អានតួអត្ថបទ
កម្ពជា

អ្នក​វិភាគ៖ ទស្សនកិច្ច​លោក ចន ឃែរី អាចមាន​ឥទ្ធិពល​លើ​នយោបាយ​ផ្ទៃ​ក្នុង​និង​ការ​បរទេស​របស់​កម្ពុជា

លោក ចន ឃែរី រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​អាមេរិក នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ពីរ​ថ្ងៃ នៅ​កម្ពុជា នៅ​ដើម​សប្ដាហ៍​ក្រោយ​​។ អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ដំណើរ​ទស្សន​កិច្ច​លោក ចន ឃែរី អាច​នឹង​មាន​ឥទ្ធិពល​លើ​នយោបាយ​ផ្ទៃ​ក្នុង ព្រម​ទាំង​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​។ ផ្ទុយ​ពី​នេះ មតិ​ខ្លះ​យល់​ថា អាមេរិក​ឬ​ប្រទេស​ណា​ក៏​ដោយ ពិបាក​នឹង​បញ្ជ្រាប​ឥទ្ធិពល​របស់​ខ្លួន​លើ​ប្រទេស​កម្ពុជា​ណាស់ ព្រោះ​កម្ពុជា មាន​អធិបតេយ្យ​ភាព​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​ប្រទេស​ដទៃ​​។​

លោកចន ឃែរី ប្រមុខ​ការ​ទូត​អាមេរិក​។
លោកចន ឃែរី ប្រមុខ​ការ​ទូត​អាមេរិក​។ Reuters/Brendan Smialowski/Pool
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​មន្ដ្រី​ការ​បរទេស​អាមេរិក លោក ចន ឃែរី (John Kerry) នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់ ២៦ ខែមករា ខាងមុខ​នេះ ដើម្បី​ជំរុញ​និង​ពង្រឹង នូ​វទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា លោក ចន ឃេរី នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា។ ក្រៅ​ពី​នេះ លោក ចន ឃេរី ក៏​មាន​គម្រោង​ជួប​ជាមួយ​នឹង​មន្រ្តី​គណបក្ស​ប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។

គួរ​កត់​សម្គាល់​ថា ជា​ការ​កត់​សម្គាល់ ដំណើរ​ទស្សនកិច្ច​របស់ លោក ចន ឃែរី មក​កាន់​កម្ពុជា ធ្វើ​ឡើង​តែ​មួយ​ខែ​ប៉ុណ្ណោះ មុន​ពេល​ដែល​ប្រធានាធិបតី​អាមេរិក ត្រូវ​ជួប​ជាមួយ​មេ​ដឹក​នាំ​ប្រទេស​សហគមន៍​អាស៊ាន នៅ​សហរដ្ឋ​អាមេរិក នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ខាង​មុន​។ ផ្អែក​តាម​របៀប​វារៈ​ទាំង​នេះ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​នយោបាយ បាន​ព្យាករណ៍​ថា ដំណើរ​ទស្សនកិច្ចរបស់ លោក ចន ឃែរី អាច​នឹង​មាន​ឥទ្ធិពល​លើ​នយោបាយ​ផ្ទៃ​ក្នុង ព្រម​ទាំង​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​។

សម្រាប់​នយោបាយ​ផ្ទៃ​ក្នុង​កម្ពុជា លោក អ៊ូ វីរៈ យល់​ថា ប្រមុខ​ការ​ទូត​អាមេរិក នឹង​ស្វែង​រក​ការ​សម្រប​សម្រួល​ណាមួយ រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ជំទាស់​នៃ​កម្ពុជា​ ខណៈ​ពេល​ដែល​គណបក្ស​ធំ​ជាង​គេ​ទាំង​ពីរ​​នេះ មាន​បញ្ហា​ជា​ច្រើន​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ឡើយ​​។ បញ្ហា​ដែល​មាន​ជា​អាថិ៍ ​ការ​ជាប់​ឃុំ​របស់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ពន្ធនាគារ ក៏​ដូច​ជា​រឿង​ក្ដី​ក្ដាំ​តាម​ផ្លូវ​តុលាការ ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

ដោយ​ឡែក សម្រាប់​នយោបាយ​ការ​បរទេស​វិញ ប្រធាន​វេទិកា​អនាគត អះអាង​ថា អាមេរិក​ត្រូវ​ការ​ឲ្យ​កម្ពុជា ឈប់​ដើរ​តួ​​ជា​ឧបករណ៍​របស់​ប្រទេស​ចិន។ បើ​តាម​លោក អ៊ូ វីរៈ ទំនាក់ទំនង​ជិត​ស្និទ្ធ​រវាង​កម្ពុជា និង​ចិន គឺ​ជា​ឧបសគ្គ​សម្រាប់​ឧបទ្វីប​អាស៊ី​អាគ្នេយ៍ និង​សហគមន៍​អាស៊ាន​។

ស្រដៀង​នឹង​ការ​លើក​ឡើង​របស់​លោក អ៊ូ វីរៈ ដែរ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច អះអាង​ពី​របៀប​វារៈ​នយោបាយ​ផ្ទៃ​ក្នុង និង​នយោបាយ​ការ​បរទេស ដែល​លោក ចន ឃែរី អាច​នឹង​លើក​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​សម្រាប់​សាស្ត្រាចារ្យ​រូប​នេះ អាមេរិក​ ពិបាក​នឹង​បញ្ជ្រាប​ឥទ្ធិពល​របស់​ខ្លួន​លើ​ប្រទេស​កម្ពុជា​ណាស់ ព្រោះ​កម្ពុជា មាន​អធិបតេយ្យ​ភាព​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​ប្រទេស​ដទៃ​​។ និង​ថា ការ​ជជែក​ក្នុង​នាម​ប្រទេស​ជា​មិត្ត គឺ​ជា​រឿង​មួយ។ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​នោះ គឺ​ស្ថិត​នៅ​លើ​កម្ពុជា​តែប៉ុណ្ណោះ។ នេះ​បើ​តាម​លោក សុខ ទូច​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ