ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
សេដ្ឋកិច្ច

របាយ​ការ​ណ៍ថ្មី​មួយ​ព្រ​មាន​ពី​កង្វះ​ទឹក​ចំពោះ​ប្រទេស​តំបន់​មេគង្គ​ដោយ​សារ​តែ​សង់​ទំនប់​អគ្គិ​សនី​

media ទឹកទន្លេមេគង្គរីងស្ងួតជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ @សហការី

របាយ​ការណ៍​ថ្មី​មួយ​នៅ​ដើម​ខែ​សីហា​នេះ​បង្ហាញ​ថា ​ ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​កាត់​ទន្លេ​​បាន​បង្ក​ជាផល​វិបាក​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​​នៅ​ជាប់​​ដង​ទន្លេ​មេគង្គ​ ជាពិសេស​គឺ​ខ្វះទឹក​​ប្រើ​​ប្រាស់​ និង​​ខ្វះ​ត្រី​បរិភោគ​។​​ ការ​ព្រមាន​នេះ​គឺ​​ស្រប​គ្នា​​នឹង​​គណៈ​កម្មការ​​ទន្លេ​​គង្គ​​(MRC)​ដែល​​បាន​ កត់​​សំគាល់​ថា​ អំឡុង​​រដូវ​​ទឹក​​ជំនន់​ក្នុង​​ខែ​​មិថុនា​​ដល់​​ខែ​កក្កដា​ គឺ​ទឹក​​ទន្លេ​​មេគង្គ​បែរ​ជា​មាន​​កម្រិត​​ទាប​​បំផុត​ ដែល​​មិន​​ធ្លាប់​​មាន​​ក្នុង​​រយៈ​​ពេល​​២៧​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ។​

យោង​​តាម​​​របាយ​ការណ៍​​​ស្រាវ​​​ជ្រាវ​​​មួយ​ផ្សាយ​នៅលើ​​គេហទំព័រ ​​National​ geographic.com ​កាល​ពី​ថ្ងៃ​​ទី១​ខែសីហា ​អ្នក​ជំនាញលើក​ឡើង​ថា ​ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ និង​ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​កាត់​ទន្លេ​មេគង្គ​ ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ធ្វើ​កសិកម្ម​ និង​ការ​នេសាទ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្វះ​ត្រី​​បរិភោគ​​។​ ភាពរាំង​ស្ងួត​​នៅពេល​​ខាង​​មុខ​ នឹង​អាច​ប៉ះពាល់​ខ្លាំងជាង​កាលពី​ឆ្នាំ២០១៦​ទៅទៀត​ ស្រប​ពេល​ដែល​ភ្លើង​ឆេះព្រៃ​នៅជុំវិញ​បឹងទន្លេសាប​ក្នុង​ប្រទេសកម្ពុជា​ គឺប៉ះពាល់​ខ្លាំង​ដល់​ការ​ដាំដំណាំ ​និង​ការនេសាទ។​ នេះបើ​តាម​​របាយ​ការណ៍​ដដែល​។​​

សូមបញ្ជាក់ថា​ ទន្លេ​មេគង្គ​ហូរ​ចេញពី​ចំណុចខ្ពង់រាបទីបេប្រទេសចិន កាត់ប្រទេស មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង វៀតណាម ដែលជាប្រភពទឹក និងកន្លែង​នេសាទ​អាច​ចិញ្ចឹមមនុស្សជាង៦០លាននាក់។​

ប៉ុន្តែ​ប្រទេសចិនបានសាងសង់ទំនប់វារីអគ្គិសនីចំនួន១១កាត់ទន្លេមេគង្គ ដែលអ្នក​បរិស្ថាន​​បន្ទោសថា ជាមូលហេតុ​ចំបងធ្វើឱ្យប៉ះពាល់ឬ ខ្វះខាតទឹក​ប្រើប្រាស់​សម្រាប់​ប្រទេសនៅខ្សែទឹកខាងក្រោម។​

ជាឧទាហរណ៍ស្រាប់ ឡាវជាប្រទេសក្រីក្រមួយក្នុងតំបន់ កំពុងខ្វះទឹក មិនអាច​សម្រេច​ផែនការរបស់ខ្លួនឱ្យក្លាយជាអាងអគ្គិសនីនៅអាស៊ីអាគ្នេយ៍បានទេ ព្រោះពេលនេះ ឡាវសម្រេចបិទដំណើរការទំនប់វារីអគ្គិសនី៥០ដែលកសាងហើយ និងបិទ​ការ​ដ្ឋានកំពុងសាងសង់ទំបន់វារីអគ្គិសនីជាង៥០កន្លែងផ្សេងទៀត ដោយសារតែខ្វះទឹក។​

កាល​ពី​ថ្ងៃទី១៨ ​ខែ​កក្កដា គណៈកម្មការ​ទន្លេ​មេគង្គ​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ពីទី​ក្រុងវៀងចន្ទន៍ ប្រទេសឡាវ បាន​ឲ្យ​ដឹង​ថា​កម្ពស់​ទឹក​ទន្លេ​មេគង្គ​នា​ពេល​នេះ គឺ​ស្ថិត​ក្រោម​កម្រិត​ទាប​បំផុត ដែល​ធ្លាប់​កត់​ត្រា ។

ស្ថាន​ភាព​ទឹក ដែល​មាន​កម្រិត​ទាប​នេះ គឺ​គិត​ចាប់​ពី​ស្រុក​ឆាងសែន ​ភាគ​ខាង​ជើង​ប្រទេស​ថៃ មក​ខេត្ត​លួង​ព្រះបាង និង​ក្រុង​វៀង​ចន្ទន៍​របស់​ប្រទេស​ឡាវ ហើយ​បន្ត​ចុះ​មក​អ្នក​លឿង​ប្រទេស​កម្ពុជា​។ កម្ពស់​ទឹក​ទន្លេ​មេគង្គ ដែល​ហូរកាត់​តំបន់​ខាង​លើ​នេះ គឺ​ស្ថិត​ក្នុង​កម្រិត​ទាប​ជាង​កម្ពស់​ទឹក​កាល​ពីឆ្នាំ​១៩៩២ ដែល​កាល​ពេលនោះ​គឺ​ជា​កម្ពស់​ទឹក​ទាប​បំផុត​ក្នុង​ទន្លេ​មេគង្គ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ