អានតួអត្ថបទ
កម្ពជា

លោក អាឡិច នៅ​តែ​បន្ត​ស្វែង​រក​មធ្យោបាយ​ចូល​មក​កម្ពុជា​ខណៈ​សកម្មជន​ពីរ​រូប​ទៀត​ត្រូវ​បានចោទ​ប្រកាន់

ជាថ្មី​ទៀត ជំហរ​របស់​លោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន​ Alejandro Gonzalez Davidson ស្ថាបនិក ​អង្គការ​ចលនា​មាតា​ធម្មតា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បណ្ដេញ​ចេញកាល​ពី​ឆ្នាំ​មុន នៅ​តែ​បន្ត​ស្វែង​រក​មធ្យោបាយ​ផ្នែក​ច្បាប់​ដើម្បី​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​ តុលាការ​ជាមួយ​នឹងការ​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​ធ្វើ​ឲ្យ​ខូច​ខាត​ ទ្រព្យ​សម្បត្តិ។ ជំហរ​ជា​ថ្មី​របស់​ អាឡិច ធ្វើ​ឡើងបន្ទាប់​ពី​តុលាការ ខេត្ត​កោះកុង​បាន​ចោទ​ប្រកាន់​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ជា​ព្រះសង្ឃ​ចំនួន​ពីរ​អង្គ។

លោក Alejandro Gonzalez Davidson ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​(រូបខាងស្តាំ)​។
លោក Alejandro Gonzalez Davidson ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​(រូបខាងស្តាំ)​។ @ Facebook របស់លោក Alejandro Gonzalez Davidson
ផ្សាយពាណិជ្ជកម្ម

តុលាការ​ខេត្ត​កោះកុង​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ស្ថាបនិក​អង្គការ​ចលនា​មាតាធម្មតាជាតិ​ដែល​មាន​លោក អាឡិច ជា​ប្រធាន។ លោកអាឡិច ត្រូវ​បាន​ចោទ​ប្រកាន់​ថា សមគំនិត​ជាមួយ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ រួម​មាន​លោកសាន់ ម៉ាឡា លោកទ្រី សុវិគា និងលោកស៊ីម សំណាង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ២០១៥ និង​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។ បន្ទាប់​មក​ព្រះសង្ឃ​ពីរ​អង្គ​ដែល​ជា​សមាជិក​អង្គការ​មួយ​នេះ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។

ប្រឈម​នឹង​បញ្ហា​នេះលោក អាឡិច និងស្ថាប​និក​អង្គ​ការ​ចលនា​មាតា​ធម្មជាតិ​ដទៃ​ទៀត​នឹង​តតាំង​ផ្នែក​ច្បាប់​ជា​មួយ​តុលា​ការ។ សម្រាប់ អាឡិច គាត់​នៅ​តែ​រក្សា​ជំហរ​រក​គ្រប់​មធ្យោ​បាយ​ដើម្បី​បាន​ចូល​មក​កម្ពុជា​តាម​រយៈ​មេធាវី។ អាឡិច​លើក​ឡើង​ថា លោក​នឹង​ទាមទារ​សិទ្ធិ​ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​តុលា​ការ​តទល់​នឹង​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ទាំងនេះ​ដោយ​លោក​យល់​ថា ទាំងនេះ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​សង​សឹក​មក​លើ​រូប​លោក​ និង​សកម្មជន​ដទៃ​ទៀត​ដោយ​សារលោក​ធ្លាប់​ធ្វើយុទ្ធនាការ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ធម្មជាតិ​នៅ​កម្ពុជា។ កន្លង​មក​លោកខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា អាឡិចមិន​អាច​ចូល​កម្ពុជា​វិញ​បាន​ទេ​ដោយ​សារ​លោក​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ខ្មៅ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI លោកធន់ រដ្ឋា សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ​បានរិះ​គន់​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​កោះកុង​ថា ជា​ការ​បំបាក់​ស្មារតី​សកម្មជន​និង​ចង់​បិទ​អង្គការ​ចលនា​មាតា​ធម្មតា​ជាតិ​នេះ។ បច្ចុប្បន្ន​អង្គ​ការ​ចលនា​មាតា​ធម្មជាតិ​នៅ​សល់​សមាជិក​តែ​ប្រាំនាក់​ប៉ុណ្ណោះ។ លោកធន់ រដ្ឋា បន្តថា រហូត​មក​ពេល​នេះ​លោក​នៅ​មិន​ទាន់​ទទួល​បាន​លិខិតចោទ​ប្រកាន់​ផ្លូវ​ការ​ពី​តុលាការ​នៅ​ឡើយ​ចំពោះ​ករណី​ព្រះសង្ឃ​ពីរ​អង្គ​និង​លោក​អាឡិច។​

ដោយ​ឡែក​ទាក់​ទង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ព្រះសង្ឃ​ដែល​ជា​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ នាំឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាង ២០ស្ថាប័ន​កាល​ពី​ថ្ងៃ​ទី​១៤​កុម្ភៈ​បាន​ចេញ​លិខិត​ថ្កោលទោស​ចំណាត់​ការ​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​ទៅ​លើ​អង្គ​ការ​របស់​លោក​អាឡិច​និង​អង្គការ​ដទៃទៀត។ អង្គការ​ទាំង​នោះ​យល់​ថា ព្រះសង្ឃ​ទាំង​ពីរ​អង្គ​គ្មាន​អំណាច​សម្រេច​នៅ​ក្នុង​សកម្មភាពការងារ​របស់​អង្គ​ការ​មាតា​ធម្មតា​ជាតិ​ឡើយ។ ក្រុម​អង្គ​ការ​ក៏​បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​អនុញ្ញត្តឲ្យ​លោក​អាឡិច​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​ត​ទល់​នឹង​ការ​ចោទ​ប្រកាន់ទាំង​នេះ។

សូម​បញ្ជាក់​ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ រួម​មាន​លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កោះ​កុង​កាល​ពី​ថ្ងៃ​ទី​១៧​ខែសីហា​ឆ្នាំ​២០១៥ បន្ទាប់​ពី​ពួក​គេ​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​បូម​ខ្សាច់​ដែល​ត្រូវបាន​ចោទថា ជា​ការ​បូម​ខ្សាច់​ខុស​ច្បាប់​ក្នុង​ស្រុក​បទុម​សាគរ ខេត្ត​កោះ​កុង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ