អានតួអត្ថបទ
កម្ពជា

អ្នកនាំពាក្យ​ថា មតិ​របស់លោក សម រង្ស៊ី ចំពោះ គ.ជ.ប ថ្មី ជា«យុទ្ធសាស្ត្រ​នយោបាយ»

ថ្ងៃអាទិត្យ​នេះ ប្រតិកម្ម​បាន​ធ្លាក់​មកពី​អ្នកនាំពាក្យ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បន្ទាប់ពី​លោក សម រង្ស៊ី បាន​សរសេរ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​សុក្រ ដោយ​បង្ហាញ​អំពី​ការមិន​ទាន់​ទុកចិត្ត​ទាំងស្រុង​លើ គ.ជ.ប ថ្មី ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បានរួម​បង្កើត។

លោក​ពុទ្ធា ហង្ស អ្នកនាំពាក្យគ.ជ.ប
លោក​ពុទ្ធា ហង្ស អ្នកនាំពាក្យគ.ជ.ប ©ដឺលុច/RFI
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​សុក្រ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​តាម​យៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា៖ «បើ គ.ជ.ប. ត្រឹមត្រូវ​ជាង​មុន យ៉ាងតិច៦២នាក់ ជា​សមាជិក​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់បាន» សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី៦ ឆ្នាំ២០។

នៅ​ថ្ងៃអាទិត្យ​នេះ អ្នកនាំពាក្យ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ថ្លែងថា អ្នកនយោបាយ​តែងតែ​ប្រើ«យុទ្ធសាស្ត្រ»ដើម្បី​ឈ្នះ​គូប្រកួត។ ការណ៍​នេះ​ធ្វើឱ្យ​លោក ហង្ស ពុទ្ធា ចាត់ទុកថា សារ​របស់លោក សម រង្ស៊ី ជា«សម្ដី​យុទ្ធសាស្ត្រ​សម្រាប់​អ្នកនយោបាយ»។
ក្រោយ​ការបោះឆ្នោត​សភា ឆ្នាំ២០១៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី បានកើត​ឡើង​ដោយមាន​សមាសភាព៩រូប ក្នុងនោះ៤រូប​មកពី​គណបក្សកាន់អំណាច និង៤រូប​មកពី​គណបក្សប្រឆាំង ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ក្រោម​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ទាល់។ លោក ហង្ស ពុទ្ធា គឺជា​សមាសភាព​ទី៩ មកពី​សង្គម​ស៊ីវិល​កម្ពុជា។

«ទុកចិត្ត ឬ​មិន​ទុកចិត្ត គឺជា​ការគិត ហើយក៏​ជា​មតិយោបល់​ផ្ទាល់ខ្លួន»របស់លោក សម រង្ស៊ី។ នេះ​ជា​សម្ដី​របស់​អ្នកនាំពាក្យ​ឱ្យ គ.ជ.ប ដែល​បាន​គូសបញ្ជាក់​បន្ថែមថា សមាជិក​ទាំង​អស់នៃ គ.ជ.ប «ធ្វើការ​សម្រេចចិត្ត​រួមគ្នា (...) តាមច្បាប់ និង​កិច្ចព្រមព្រៀង​ដែល​គណបក្ស​ទាំងពីរ​បានធ្វើ​ជាមួយគ្នា»ដោយ«រក្សាបាន​នូវ​អព្យាក្រឹតភាព​របស់ខ្លួន» និង«កំពុងតែ​ដើរ​ក្នុង​ផ្លូវ​ឯករាជ្យ»។

ចំពោះ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) វិញ «ការងារ​ត្រូវការ​ការត្រួតពិនិត្យ និង​ការជំរុញ​ជានិច្ច ដើម្បីឱ្យ​ស្ថាប័ន​មួយ[មាន]ដំណើរការ​លើផ្លូវ​ត្រូវ»។ បើតាម លោក គល់ បញ្ញា អង្គការ​ខុមហ្វ្រែល​រប​ស់លោក កំពុង​ឃ្លាំមើល​ការជ្រើសរើស​មន្ត្រី​ឱ្យមក​បម្រើការ​នៅ​អគ្គលេខាធិការដ្ឋាន​រប​ស់ គ.ជ.ប ក៏ដូចជា​នៅតាម​ការិយាល័យ​របស់ គ.ជ.ប នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឱ្យដឹងថា អ្នកប្រតិបត្តិ​ទាំងឡាយ ត្រូវបាន​ជ្រើសរើស«តាម​នីតិវិធី​ត្រឹមត្រូវ​ឬ​អត់»។

លោក គល់ បញ្ញា យល់ស្រប​ថា «អ្នកនយោបាយ​មានមតិ​ភាគច្រើន​ដើម្បី​យក​ប្រៀប​ចំណេញ​ខាង​នយោបាយ»។ ទោះបីជា​យ៉ាងណាក៏ដោយ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លើកឡើង ថា គណបក្ស​សង្គ្រោះ​ជាតិ«មិនអាច​ដក​ការទទួលខុសត្រូវ»របស់ខ្លួន ចំពោះ​កូន​ដែល​បាន​បង្កើត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ