អានតួអត្ថបទ
កម្ពជា

គណៈកម្មការជាតិ៖ឈើ​ជាង​៩០០​កំណាត់រក​ឃើញ​ក្នុង​ខេត្ត​ក្រចេះ

គណៈកម្មការជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​បន្ត​ចុះ​ទៅ ​ខេត្ត​មណ្ឌលគិរី ដែល​ជា​ថ្ងៃ​ទីពីរ​នៃ​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​គោល​ដៅ​ចំនួនប្រាំ​មួយ បន្ទាប់​ពី​បាន​បញ្ចប់​បេសកម្ម​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​ក្រចេះ​និង​ត្បូង ​ឃ្មុំ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៩មករា។ នៅ​ព្រឹក​មិញ​នេះ​មុន​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​គិរី គណៈ​កម្ម​ការ​ជាតិ​ដឹក​នាំ​បញ្ជា​ដោយ លោក សៅ សុខា បាន​ចុះ​ទៅ តំបន់​ឃុំ​ព្រៃ​រលួស និង ស្រែ​ជិះ ស្រុក​សំបូរ​ខេត្ត ក្រចេះ ។ ដំណើរចុះ​ទៅ​នេះ​រក​ឃើញ ប្រភេទ ឈើសុក្រំ និង ឈើគគីរ​ ជា​ប្រភេទ​ឈើ​ប្រណីត ​ ក្នុង​បរិវេណ​ក្រុមហ៊ុន​ចិន​ឈ្មោះ ឆាយណា ឌីណា មិច ជាង​៩០០​កំណាត់ ។ ប៉ុន្តែ​មន្ត្រី​ជំនាញ នៅ​មិន​ទាន់​កំណត់បាន​ថា ជា​ឈើ​ស្រប​ច្បាប់​និង​ខុស​ច្បាប់​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ​សមត្ថកិច្ច​បាន​បិទ​ច្រក​នាំ​ចេញឈើ នៅ​តាម​ខេត្ត​ជាប់​ព្រំ​ប្រទល់​ជា​មួយ​ប្រទេស​វៀត​ណាម​ផង​ដែរ។ 

លោក សៅ សុខា ប្រធាន​គណៈ​កម្មការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ
លោក សៅ សុខា ប្រធាន​គណៈ​កម្មការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ @siv channa
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការជាតិ​នៅ​មិន​ទាន់​អាច​បង្ហាញ​តួលេខ​ផ្លូវ​ការ​អំពី​ចំនួន​ឈើ​ដែល​រក​ឃើញ​នៅ​ឡើយទេ សម្រាប់​ប្រតិបត្តិ​ការ​ដែល​បាន​បិទ​បញ្ចប់​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​និង​ក្រចេះ។ ប៉ុន្តែ​ជា​ជំហ៊ាន​ដំបូង​នៅក្នុង​ខេត្ត​ក្រចេះ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត សរ ចំរ៉ុង ជា​សមាជិក​នៃ​គណៈ​កម្ម​ការ​ជាតិ រាយការណ៍​ថា ឈើ​ជាង​៩០០​កំណាត់​រក​ឃើញ នៅ​ក្នុង​បរិវេណ​ក្រុម​ហ៊ុន​ចិន​ឈ្មោះ​ឆាយ​ណា ឌីណា មិច ។ ក្រុម​ហ៊ុន​ចិន​មួយ​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ហើយ​បាន​អះ​អាង​ថា ឈើ​ទាំង​នេះ​គឺ​ស្រប​ច្បាប់​ដែល​ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ក្នុង​រង្វង់ដី​ដែល​ក្រសួង​កសិកម្ម​បាន​អនុញ្ញត្ត។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក សរ ចំរ៉ុង ។

បើ​តាម​លោក​អភិបាល​ខេត្ត​កន្លង​មក​នៅ​ខេត្ត​ក្រចេះ​មិន​មាន​ទេ​ការ​នាំ​ឈើ​ទៅ​ប្រទេស​វៀត​ណាម​តាម​ច្រក​ព្រំដែន។ ការ​អះ​អាង​របស់​លោក សរ ចំរ៉ុង ធ្វើ​ឡើង​បន្ទាប់​ពី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សម្រេច​បិទ​ច្រក​ព្រំដែន​ក្នុង​ខេត្ត​នា​នា​ទាំង​ស្រុង​ដោយ​ពុំ​អាច​ដឹក​ឈើ​ទៅ​ប្រទេស​វៀត​ណាម​បាន​ទៀត​ទេ គឺ​ជំនួស​មក​វិញ​ដោយ​ការ​ដាក់​កម្លាំង​ការពារ។

ប៉ុន្តែ​ការ​ថ្លែង​របស់​លោក សរ ចំរ៉ុង ត្រូវ​បាន​មន្ត្រី​អង្គ​ការ​អាដហុក​ប្រចាំ​ខេត្ត​ក្រចេះ​យល់​ឃើញ​ផ្ទុយ។  អ្នក​ស្រី ជាវ គុណ ឲ្យ​ដឹង​ថា ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​ក្រចេះ​ត្រូវ​កាប់​បំផ្លាញ​ដោយ​ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពីរដ្ឋាភិបាល​ហិន​ហោច​ស្ទើរ​តែ​ទាំង​ស្រុង​និង​មាន​ការ​ដឹក​ជញ្ជូន​យ៉ាង​អនាធិប​តេយ្យ។

ដោយឡែក ចំពោះ​ប្រតិបត្តិ​ការ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​កាល​ពី​ថ្ងៃ​ទី​១៨​ធ្នូ​ម្សិល​មិញ​គណៈ​កម្ម​ការ​ជាតិ​បាន​ចុះ​ទៅ​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​ជា​ច្រើន​កន្លែង​របស់​ក្រុមហ៊ុន​ដែល​មាន​ងារ​ជា​ឧកញ៉ា។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​ឲ្យ​ដឹង​ថា រាល់​គំន​ឈើ​ដែល​ប្រមូល​នឹង​រឹប​អូស​បាន​កម្លាំង​ជំនាញ​ត្រូវ​រក្សា​ទុក​នៅ​ទី​តាំង​ដដែល។

តាម​រយៈ​កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​ជាតិ​ស្ដីពី​ការ​បង្ក្រាប​និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​រដ្ឋាភិបាល​ប្រគល់ឧត្ថម្ភាគ​ចក្រ​មួយ​គ្រឿង​ទៀត បន្ថែម​លើ​ឧត្ថម្ភាគ​ចក្រ ​មាន​ស្រាប់ចំនួន​ពីរគ្រឿង ​និង​ថវិកា​ត្រៀម​ប្រតិបត្តិការ​ចំនួន​៥០០​លាន​រៀល។

សូម​បញ្ជាក់ថា ព្រៃឈើ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា ​រង​នូវ​ការ​កាប់​បំផ្លាញ់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​យ៉ាង​អនាធិបតេយ្យ។ ​ព្រៃឈើ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ច្រើន​ជាង​គេ​បំផុត ​និង​បន្ទាប់​មក​ទៀត ​គឺ​ប្រទេស​វៀតណាម៕​​​​​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ