​​បណ្តុះ​បណ្តាល​សេដ្ឋវិទូ​វ័យ​ក្មេង​ជា​ច្រើន​ថែមទៀត​។

 
ក្រៅ​ពី​លើកសរសើរស្ថាប័ន​របស់​ខ្លួន​​នេះ លោក វង្សី វិស្សុត បានប្រាប់​ពី​ការ​វាយ​តម្លៃចំពោះ​វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជាជា​ទូទៅ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៦នេះ​ ថា​មាន​កំណើន​រឹង​មាំ ហើយ​និង​រំពឹង​ថា​នឹង​បន្ត​រឹង​មាំ​​ទៅមុខ​ទៀត នៅឆ្នាំ​២០១៧។ លោក​បាន​ពន្យល់​បង្ហាញ​ពីវិស័យ​នីមួយៗ​ តាំង​ពី​វិស័យ​កាត់​ដេរ​ និង​សំណង់​ គឺ​នាំមុខ​គេ​ ហើយ​បើ​ទោះបី​វិស័យ​កសិកម្ម ទេសចរណ៍ និង​សេវា​កម្ម មាន​ការ​ថមថយ​បន្តិច​ក្តី ក៏​កំណើន​នៃ​វិស័យ​នាំចេញ អាច​ទប់​ទល់​នឹង​ការ​ថម​ថយ​នេះ​បាន ដែលអាច​​បណ្តាល​ឲ្យ​រក្សា​ទំហំ​កំណើន​សេដ្ឋកិច្ច​នៅ​រង្វង់​៧ភាគរយ​​។

ចំណែក​ក្នុង​វិស័យ​ពន្ធដារនិង​ពន្ធ​គយ តំណាង​ពី​​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុដដែល​​ បាន​សង្កត់​ធ្ងន់ថា​ ដោយសារតែ​​យុទ្ធសាស្ត្រប្រមូល​ពន្ធបាន​ត្រូវរឹង​បណ្តឹង​ ចំណូល​ពីការ​ប្រមូល​ពន្ធ គឺមាន​ការ​កើតឡើង ​លើសពី​ការ​រំពឹង​ទុក។ ពោល​គឺ​ការ​រំពឹង​ទុក​ត្រឹមតែ​១៧,៣៥% តែជាក់​ស្តែង បាន​កើន​ដល់ទៅ​១៨%ឯណោះ។

ទោះ​បី​ជា​ក្រសួង​តែងតែ​លើកសរសើរ​ពី​កិច្ច​ការ​និង​ការ​ខិត​ខំប្រឹង​របស់​ស្ថាប័ន​ខ្លួន​ក្តី ក៏​នៅ​ទីបំផុត​ក្រសួង​បាន​ទទួល​ស្គាល់​ពី​បញ្ហា​និង​ក្តីបារម្ភ​ខ្លះដែរ​។ នោះគឺក្នុង​វិស័យ​កម្ចីឥណទាន​ ធនាគារ​ និង​មីក្រូ​ហិរញ្ញវត្ថុ ព្រ​មទាំង​វិ​ស័យ​អចលនទ្រព្យ ដែល​បាន​កំពុង​តែ​មាន​ហានិភ័យ​ខ្លះៗ​។ លើស​ពីនេះ ក្រសួង​សេដ្ឋកិច្ច​ក៏​ទទួល​ស្គាល់​ដែរថា ការ​ធ្លាក់​ចុះ​​នៃ​សេដ្ឋកិច្ច​នៅស្រុក​ចិន ក៏​ជះ​ឥទ្ធិពល​ដល់​កម្ពុជាដែរ​​។ មិនតែប៉ុណ្ណោះ នៅ​មាន​ហានិភ័យ​រាយ​រង​ផ្សេងទៀត ដូចជាបញ្ហា​អាកាសធាតុ, ​ភាព​មិន​ច្បាស់នៃ​ទស្សនវិស័យ​របស់​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម, ការ​រឹង​បណ្តឹង​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​អាមេរិក, និង​ភាព​​តាន​តឹង​សកល តួយ៉ាង​ការចាក​​ចេញរបស់​អង់គ្លេសពី​សហភាព​អឺរ៉ុប​ ជា​ដើម បាន​​ជះឥទ្ធិពល ដល់​ស្ថានភាព​សេដ្ឋកិច្ច​ជាទូទៅ​របស់សលក​លោក មិនមែនតែ​ស្រុក​ខ្មែរនោះ​ទេ​។

ជា​ការ​សរុប​រួមនៅ​ចំពោះមុខ​តំណាង​ពី​ក្រសួង​ស្ថាប័ន​រដ្ឋ មន្ត្រីរាជការ ព្រមទាំង​អ្នក​សារព័ត៌មាន​ជាតិ​និងអន្តរជាតិ​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច លោក វង្សី វិស្សុត បាន​គូស​បញ្ជាក់ថា ស្ថានភាព​ជា​ទូទៅ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា គឺ​មិនមាន​បញ្ហាគួរ​ឲ្យ​បារម្ភ​ធ្ងន់​ធ្ងរ​នោះទេ តែការ​សំខាន់​ត្រូវតែ​ពង្រឹងការងារ ប្រឹង​ប្រែង​អនុវត្ត​សកម្មភាពជាក់​ស្តែង​ ព្រមទាំង​កែប្រែ​គោល​នយោបាយ​សេដ្ឋកិច្ច​ដែល​ជាម៉ាស៊ីន​ចាស់​ ឲ្យ​ដំណើរ​ការ​ល្អ​ឡើង​វិញ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ