អានតួអត្ថបទ
កម្ពជា

លោក នួន ជា និង មេធាវី ដើរ​​ចេញ​​ពី​​បន្ទប់​​សវនាការ​​ដោយ​​យល់​​ឃើញ​​ថា​តុលា​​ការ​​ឋិត​​នៅ​ក្រោម​​អំណាច​​រដ្ឋាភិបាល

អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ផ្ដើម​បើក​សវនាការ​រយៈ​ពេល​បី​ថ្ងៃចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​១៩​វិច្ឆិកា​ជុំវិញ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២/០១។ សវនាការថ្ងៃ​ដំបូង​ដែល​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​ កម្ពុជា​មាន​ភាព​មិន​ចុងសម្រុង​គ្នា​ខ្លាំង​ដោយ​សារ​តែ​ជន​ជាប់​ចោទ នួន ជា និង មេធាវី​ការ​ពារ​ក្ដី លោក សុន អរុណ បាន​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​ដោយ​លោក​ទាំង​ពីរ​យល់​ឃើញ​ថា​តុលា​ការ​ ឋិតក្រោម​អំណាច​របស់​រដ្ឋាភិបាល​គឺ​កាត់​ក្ដី​លំអៀង​និង​មិន​យុត្តិធម៌។ 

លោក នួន ជា អតីតប្រធានរដ្ឋសភាសម័យខ្មែរក្រហម និង ជាបងធំទី២
លោក នួន ជា អតីតប្រធានរដ្ឋសភាសម័យខ្មែរក្រហម និង ជាបងធំទី២ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ជនជាប់​ចោទ នួន ជា ដែល​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហមសម្រេច​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចាត់​ទុក​ដំណើរ​ការ​កាត់​ក្ដី​របស់​អង្គ​ជំនុំ​ជម្រះតុលាការ​កំពូល​លើ​បណ្ដឹង​សារ​ទុក​ក្នុង​សំណុំ​រឿង​០០២/០១នៅ​ព្រឹក​ថ្ងៃទី​១៧​វិច្ឆិកា​នេះកាន់​តែ​អយុត្តិធម៌​សម្រាប់​រូប​លោក​ទៀត ។ ដោយ​សារ​តែ​ជន​ជាប់​ចោទ នួន ជា និង មេធាវី មើល​ឃើញ​ថា​តុលាការ​ឋិត​ក្រោម​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​ដែល​ជា​ហេតុធ្វើ​ឲ្យ​តុលាការ​កាត់​ក្ដី​លំអៀង​និង​មិន​មាន​យុត្តិធម៌។

ការ​កាត់​ក្ដី​លំអៀង​និង​មិន​យុត្តិធម៌​បើ​តាម​លោក នួន ជា បន្ទាប់​ពី​ចៅ​ក្រម​ជាតិ​និង​អន្តរជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បដិសេព​សំណើរ​របស់​លោកមេធាវី សុន អរុណ ក្នុង​ការ​ហៅ​លោក ហេង សំរិន​ប្រធាន​រដ្ឋសភា​បច្ចុប្បន្ន ក្នុង​ឋានៈ​ជាសាក្សី។ លោក នួន ជា ចាត់​ទុក​លោក ហេង សំរិន ជា​សាក្សី​ដ៏​សំខាន់​ដែល​អាច​ជួយលោក​ឲ្យ​ជៀស​ផុត​ពី​ការ​ចោទ​ប្រកាន់​បាន​កាល​ពី​អំឡុង​ការ​ឈ្លាន​ពាន​របស់​វៀតណាមមក​លើ​កម្ពុជា។  

លោក នួន ជា ក៏​បាន​រិះគន់​ជំហរ​មិន​ឯករាជ្យ​របស់​ចៅ​ក្រម​អន្តរជាតិ​ក្នុង​ការ​គាំទ្រសេចក្ដី​សម្រេច​របស់​ចៅក្រម​ជាតិ​ដែល​បដិសេព​មិន​ព្រម​កោះ​ហៅ​លោក ហេង សំរិន មក​ធ្វើ​ជា​សាក្សី។ បើ​ដូច​នេះ​ដដែល​ចាំ​បាច់​មាន​ចៅ​ក្រម​អន្តរជាតិ​ធ្វើអ្វី? នេះ​គឺ​ជា​ការចោទ​សួរ​របស់​លោក នួន ជា ។

ការ​ដើរ​ចេញ​ពី​បន្ទប់​សវនា​របស់​លោក សុន អរុណ នៅ​ថ្ងៃ​ទី​១៧​វច្ឆិកា​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​សវនា​ជំនុំ​ជម្រះ​ក្ដី​លើជន ជាប់ចោទ នួន ជា។ តែ​នេះជា​លើក​ទី៣​ហើយ​ដោយ​សារ​តែ​លោក​សុន អរុណ ចាត់​ទុក​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី​រាល់ពេល​កាន់​តែ​មាន​សភាព​អាក្រក់​ទៅ។ ដោយ​ឡែក​ចំពោះ​ជន​ជាប់​ចោទ ខៀវ សំផន និង​មេធាវី​ដែល​មាន​វត្ត​មាន​នៅ​ព្រឹក​នេះ​ដែរ​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់។

ក្រោយ​ការ​ថ្លែង​របស់​លោក នួន ជា បញ្ចប់​លោក សុន អរុណ ក៏​បាន​សម្រេច​ចិត្ត​តាមកូន​ក្ដី​មិន​នៅ​ក្នុង​បន្ទប់​សវនាការ​ទោះ​មាន​ការ​ស្នើ​សុំ​ឬ​វែក​ញែក​ផ្លូវ​ច្បាប់​ពី​សំណាក់ចៅក្រម​ជាតិ​អន្តរជាតិ​អំពី​ភាព​ចាំបាច់​នៃ​មេធាវី​ការពារក្ដី​ក៏​ដោយ​នោះ។

សូមបញ្ជាក់ថា អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលា​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​នេះជុំវិញ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២/០១​គឺ​ជា​សវនាការ​មួយ​ប្ដឹង​ជំទាស់​ដោយ​ជនជាប់​ចោទ នួន ជា ខៀវ សំផន ចំពោះ​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុ​ជម្រះ​នៃ​សាលា​ក្ដីខ្មែរ​ដែល​សម្រេច​ផ្ដន្ទា​ទោស​លោក​ទាំង​ពីរ​អស់​មួយ​ជីវិត៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ