អានតួអត្ថបទ
កម្ពជា

សាលាក្ដី​​ខ្មែរ​​ក្រហម​​បន្ត​​សវនាការ​​លើ​​បណ្ដឹង​​សារទុក្ខ​​ជន​​ជាប់​​ចោទ នួន ជា និង​ខៀវ សំផន

តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ព្រឹក​ថ្ងៃទី​១៦​កុម្ភៈ​នេះ បាន​បន្ត​សវនាការ​លើ​បណ្ដឹង​សារ​ទុក្ខ​ក្នុង​សំណុំ​រឿង​០០២​វគ្គ០១ ប្ដឹង​ដោយ​ជន​ជាប់​ចោទ នួន ជា និ​ង​ខៀវ សំផន​។ ជា​បណ្ដឹង​ធ្វើឡើង​បន្ទាប់ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ ខ្មែរ​ក្រហម​សម្រេច​ដាក់​ពន្ធនាគារ ជន​ជាប់ចោទ​ទាំង​ពីរ អស់​មួយ​ជីវិត កាល​ពី​ថ្ងៃ​ទី៧​ខែ​សីហា​ឆ្នាំ​២០១៤។ សូម​បញ្ជាក់​ថា ការ​បន្ត​សវនាការ​លើ​បណ្ដឹង​សារ​ទុក្ខ​នៅ​ថ្ងៃ​ទី​១៦​កុម្ភៈ​នេះ ធ្វើ​ឡើង​បន្ទាប់​សវនាការ​បាន​ខកខាន​កាល​ពី​ខែវិ​ច្ឆិកា​ឆ្នាំ២០១៥ ដោយ​សារ​តែ​មេធាវី​ជាតិ​របស់ នួន ជា ដើរ​ចេញ​ពី​បន្ទប់​សវនាការ​ខណៈ មេធាវី​ការពារ​ក្ដីអន្តរជាតិ​មិន​បាន​ចូល​រួម​សវនាការ។

ទិដ្ឋភាពក្នុងសាលាក្ដីខ្មែរក្រហម
ទិដ្ឋភាពក្នុងសាលាក្ដីខ្មែរក្រហម ECCC
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​សប្ដាហ៍​នេះ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​មាន​គម្រោង​ស្ដាប់​សារ​ណាផ្ទាល់​មាត់ លើ​បញ្ហា​នានា​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​បណ្ដឹង​សារទុក្ខ​ធ្វើ​ឡើង​ដោយ​ភាគី​ពាក់ព័ន្ធ​នា​នា។   ជាក់​ស្ដែង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​កុម្ភៈ​នេះ ដំណើរ​ការ​ដោយ​បាន​ស្ដាប់​ទឡ្ហីករណ៍​នៃ​បណ្ដឹង​សា​រទុក្ខ​រៀងៗ​ខ្លួន​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​និង​ភាគី​តុលា​ការ។

តាម​រយៈ​សវនាការ​ពេញ​មួយ​ព្រឹក​នេះ សហ​មេធាវី​ការ​ពារ​ក្ដី​ជន​ជាប់​ចោទ​នៅ​តែ​បន្ត​ចោទ​ប្រកាន់​រាល់​ការ​ជំនុំ​ជម្រះ​របស់​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ថា​ មាន​ភាព​លម្អៀង​និង​មានការ​ជ្រៀត​ជ្រែក​ពី​អ្នក​មាន​អំណាច។  ទន្ទឹម​នឹង​ការ​ចោទ​ប្រកាន់​នេះ តំណាង​តុលាការ​ក៏​នៅ​តែបន្ត​ច្រាន​ចោល​រាល់​ការ​លើក​ឡើង របស់​សហ​មេធាវី​ជន​ជាប់​ចោទ​ទាំង​ពីរ​ដោយ​បាន​ចាត់​ទុករាល់​ការ​ចោទ​ប្រកាន់​របស់ នួន ជា មក​លើ​តុលាការ​ថា ជា​ការ​គេច​វេះ​បញ្ហា។  

សូម​បញ្ជាក់​ថា នួន ជា ខៀវ សំផន ដែល​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហមសម្រេច​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​លើ​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ដែល​រង​ការ​ចោទ​ប្រកាន់ក្នុង​អំឡុង​ពេល​ជម្លៀស​ប្រជាជន​ពីទី​ក្រុង​ភ្នំពេញ​ក្នុង​ខែ​មេសា​ឆ្នាំ​១៩៧៥​និង​ការ​ផ្លាស់​ទី​ដោយបង្ខំ​ជា​បន្ត​បន្ទាប់​ពី​តំបន់​ដទៃ​ទៀត រួម​ទាំង​ការ​កាប់​សម្លាប់​ដែល​រង​ការ​ចោទ​ប្រកាន់​នៅ​ទួលពោល​ជ្រៃ​ក្នុង​ខេត្តពោធិ៍​សាត់។

លោក នេត្រ ភ័ក្ត្រា មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​ឲ្យ​ដឹង​ថា បណ្ដឹង​សាទុក្ខ​នេះ​មាន​ទំហំ​ធំធេង​និង​ស្មុគស្មាញ​ប្រសិន​បើ​ប្រៀប​ធៀប​នឹង​កិច្ច​ដំណើរ​ការ​នីតិវិធី​ដទៃ​ទៀត​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើឃោរឃៅ​ដ៏​ធ្ងន់​ធ្ងរ​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ។

ដោយ​ឡែក​ចំពោះ​ករណី​មេធាវី នួន ជា ដើរ​ចេញ​ពី​បន្ទប់​សវនាការ កាលពី ខែ វិច្ឆិកា ឆ្នាំ​២០១៥ តុលាការ​បាន​ជ្រើស​តាំង​មេធាវី ផាត់ ពៅស៊ាង អតីត​សហ​មេធាវី​ការ​ពារ​ក្ដី​ឲ្យ​លោក​ស្រី អៀង ធីរិទ្ធ ធ្វើ​ជា​សហ​មេធាវី​ការ​ពារ​ក្ដី​ត្រៀម​បម្រុង​សម្រាប់ នួន ជា។ ក្នុង​ន័យ​នេះ​តួនាទី​របស់ លោក ផាត់ ពៅស៊ាង ពុំ​មែន​ជំនួស​តួនាទី​របស់​មេធាវី​ការពារ​ក្ដី នួន ជា ដែល​ត្រូវបាន​ជ្រើស​តាំង​រួច​ហើយ​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​មាន​តួនាទី​សម្រាប់​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​សម​ស្រប​ដល់ នួន ជា ក្នុង​អំឡុង​ពេល​សវនាការ ក្នុង​ករណី​ដែល​សហ​មេធាវី នួន ជា អវត្ត​មាន​ក្នុង​បន្ទប់សវនា​ការ៕ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ