អានតួអត្ថបទ
កម្ពជា

រដ្ឋមន្ត្រី​សុខាភិបាល៖ ​ស្រាពុល ​សម្លាប់​មនុស្ស​១៩​នាក់

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ជា​បន្ទាន់​នូវ​ការបរិភោគ​ស្រាស​ឬ​ស្រាថ្នាំ ដែល​ផលិត​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ។ ការ​អំពាវនាវ​របស់​លោក​បាន​ធ្វើឡើង ក្រោយ​ពេល​ដែល​មាន​ករណី​ពុល​ស្រាស​មួយ​ទៀត​បាន​កើត​ឡើង​នៅ​ខេត្ត​ក្រចេះ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រង​គ្រោះ។ 

ស្រាសពុល​សម្លាប់​មនុស្ស​១៩​នាក់ នៅ​កម្ពុជា
ស្រាសពុល​សម្លាប់​មនុស្ស​១៩​នាក់ នៅ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

ករណី​ពុល​ស្រា និង​ពុល​សាច់​សត្វ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​ខេត្ត​ក្រចេះ ​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​បាន​ចេញ​មក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋឈប់​ជា​បន្ទាន់ ​ការ​បរិភោគ​ស្រាស​ ឬ​ស្រាថ្នាំ ដែល​ផលិត​ដោយ​គ្មានការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ និង​ត្រូវ​បញ្ឈប់​ជាបន្ទាន់​ ​ការ​បរិភោគ​សាច់​សត្វ ដែល​ឈឺ​ឬ​ងាប់។ បើគេ​​នៅ​តែ​បន្ត​ហូប​ស្រាស​ឬ​ស្រាថ្នាំ និង​សាច់​សត្វ​ឈឺ ឬ​ងាប់ នោះ គេ​ពិតជា​​ឈឺ​ឬ​ស្លាប់ ​ជា​ពុំ​ខាន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ។

 
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែធ្នូ ម្សិលមិញនេះ មាន​ករណី​សង្ស័យ​ពុល​ស្រា​មួយ​ទៀត​កើត​ឡើង​នៅ​ក្នុង​ឃុំបុសលាវ ស្រុកចិត្របុរី ដោយ​ក្នុង​នោះ​មាន​ជន​រង​គ្រោះ​២​នាក់​ព្យាបាល​ នៅ​ក្នុង​ខេត្ត​ក្រចេះ និង​៣​នាក់​ត្រូវបាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត្រ​រាជធានី​ភ្នំពេញ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ក្នុង​​ករណី​សង្ស័យ​ពុល​ស្រា​ចំនួន​៥​ករណី ដែល​មាន​មនុស្ស​១៣​នាក់​ស្លាប់ ​ភាគ​ច្រើនគឺ​ជា​ករណី​ពុល​ស្រា​ពិត​មែន ដោយ​សារ​តែ​កម្រិត​មេតាណុល​លើស​កំណត់។

យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ឆ្នាំ​២០១៤ ដែល​ស្រាវ​ជ្រាវ​ចាប់​ពី​ឆ្នាំ​២០០៨ ដល់ឆ្នាំ​២០១០ បង្ហាញ​ថា បុរស​កម្ពុជា​ម្នាក់​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង បាន​ទទួល​ទាន​ជាតិ​អាល​កុល​សុទ្ធ​ជា​មធ្យមប្រមាណ៩.៦លីត្រ និង​នារី​ចាប់​ពី​អាយុ​១៥​ឆ្នាំ​ឡើង បាន​ទទួល​ទាន​ជាតិ​អាលកុល​សុទ្ធ​ជា​មធ្យម​ប្រមាណ១.៧លីត្រ។ បើ​ទោះ​បី​ជា​ពេល​នេះ​កម្ពុជា​បាន​កំណត់​យកពន្ធ​លើ​គ្រឿង​ស្រវឹង​ក៏​ដោយ ប៉ុន្តែ​កម្ពុជា​នៅ​មិនទាន់​មាន​ច្បាប់​ណា​មួយ​កំណត់​អាយុ​តិច​បំផុត​ក្នុង​ការ​សេព​គ្រឿង​ស្រវឹង​នៅ​ឡើយ​ទេ ដោយ​ច្បាប់​នេះ​កំពុងតែ​ស្ថិត​ក្នុង​សេចក្តី​ព្រាង​នៅ​ឡើយ។

លោក យ៉ង់ គីមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ ​និង​សន្តិភាព បាន​បង្ហាញ​ការ​យល់​ឃើញរបស់​លោក​ចំពោះ​ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថា ការ​អំពាវនាវ​របស់​ក្រសួង​មិន​អាច​ទប់ស្កាត់​ហានិយភ័យ​បាន​ទេ ហើយ​រឿង​សំខាន់​គឺ​ទាល់​តែ​រដ្ឋាភិបាល​មាន​គោល​នយោបាយ និង​ច្បាប់​គ្រប់​គ្រងគ្រឿង​ស្រវឹង ទើប​ធ្វើ​ឲ្យ​យន្ត​ការ​ទប់​ស្កាត់​មាន​ប្រសិទ្ធិភាព។

លោក​បាន​បន្ថែម​ថា​ច្បាប់​គ្រឿង​ស្រវឹង​ត្រូវ​បានបញ្ជូន​ទៅ​ដល់​គណៈរដ្ឋមន្ត្រី​កម្ពុជា ហើយ​បាន​គ្រោង​ដាក់​អនុម័ត​ដោយ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​នៅ​ខែ​កក្កដា កន្លង​ទៅ តែ​ត្រូវ​លុប​ចោល​វិញ។ លោកបញ្ជាក់ថា បើ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​លូកដៃ​ចូល​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាងច្បាប់​គ្រឿង​ស្រវឹង នោះ​ច្បាប់​នឹង​គ្មាន​ន័យ​អ្វី​ទាំង​អស់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ