អានតួអត្ថបទ
កម្ពជា

រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​អេដស៍ចំនួន​១៤​នាក់​នៅ​ខេត្ត​កណ្ដាល​ខណៈ​ក្រសួង​នៅ​មិន​ទាន់​ទទួលស្គាល់​ជា​ផ្លូវ​ការ

ជំងឺ​អេដស៍បាន​ផ្ទុះ​ឡើង​មួយ​ករណី​ទៀត​ហើយ នៅ​ខេត្ត​កណ្ដាល ដែល​បាន​កើត​លើ​ពលរដ្ឋ​ចំនួន​១៤​នាក់។ នេះ​ជា​ករណី​ទី២​បន្ទាប់​ពី​ករណី​ដូច​គ្នា​នេះ​បាន​កើត​មាន​ម្ដង​រួច​មក​ហើយ​ លើ​អ្នក ភូមិ​រកា ក្នុង​ខេត្ត​បាត់​ដំបង កាល​ពី​ចុង​ឆ្នាំ​២០១៤។  ថ្លែង​ប្រាប់​វិទ្យុ​បារាំង លោក ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា ករណី​ផ្ទុះ​ជំងឺ​អេដស៍​នៅ​ខេត្តកណ្ដាល កើត​មាន​ពិត​ឬ​មិន​ពិត​នោះ​ទេ។ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល នេះ​មន្ត្រី​ជំនាញ​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ។ 

រូបតំណាង
រូបតំណាង ©​ សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

ករណី​នេះ​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​នៅ​ដើម​ឆ្នាំ​២០១៦​បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​ឡើង​មក​ភ្នំពេញ​ធ្វើ​តេស្តឈាម​នៅ​មន្ទីរ​ពេទ្យ​សម្ដេចឳ។ គ្រូពេទ្យ​កាន់​សំណុំ​រឿង​នេះ​អះ​អាង​ថា អ្នក​ភូមិ​ចំនួន​១៤​នាក់​ពិតមាន​ផ្ទុក​មេរោគ​អេដស៍​ក៏​ប៉ុន្តែ​រក​មិន​ទាន់​ឃើញ​មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​ភូមិ​ផ្ទុក​មេរោគ​អេដស៍​ជា​បណ្ដាញ​បែប​នេះ។  ទន្ទឹម​នឹង​នេះ​មាន​ការ​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​ខ្មែរភាគ​ច្រើន​ផ្ទុក​មេរោគ​អេដស៍​ជា​បណ្ដាញ​បែប​នេះ? ចំពោះ​ករណី​នៅ​ខេត្តកណ្ដាល​នេះ លោក ម៉ម ប៊ុនហេង រង​ចាំ​ត្រួត​ពិនិត្យ​លទ្ធផល​ស្រាវ​ជ្រាវ​ជា​មុន​សិន។  

ដំណើរ​ការ​ចុះ​ស្រាវ​ជ្រាវ​នេះ​ដឹក​នាំ​ដោយ​លោក​វេជ្ជ​បណ្ឌិត លី ពេញស៊ុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដ៍ សើស្បែក និង​កាមរោគ នៃ​ក្រសួង​សុខាភិបាល។ លោក លី ពេញស៊ុន  ដែល​វិទ្យុ​បារាំង​មិន​អាច​ធ្វើ​ការ​ទំនាក់​ទំនង​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២១​កុម្ភៈ។ ប៉ុន្តែ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​​ លោក ម៉ម ប៊ុនហេង អះ​អាង​ជំនួស​ថា លទ្ធផល​ផ្លូវ​ការ​នឹង​បង្ហាញ​ជាសាធារណៈ​នៅ​ពេល​ដំណើរ​ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​បញ្ចប់។

លោក ម៉ម ប៊ុនហេង ចាត់​ទុក​ករណី​នេះ​មាន​ភាព​ធូរ​ស្រាល​ជាង​នៅ​ភូមិ​រកា​ដោយ​សារ​តែ​អ្នកកើត​ជំងឺ​អេដស៍​នៅ​ខេត្ត​កណ្ដាល​មាន​ចំនួន​តែ​១៤​នាក់ ខុស​គ្នា​ពី​ភូមិរកា​មាន​រហូត​ដល់​ទៅ​ជាង១០០នាក់។ ទោះ​ជា​ករណី​ថ្មី​នេះ នៅ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ផ្លូវ​ការ​ពី​ក្រសួង​សុខា​ភិបាលក៏​ដោយ តែ​លោក​រដ្ឋ​មន្ត្រី​បាន​គូស​បញ្ជាក់​ថា ក្រសួង​បាន​រៀប​ចំ​យុទ្ធ​សាស្ត្រ​ថ្មី​ទប់​ទល់​រួចហើយ ។ យុទ្ធ​សាស្ត្រ​ថ្មី​ធ្វើ​ឡើង តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាជន​ទូទៅ​មក​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ។ ហើយ​ម្យ៉ាង​ទៀត​ប្រសិន​បើ​ធ្វើ​តេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍មែន​នោះ​ក្រសួង​នឹង​ផ្ដល់​ថ្នាំ​ពន្យា​ជីវិត​ភ្លាមៗ​ដែរ។

គួរ​រម្លឹក​ជូន​ថា ករណី​ដូច​គ្នា​នេះ​បាន​កើត​ឡើង​ម្ដង​រួច​ទៅ​លើ​អ្នក​ភូមិ​រកា​ជាង​១០០​នាក់​កាល​ពីចុង​ឆ្នាំ​២០១៤។ កាល​ណោះ​មូល​ហេតុ​ត្រូវ​បាន​បញ្ជាក់​ថា ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​ម្ជុល​រួមគ្នា​ពី​សំណាក់​ពេទ្យ​ភូមិ​លោក យ៉ែម ជ្រិន។ លោក យ៉ែម ជ្រិន ដែល​ត្រូវ​បាន​តុលា​ការ​ផ្តន្ទាទោស​ដាក់​ពន្ធធនាគារ​២៥​ឆ្នាំ​ពី​បទ ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ សុខាភិបាល ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ដោយ​ចេតនា និង​បទ​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​តែ​មរណភាព​នៃ​ជន​រងគ្រោះ។ រហូត​មក​ដល់​ពេល​នេះ​អ្នក​ភូមិរកា​ដែល​ផ្ទុក​មេរោគ​អេដស៍​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​មាន​ចំនួន​១១​នាក់។

ជា​ការ​គត់​សម្គាល់ផែន​ការ​ថា នឹង​កម្ចាត់​ការ​ឆ្លង​មេរោគ​អេដស៍​ឲ្យ​បាន​អស់​ទាំង​ស្រុង នៅ​ឆ្នាំ២០២០ ខាង​មុខ​របស់​រដ្ឋាភិបាល​ហាក់​បរាជ័យ​ពាក់​កណ្ដាល​ទី។ បើ​តាម​អាជ្ញា​ធរ​ជាតិ ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​អេដស៍ អត្រា​ផ្ទុក​មេរោគ​អេដសន៍​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​អាយុ​ពី​១៥​ទៅ៤៩​ឆ្នាំ​មាន០,៦​ភាគ​រយ ឬ​ស្មើ​នឹង​ប្រមាណ​៧១០០០​នាក់ នៅ​ក្នុង​ឆ្នាំ ២០១៥ ដោយ​ទាប​ជាង ឆ្នាំ ២០១៤ ដែល​មាន ០,៧ ភាគ​រយ​នៅ​ក្នុង​ឆ្នាំ ២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ