អានតួអត្ថបទ
កម្ពជា-ច្បាប់

ស្នងការ​ខេត្តបាត់​ដំបង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​រក​មុខ​ម្ចាស់​ហ្វេស​ប៊ុកTommy Angkor

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​រក​មុខ​ម្ចាស់​ហ្វេស​ប៊ុក​ឈ្មោះ Tommy Angkor បន្ទាប់​ពី​រូប​គេ​បាន​បរិហារ​ថា អាង​កំពីង​ពួយ​ត្រូវ​បាន​លក់​៩៩​ឆ្នាំ​ក្នុង​លេស​សម្បទាន។ ការ​ស្រាវ​ជ្រាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ ខេត្ត​បាត់ ដំបង ​បាន​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ខេត្ត​ស្វែង​រក​ម្ចាស់​ហ្វេស​ប៊ុក​ឈ្មោះTommy Angkor រូប​នេះ​មក​ផ្ដន្ទាទោស​ពី​បទ​បរិហាកេរ្តិ៍

រូបថតៈម្ចាស់ហ្វេសប៊ុកTommy Angkor ដែលសមត្ថកិច្ចខេត្តបាត់ដំបងកំពុងធ្វើការស្រាវជ្រាវ
រូបថតៈម្ចាស់ហ្វេសប៊ុកTommy Angkor ដែលសមត្ថកិច្ចខេត្តបាត់ដំបងកំពុងធ្វើការស្រាវជ្រាវ @facebook
ផ្សាយពាណិជ្ជកម្ម

ការ​ស្រាវ​ជ្រាវ​រក​មុខ​ម្ចាស់​ហ្វេស​ប៊ុកTommy Angkorដឹក​នាំលោក ស ថេត ស្នង​ការ​នគរ​បាលខេត្ត​បាត់​ដំបង។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៦​ឧសភា​នេះ លោក ស ថេត មិនបាន​បង្ហាញ​លទ្ធផល​អ្វី​ច្រើន​ទេ​ដោយ​លោក​គ្រាន់​តែ​អះ​អា​ង​ថា ស្ថិ​ត​នៅ​ក្នុង​ដំណាក់​កាល​នេះសមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​សិន មុន​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន។

នៅ​ក្នុង​លិខិត​របស់​មន្ទីរ​ធន​ធាន​ទឹក​និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​២៣​ឧសភា​បាន​ជម្រាប​ទៅ​កាន់​លោក​ស្នង​ការ​ខេត្ត​បាត់​ដំបង​ថា កាល​ដែល ម្ចាស់​ហ្វេស​ប៊ុកTommy Angkor ចោទ​ប្រកាន់​ថា អាងកំពីង​ពួយ​ត្រូវ​បាន​លក់​៩៩​ឆ្នាំ​ក្នុង​លេស​សម្បទាន​នេះ វា​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរដល់​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​រាជ​រដ្ឋាភិ​បាល។

លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​បាន​ថ្កោល​ទោស​ចំពោះ​ការលើក​ឡើង​របស់​ម្ចាស់​ហ្វេស​ប៊ុកTommy Angkor ដោយ​លោក​ចាត់​ទុក​ថា នេះ​ជា​ពាក្យ​សម្ដីបំភ្លៃ​និង​បោក​ប្រាស់​ដើម្បី​បំភ័ន្ត​មតិ​សាធារណៈ​ក្នុង​ចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​រដ្ឋាភិបាល។ក្រសួង​នឹង​ប្រគល់​ការ​ងារ​នេះ​ឲ្យ​ច្បាប់​ជា​អ្នក​ដោះស្រាយ​ចំពោះ​ម្ចាស់​ហ្វេស​ប៊ុក Tommy Angkor ។

បន្ថែម​ពី​លើ​ការ​លើក​ឡើង​របស់​លោក ចាន់ យុត្ថា វិដេ​អូ​របស់​ម្ចាស់​ហ្វេស​ប៊ុកTommy Angkor ដែល​បាន​ចោទ​ប្រកាន់​ដោយ​ត្រង់​ទៅ​កាន់​មន្ត្រី​ថា​ ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការលក់​អាង​​កំពីង​ពួយ នេះ​ក៏​ទទួល​បាន​ការ​ជម្រុញ​បន្ថែម​ពី​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាការ​លើម្ចាស់​ហ្វេស​ប៊ុកTommy Angkor។

បច្ចុប្បន្នភាព​នៃ​អាង​កំពីង​កំពួយ​បាន​បង្កើន​សមត្ថភាព​ស្តុក​ទឹក​បាន​ចំនួន​ពី​៧០​ទៅ​១០០​លាន​ម៉ែត្រ​គីប។ អាង​កំពីង​កំពួយ​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ស្រែ​ប្រាំង​និង​វស្សា​រាប់​ម៉ឺន​ហិកតា​របស់​កសិករ​ក្នង​ខេត្ត​បាត់​ដំបង ដោយ​រដូវ​ប្រាំង​ឆ្នាំ​នេះ​ស្រូវ​ប្រាំង​ជាង​២​ម៉ឺន​ហិកតា​ត្រូវ​ទទួល​ទឹក​ពី​អាង​កំពីង​កំពួយ។ បន្ថែម​ពី​លើ​នេះ​ទៀត​អាង​កំពីង​ពួយ​បាន​ជួយ​ទំនុក​បំរុង​ទឹក​ទៅដល់ ស្រុកបវិល ស្រុកមង្គលបុរី និង ក្រុងសេរីសោភ័ណ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ