អានតួអត្ថបទ
កម្ពជា

ខួប​១២​ឆ្នាំ​របស់ ជា វិជ្ជា អ្នក​ចូល​រួម​ព្រមាន​ពី​ចលនា​មហាជន​វែក​មុខ​រក​ឃាតករ​ពិត​ជំនួស​រដ្ឋាភិបាល

សហ​ជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ជា​មុនី ប្អូនប្រុស​សព​លោក ​ ជា ​វិជ្ជា បានដាក់​កម្រងផ្កា​នៅ​ស្តូប​រូបសំណាក់​លោក​ ជា ​វិជ្ជា នៅ​ថ្ងៃ​សុ​​​​ក្រនេះ​ដើម្បី​រំលឹក​ខួប​ទី១២ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់។ ដូច​នៅ​រៀង​រាល់​ឆ្នាំ អ្នក​ចូល​រួម​ប្រមាណ ១០០ នាក់ដែល​រួមមាន​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​សហ​ជីព នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ស្វែង​រកមុខ​ឃាតករ បញ្ឈប់​អំពើហិង្សា​បាញ់សម្លាប់​កម្មករ និង​បញ្ឈប់​វប្បធម៌​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា។

លោក  ជា មុនី ប្អូន លោក ជា វិជ្ជា ថ្លែងក្នុង​ឱកាស​រំលឹក​ខួប​១២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បង​ប្រុស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២២​ខែ​មករា​ឆ្នាំ​២០១៦​នេះ
លោក ជា មុនី ប្អូន លោក ជា វិជ្ជា ថ្លែងក្នុង​ឱកាស​រំលឹក​ខួប​១២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បង​ប្រុស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២២​ខែ​មករា​ឆ្នាំ​២០១៦​នេះ @siv channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាស​នោះ​លោក ជា មុនី ព្រមាន​ថា ​ចលនា​មហាជន​នឹង​ងើប​ឡើង ទាម​ទារ​យុត្តិធម៌​ឲ្យ លោក ជា វិជ្ជា ក្នុង​ករណី​រដ្ឋាភិបាល​បន្ត​អូស​បន្លាយ​លើ​សំណុំ​រឿង​នេះ។ សំណុំ​រឿង​នេះ​កន្លងមក​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ស៊ើប ​អង្កេត​បី​លើក​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ២០១៥។ ប៉ុន្តែ​គណៈ​កម្មការ​ទាំង​ នេះ​បង្កើត​ឡើង​ហាក់​មិន​ទទួល​បាន​លទ្ធ​ផល​អ្វី​សោះ។ 

លោក ជា វិជ្ជា ជា​ថ្នាក់​ដឹក​នាំ​សហ​ជីព​មួយ​រូប ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក មាន​សកម្ម​ភាព​ខ្លាំង​ក្លា​នៅ​ក្នុង​ការ​តវ៉ា​ទាម​ទារ​ប្រាក់ខែ​ជូន​កម្មករ រហូត​បន្សល់​ទុក​កេរិ៍្ត​ឈ្មោះ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ថា​ជា​«វីរៈបាតុករ»។

មុន​ការ​បាញ់​សម្លាប់ លោក ជា វិជ្ជា ធ្លាប់​ទទួល​បាន​សារ​គំរាម​ច្រើន​ដង ឲ្យ​បញ្ឈប់​សកម្ម​ភាពតវ៉ា​និង​ការ​ទាម​ទារ​ជំនួសកម្មករ។ ប៉ុន្តែ​លោក​មិន​ស្តាប់​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន។ លុះ​មក​ដល់​ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤ លោក ជា វិជ្ជា ត្រូវ​ខ្មាន់​កាំ​ភ្លើង​មិន​ស្គាល់​មុខ បាញ់​ចំនួន​បី​គ្រាប់ បណ្តាល​ឱ្យ ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ដែល​លោក កំពុង​ឤន​កាសែត នៅ​ក្នុង តូប​លក់​កាសែតមួយ ជាប់​នឹង របង​វត្ត​លង្កា ក្នុង​ក្រុង​ភ្នំពេញ ។

ក្រោយពី ឃាតកម្ម​លើ​រូប​លោក ជា​វិជ្ជា​លោក ប៊ន សំណាង​ និង​លោក សុខ សំអឿន​ត្រូវ​បាន​តុលាការក្រុងភ្នំពេញ  កាលពីថ្ងៃទីមួយ ខែសីហា ឆ្នាំ ២០០៥ កាត់ឱ្យ ជាប់ពន្ធនាគារ ចំនួន ២០ឆ្នាំ ពីបទ ឃុបឃិត ប្រព្រឹត្ត អំពើឃាតកម្ម គិតទុកជាមុន លើរូបលោក ជា វិជ្ជា ប្រធាន សហជីព​សេ​រីកម្មករ​ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោយ​មក​ទៀត  ប៊ន សំណាង និង សុខ សំអឿន បានដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៍ ប្តឹង​ជំទាស់ សាលក្រម តុលាការក្រុងភ្នំពេញ ។ បើទោះជាមានមេធាវី សាក្សី និង អង្គការសិទ្ធិ​មនុស្ស ជាច្រើន បញ្ជាក់អំពី ភាពគ្មានទោសកំហុស របស់លោក ប៊ន សំណាង និង សុខ សំអឿន ក៏​កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០០៧ សាលាឧទ្ធរណ៍ បានចេញសាលដីកា សម្រេច ដម្កល់​សាលក្រម របស់តុលាការក្រុងភ្នំពេញ ដោយឱ្យ លោក ប៊ន សំណាង និង សុក សំអឿន ជាប់​ពន្ធនាគារបន្តហើយ នៅ​ចុង​ឆ្នាំ​២០១២​ សាលាឧទ្ធរណ៍​បាន​កំណត់​ឱ្យបុរសទាំងពីរ​ជាប់​ពន្ធនាគារ ម្នាក់​២០ឆ្នាំ​ឡើងវិញ។

ប៉ុន្តែ​ជិត​៥​ឆ្នាំ​ក្រោយ​ ការ​ឃុំ​ខ្លួន លោក ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​តុលា​ការ​កំពូលចេញ​សាល​ដីកា​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​វិញ កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ២០១៣។ ក្នុង​សនវការ​ជំនុំ​ជម្រះ​ ​តុលាការ​ពិនិត្យ​ឃើញ​ថា ការ​រក​កាំភ្លើង​ជា​វត្ថុ​តាង​សម្លាប់​ជន​រងគ្រោះ ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ការ​គូស​គំនូស​ព្រាង​មុខ​ឃាតក​រ ដែល​ចោទ​ទៅ​លើ លោក ប៊ន សំណាង មិន​ធ្វើ​ស្រប​តាម​នីតិវិធី មិន​អាច​យក​ជា​ការ​បាន ពិសេស​សាក្សី​សំខាន់ គឺជា​អ្នក​លក់​កាសែត អះអាង ​ថា ឈ្មោះ ប៊ន សំណាង និង សុខ សំអឿន មិន​មែន​ជា​ឃាតក​ពិត​ប្រាកដ​សម្លាប់លោក ជា វិជ្ជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ