អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​ប្រ​ឆាំង​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​របស់​ខ្លួន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ជាង​២០​នាក់​

អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិលមិញ​ ដោយ​បាន​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​សកម្ម​ជន​របស់​បក្ស​ប្រឆាំង​នេះ​ជា​បន្ត​បន្ទាប់​កើន​ឡើង​ដល់​ជាង​២០​នាក់​រាប់​ទាំង​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន​៦នាក់​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ។​ ការ​ចាប់​ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង​ទាំង​នេះ គឺ​ធ្វើ​ឡើង​ខណៈ​សកម្មជន​វ័យ​ក្មេង​ទាំង​នោះ​ប្រកាស​ទទួល​ស្វាគមន៍​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​៩​វិច្ឆិកា​ខាងមុខ​។

គណបក្សសង្រ្គោះជាតិពេលមិនទាន់រំលាយ
គណបក្សសង្រ្គោះជាតិពេលមិនទាន់រំលាយ @RFI
ផ្សាយពាណិជ្ជកម្ម

អតីត​គណ​បក្ស​សង្រ្គោះជាតិ​បាន​ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​ជា​បន្តបន្ទាប់​មក​នេះ​ថា ធ្វើ​ឡើង​តាម​តែ​ទំនើង​ចិត្ត ព្រោះ​គ្មាន​ដីកា​ពី​តុលាការ​ឡើយ​ចំពោះ ​សកម្មជន​៦​នាក់​ចុង​ក្រោយនេះ​។ ​ក្នុង​ចំណោម​សកម្មជន​ទាំង​៦​នាក់ ​ដែល​ទើប​ចាប់​ខ្លួន​ចុង​ក្រោយ​នេះ ក៏​មាន​ដែរ​ កញ្ញា យូ ចាន់ធានី ជា​អតីត​អ្នក​អាន​ព័ត៌មាន​ឲ្យ​ទំព័រ​ហ្វេស​ប៊ុក ​លោក សម រង្ស៊ី។ ការ​ចាប់​ខ្លួន​សកម្ម​នារី​វ័យ​ក្មេង​រូប​នេះ គឺធ្វើ​នៅពេល​ដែល​នាង​កំពុង​ធ្វើ​ការ​នៅក្នុង​ធនាគារ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។

គិត​ត្រឹម​ថ្ងៃទី​១៤​ខែ​កញ្ញា គឺ​មាន​សកម្មជន​របស់​បក្ស​ប្រឆាំង​យ៉ាង​ហោច​ណាស់​​ចំនួន​២៤​នាក់​ដែរ​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​ក្នុង​បទល្មើស​ប្រហាក់​ប្រហែល​គ្នា គឺ​ប្រឆាំង​នឹង​សាល​ដីកា​តុលា​ការ និង​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​។ ​ចំណាត់​ការ​របស់​អាជ្ញាធរ​បែបនេះ​ គឺបន្ទាប់​ពី​សកម្មជន​របស់​បក្ស​ប្រឆាំង​ទាំងនោះ បាន​ចេញ​មុខ​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ទៅ​ទទួល​លោក សម រង្ស៊ី ដែល​ប្រកាស​ថា​នឹង​មក​ដល់​កម្ពុជា​នៅថ្ងៃ​ទី​៩​វិច្ឆិកា​ខាងមុខ​។

អតីត​បក្ស​ប្រឆាំង​បាន​ហៅការ​ចំណាត់​ការ​នេះ​ថា​ធ្វើ​ឡើង​ដោយ​រំលោភ​បំពាន​ច្បាប់​ជាតិ និង​អន្តរជាតិ ដើម្បី​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​ហ៊ាន​តស៊ូ​ទាមទារ​សេរីភាព​។

យ៉ាងណា​ក៏ដោយ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​កន្លងមក​តែង​តែ​អះអាងថា​ចំណាត់​ការ​នានា​ប្រឆាំង​នឹង​មន្រ្តី​បក្ស​ប្រឆាំង​គឺ​ជាការ​អនុវត្ត​ច្បាប់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ