អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«វប្បធម៌​យកមុខ​មាត់​ដើម្បី​ផ្គាប់ចិត្ត​មេ»ធ្វើ​ឲ្យ​ប្រព័ន្ធ​ដឹកនាំ​ខ្វះ​ប្រសិទ្ធភាព!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា ក្រៅពី​សម្ភារៈ​និយម និង​ការ​សម្ញែង​អំណាច​និង​ទ្រព្យធន ក៏​នៅមាន​«វប្បធម៌»​ពេញនិយម​មួយទៀត​ដែល​មន្ត្រី​ខ្មែរ​ចូលចិត្ត​នោះ​គឺ​ការយក​មុខមាត់​ដើម្បី​ផ្គាប់ចិត្ត​មេ។ ទម្លាប់​បែប​នេះ​​បាន​បង្ហាញ​ឡើង​តាមរយៈ​សកម្មភាព​ជាច្រើន​ដែល​គេ​ឃើញ​ស្ទើរតែ​រាល់ថ្ងៃ​ដូច​ជាការ​ជូនពរ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​និង តាមរយៈ​សកម្ម​ភាពយ​ក​ចិត្តថ្លើម​ថ្នាក់​លើ​ដោយ​មធ្យោបាយ​ផ្សេងៗ​ទៀត។ ទម្លាប់​នេះ​ក៏​ជា​បញ្ហា​ធំធេង​មួយ​ដែរ​ដែល​ធ្វើ​ឲ្យ​រដ្ឋបាល​សាធារណៈ​ខ្វះ​ប្រសិទ្ធ​ភាព។

@ ស
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា​ទម្លាប់​យកមុខ​មាត់​ដើម្បី​ផ្គាប់ចិត្ត​មេ​ពី​សំណាក់​មន្ត្រី​ថ្នាក់ក្រោម​នៅតែ​បន្ត​ពេញ​និយម​​​នៅឡើយ។ ជាទូទៅ ឲ្យ​តែ​មន្ត្រី​ណា​ម្នាក់​ទទួល​បាន​ឥស្សរ​យស​ឬ​ការ​តែងតាំង​ឋានៈ​ថ្មី​ទោះ​តូច​ឬ​ធំក្តី សារ​ជូនពរ​នឹង​លេចឡើង​ព្រោងព្រាត​នៅលើ​ទំព័រ​កាសែត។ អ្វីដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ សារ​ជូនពរ​សុទ្ធតែ​លម្អ​ដោយ​រូប​ថត​របស់​មន្ត្រី​រូបនោះ​ដែល​ថត​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ឬក៏​ជាមួយ​មន្ត្រី​ដ៏​មាន​ឥទ្ធិពល​ណា​មួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ឬ​ក្នុង​ជួរ​កម្លាំង​ប្រដាប់​អាវុធ។​

 

មាន​សារ​សំខាន់​ពីរ​យ៉ាង​ដែល​ស្តែង​ចេញ​ពីសារ​ជូនពរ​ទាំងនោះ៖ សារ​ទី១ គឺ​ដើម្បី​លើក​តម្កើង​​បុគ្គល​ដែល​គេ​ជូនពរ​នោះ​ឲ្យ​កាន់​តែមាន​ឥទ្ធិពល​ថែម​ទៀត​នៅ​ចំពោះមុខ​មហាជន​ទូទៅ និង សារ​ទី២ គឺ​អ្នក​ជូនពរ​គេ​មួយ​ចំនួន​ក៏​ហាក់​មិនមែន​ធ្វើ​ដើម្បី​តែ​គោល​ដៅ​អបអរ​សាទរ​ចំពោះ​មេ​កើយ​របស់ខ្លួន​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​ក៏​ចង់បាន​មកវិញ​ដែរ​នូវ​ឥទ្ធិពល​និង​ផល​ប្រយោជន៍។ ពួកគេ​ប្រាថ្នា​ចង់​បានការ​តបស្នង​មកវិញ​នូវ​ខ្នង​បង្អែក​ការពារ​ដ៏​រឹងមាំ​មួយ​សម្រាប់​មុខ​តំណែង​ការងារ​ឬ​មុខ​ជំនួញ​របស់​ខ្លួន។

ទម្លាប់​ដែល​បាន​កើតឡើង​តាំងពី​យូរយា​ណាស់​មកហើយ​នេះ​នៅតែ​បន្ត​មាន​អត្ថិភាព​ស្ទើរ​ក្លាយជា​វប្បធម៌​មួយ​ទៅហើយ។ សារ​ជូនពរ​លើ​ទំព័រ​កាសែត​ដែល​គេ​បាន​ឃើញ​ស្ទើរ​តែ​មិន​សូវ​លោះ​ថ្ងៃនោះ​គឺ​ជា​ឧទាហរណ៍​ស្រាប់។ រាល់​សារ​ជូនពរ​នីមួយៗ​សុទ្ធ​តែ​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​រយ​ដុល្លារ​ទៅ​តាម​ទំហំ​និង​ទីតាំង​របស់​សារ​ជូនពរ​នោះ។ នៅ​តាម​កញ្ចក់​ទូរទស្សន៍​វិញ មន្ត្រី​ខ្លះ​សុខចិត្ត​ចំណាយ​ប្រាក់​ថែម​ទៀត​ដើម្បី​បង្ហាញ​មុខ​ឲ្យ​បាន​យូរ​ក្នុង​ពេល​ដែល​ពួកគេ​ចុះ​ធ្វើ​កិច្ចការ​អ្វីមួយ។ មន្ត្រី​ខ្លះទៀត​ខឹងសម្បារ​អ្នក​កាសែត​ដែល​មិន​បាន​ថត​ចំ​មុខ​ពួកគេ។

ជាការ​ពិត នៅក្នុង​សង្គម​មួយ ការ​ជូនពរ​គ្នា​ជា​រឿង​ធម្មតា​ទេ។ រីឯ​ការ​ទទួលបាន​ក​ត្តិ​យស​ដោយសារ​សមត្ថភាព​ការងារ​ឬ​ដោយសារ​តែ​អំពើ​ល្អ​ណាមួយ​គឺជា​រឿង​ដែល​គួរតែ​លើកសរសើរ។ ចំណែកឯ​ការផ្សាយ​ព័ត៌មាន​ពី​សកម្មភាព​របស់​មន្ត្រី​ក្នុង​សារព័ត៌មាន​ឬក៏​ការដណ្តើម​គ្នា​យកមុខ​មាត់​និង​យក​ស្នាដៃ​តាមរយៈ​ការបញ្ចេញ​សមត្ថភាព​បម្រើ​ប្រទេសជាតិ​និង​ប្រជា​ពលក​រដ្ឋ​ក៏​ជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​មន្ត្រី​ដែរ។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ការយក​មុខមាត់​របស់​មន្ត្រី​ខ្លះ​ហាក់​ដូចជា​ដើម្បី​តែ​ផ្គាប់​ចិត្ត​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ។

ទម្លាប់​បែបនេះ​បាន​និង​កំពុង​បង្កើត​ឲ្យ​មាន«វប្បធម៌​ទំយើ​បុគ្គល»កាន់​តែ​ខ្លាំង​ឡើង។ វប្បធម៌​នេះ​អាច​លូតលាស់​ទៅបាន​គឺ​ដោយសារ​តែ​សង្គម​ខ្មែរ​ហាក់​កំពុង​តែ​ផ្តល់​តម្លៃ​កាន់​តែ​ខ្លាំង​ឡើងៗ​ដល់​រូបភាព​សំបក​ខាងក្រៅ ហើយ​ច្រើនតែ​បំភ្លេច​ចោល​នូវ​សីលធម៌ គុណធម៌​និង​សមត្ថភាព​ខាងក្នុង​ដែលជា​តម្លៃ​ពិត​របស់​មនុស្ស។ និន្នាការ​នេះ​បានធ្វើ​ឲ្យ​ប្រព័ន្ធ​ដឹកនាំ​ខ្វះ​ប្រសិទ្ធភាព​ដោយ​សារ​ថា​មន្ត្រីម្នាក់ៗ​ហាក់​គិត​តែ​ពី​ការ​រក្សា​តំណែង​តួនាទី​ច្រើន​ជាង​ការបញ្ចេញ​សមត្ថភាព​ការងារ។ ចំណែក​ឯ​មេធំៗ​វិញ​ក៏​មិនសូវ​ហ៊ាន​ចាប់​កំហុស​កូន​ចៅ​ណា​ដែល​ពូកែ​យកចិត្ត​ថ្នើ​ម​នោះដែរ​បើទោះជា​ពួកគេ​ប្រព្រឹត្ត​ខុស​ក៏ដោយ។

ផ្ទុយទៅវិញ អ្នក​ទាំងនោះ​ច្រើនតែ​បាន​ឡើងបុណ្យស័ក្តិ​យ៉ាង​លឿន​ទៀតផង ខណៈ​ដែល​អ្នកមាន​សមត្ថ​ភាព​ពិត​ប្រាកដ​តែ​មិនសូវ​ចេះ​យកចិត្ត​យកមុខ​មាត់​នឹង​គេ​ច្រើនតែ​ត្រូវបាន​គេ​បំភ្លេចចោល។ បញ្ហា​នេះហើយ​ដែល​បង្កើតបាន​ជាការ​អា​ក់​អន់​ស្រពន់ចិត្ត​និង​ការមើល​បំណាំ​គ្នា​នៅក្នុង​រដ្ឋបាល​សាធា​រណៈ​គ្រប់​លំ​ដាប់​ថ្នាក់។ ទី​បំផុត ទាំង​អស់​គ្នា​ក៏​ធ្លាក់​ទឹក​ពីព្រោះ​តែ​គ្មាន​អ្នកណា​ជួយ​កែតម្រូវ​អ្នកណា។ វា​មិន​ខុស​អ្វី​ពី​ស្ថានភាព«អា​ជ័យ​ធ្លាក់ទឹក»ដោយសារ​តែមាន​អ្នក​ចាំតែ​ហៃអើ​ច្រើនពេក​នោះឡើយ។

រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ពិតជា​ទទួលបាន​មេរៀន​ជូរចត់​និង​ច្បាស់លាស់​ណាស់​តាមរយៈ​ការស្រុតចុះ​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុងការ​បោះឆ្នោត​សភា​ចុងក្រោយ​នេះ។ មេរៀន​នេះ​គួរតែ​មានន័យ​គ្រប់គ្រាន់​ក្នុងការ​កែលម្អ​ស្ថានការណ៍​ឡើងវិញ ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ទម្លាប់​យកមុខ​មាត់​ដើម្បី​ផ្គាប់​ថ្នាក់លើ​ច្រើនជាង​ផ្គាប់ចិត្ត​ពលរដ្ឋ​ម្ចាស់ឆ្នោត​នៅតែ​មិនទាន់​ថមថយ​នៅឡើយ​ទេ។

ដូច្នេះ ដល់ពេល​ហើយ​ដែល​ត្រូវធ្វើ​ឲ្យ​រដ្ឋបាល​សាធារណៈ​ដំណើរការ​ដោយ​ប្រសិទ្ធភាព​តាមរយៈ​ការផ្តល់​តម្លៃ​មនុស្ស​ឲ្យ​ចំ​និង​ចេះ​ប្រើ​មនុស្ស​ឲ្យ​ត្រូវ​តាម​សមត្ថភាព​ជំនាញ​ពិតប្រាកដ។ ការបន្ត​ទុក​ឲ្យ«វប្បធម៌»យកមុខយកមាត់​ដើម្បី​តែ​តំណែង​និង​លាភសក្ការៈ​ហើយ​ភ្លេច​គិតពី​គុណភាព​ការងារ គឺជា​ឧបសគ្គ​ធំធេង​ណាស់​សម្រាប់​នយោបាយ​កំណែទម្រង់​របស់​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ