អានតួអត្ថបទ
កម្ពុជា

កម្ពុជា លក់​ឥណ​ទាន​កាបូន​ដំបូង​បង្អស់ទៅ​ឲ្យ​ក្រុម​ហ៊ុន​ Disney

​​ក្រុម​ហ៊ុនឧស្សហកម្ម​ភាពយន្តដ៏ល្បី​នៅ​អាមេរិក គឺក្រុមហ៊ុន Disneyបាន​ទិញ​ Carbon Credits  ឬ​ឥណទាន​កាបូន ពីតំបន់ដែន​ជម្រក​សត្វ​ព្រៃ កែវ ​សីមា ក្នុង​ខេត្ត​មណ្ឌល​គិរី​។ នេះ​គឺ​ជា​ការ​ទិញ​ឥណទាន​កាបូនដំបូង​បង្អស់ ពី​​ប្រទេស​កម្ពុជា។ តាម​ការប៉ាន់​​ប្រមាណ​​ ការ​ទិញ​នេះគឺស្ថិត​ក្នុង​ត​ម្លៃទឹក​ប្រាក់ ជាង​២លាន​៦សែន​ដុល្លារ។ 

ព្រៃឈើ ដែល​ថត​ដោយ​ក្រុមការងារ​របស់ WCS
ព្រៃឈើ ដែល​ថត​ដោយ​ក្រុមការងារ​របស់ WCS @WCS
ផ្សាយពាណិជ្ជកម្ម

តើឥណទាន​កាបូន ​ ឬ Carbon Credits  គឺជាអ្វី? បើ​និយាយ​ឲ្យងាយ​យល់​ស្រួល​ស្តាប់​ ទៅ គឺជា​​ការ​ចូលរួម​ចំណែក​ទិញ​ឧស្ម័នជាតិ​ពុល ដែល​​ត្រូវ​​ព្រៃ​ឈើស្រូប​យកបាន​​។​ ​ គេ​យក​លុយ​ដែល​បាន​ពីការ​លក់​ឧស្ម័ន​​កាបូន​នេះ ​យក​ទៅ​ការពារ និង​​អភរិក្ស​​ព្រៃ​ឈើ​វិញ​។ ជា​ទូទៅ ក្រុម​ហ៊ុន​ដែល​មាន​ការ​បំពុល​បរិស្ថាន ឬ​បញ្ចេញ​ផ្សេង​ពុល​ច្រើន​ ឬក៏​ជា​ក្រុមហ៊ុន​ដែល​មាន​គម្រោង​ទទួល​ខុសត្រូវសង្គម Social Responsibility តែងតែទិញ​ឥណទាន​កាបូននេះ ដើម្បីជាការ​​ចូលរួម​ចំណែក​ការពារ​បរិស្ថាន និង​រក្សា​លំនឹង​បរិយាកាសក្នុង​ផែន​ដី​។

 
​​នៅពាក់ក​ណ្តាល​ឆ្នាំ២០១៦នេះ ក្រុម​ហ៊ុន Disney សម្រេច​ទិញ​​ឥណទាន​កាបូន ប្រមាណ​ជាង​៣៦ម៉ឺន Metric តោន គឺស្មើនឹងផ្ទៃ​ដីដែល​មាន​ព្រៃ​ឈើ​ ជាង​​៥ម៉ឺន​៥ពាន់​​ហិកតា ក្នុង​តំបន់ដែន​ជម្រក​សត្វ​ព្រៃ កែវ ​សីមា ​។

គួរជ្រាបថា​ ក្រុម​ហ៊ុន Disney និង​អង្គការសមាគមអភិរក្សសត្វព្រៃThe Wildlife Conservation Society (WCS) បាន​សហការ​ជាមួយ​​ អស់​ជាង៧០ឆ្នាំ​មកហើយ​។  ដោយ​តែ​​ការជួយ​​សម្រប​សម្រួល​របស់អង្គការមួយនេះ​ ​និង​ក្រសួង​បរិស្ថាន​,​ ក្រុម​ហ៊ុន Disney បាន​​សម្រេច​ចូលរួម​ចំណែក​ទិញ​ឧស្ម័ន​​កាបូនពី​តំបន់ដែន​ជម្រក​សត្វ​ព្រៃ កែវ ​សីមា ភាគ​ឥសានប្រទេស​កម្ពុជា​។ ​តំបន់អភិរក្ស​​នេះ មាន​ផ្ទៃ​ដី​សរុប​ជាង​៣០ម៉ឺន​ហិកតា ហើយ​បើ​តាម​ការ​វាយ​តម្លៃ​ គឺអាច​ស្រូប​យក​ឧស្ម័ន​កាបូន​ដល់ទៅ​១៤លាន​ Metric តោនឯណោះ។  

ចំពោះ​ទឹក​ប្រាក់​ដែល​មកពី​ការ​លក់​​ឧស្ម័ន​កាបូនក្នុងតំបន់​កែវ សីមា នេះ ត្រូវ​មន្ត្រីរបស់​អង្គការសមាគមអភិរក្សសត្វព្រៃ​ ពន្យល់ថា កញ្ចប់​ថវិកា​​ត្រូវ​បែក​ចែក​ជា​ច្រើន​ផ្នែក គឺ​មួយ​ផ្នែក​សម្រាប់​រដ្ឋាភិបាល ឬ​ក្រសួង​បរិស្ថាន ដើម្បីចំណាយ​លើ​កិច្ចការ​អភិរក្ស​ព្រៃឈើ ហើយកញ្ចប់​លុយ​ផ្នែក​ផ្សេងទៀត ត្រូវ​ផ្តល់​ដោយ​ផ្ទាល់​ទៅឲ្យ​​អង្គការបរិ​ស្ថាន​​និង​​ប្រជា​សហគមន៍​ដែល​ចុះធ្វើការ​ផ្ទាល់ក្នុង​ផ្នែក​បរិស្ថាន​​។ លក្ខខណ្ឌ​ចាំបាច់​នោះ គឺភាគីទាំងអស់ត្រូវ​ថែរក្សា​ព្រៃ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ជាដើម។ បើ​តាម​មន្ត្រី​របស់​អង្គការ​ WCS, ​គម្រោង​នេះ ​មានរយៈ​ពេល​២ឆ្នាំ ហើយ​ក្រសួង​បរិស្ថាន​នឹង​​សម្ពោធ​គ​ម្រោង​និង​ដាក់​ឲ្យ​ដំណើរ​ការ​ នៅ​ខែ​សីហាខាង​មុខ​នេះ​តែម្តង​​។

គួរ​ជម្រាប​ជូន​ដែរថា ក្រៅពី​​មានគម្រប​ព្រៃឈើ​ដ៏​​ច្រើន​ តំបន់​ដែន​ជម្រក​សត្វ​ព្រៃ កែវ ​សីមា ក៏​មាន​សត្វ​ព្រៃ​និងបក្សី​កម្រដែល​ជិត​ដាច់​​ពូជ ជាង​៦០ប្រភេទ​ផ្សេងទៀត​។ ដូចជា ស្វា​​កន្ទុយ​ស ដែល​មាន​ច្រើន​ សឹងតែ​ច្រើន​ជាងគេនៅ​លើពិភពលោក ហើយក៏​មាន​ដែរ សត្វ​ទោចថ្ពាល់​លឿង ឆ្មាព្រៃ ដំរីអាស៊ី និង​គោព្រៃ​ ជា​ដើម៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ