អានតួអត្ថបទ
កម្ពុជា​

ក្រសួង​ការបរទេស​​កម្ពុជា​​ចេញ​​កំណត់​​ទូត​​ថា​​ពាក្យ​សម្តី​​ឯកអគ្គរដ្ឋទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា​ ព្រហើន​​ខ្លាំង​

ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​បញ្ជាក់ថា ពាក្យ​សម្តី​​របស់​​ឯកអគ្គ​រដ្ឋទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា​ មាន​​លក្ខណៈ​ព្រហើន​ខ្លាំង ទោះបីជា​គាត់​ជា​តំណាង​ប្រទេស​ធំ​មួយ​ក៏ដោយ។ នេះ​គឺជា​ការ​បញ្ជាក់​​នៅក្នុង​កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុជា​ផ្ញើ​ទៅកាន់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី២០ ឧសភា​ម្សិលមិញ។

ប្រមុខការបរទេសកម្ពុជា លោក ហោ ណាំហុង
ប្រមុខការបរទេសកម្ពុជា លោក ហោ ណាំហុង RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

កំណត់​​ទូត​​របស់​​ក្រសួង​ការ​បរទេស​​កម្ពុជា​ បាន​​បង្ហាញ​ថា ក្រសួង មាន​​ការ​​រំខាន​​ចិត្ត​​យ៉ាង​​ខ្លាំង​​ ចំពោះ​​​ការ​​ទិតៀន​​​របស់​​លោក វី​លៀម ថដ​ ឯក​​អគ្គរដ្ឋ​ទូត​​​អាមេរិក​​​ប្រចាំ​​នៅ​​កម្ពុជា​​​ចំពោះ​​​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី​​សមាគម​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​ ដែល​​​បាន​​​ចុះ​ផ្សាយ​​​នៅ​​ក្នុង​​​កាសែត​​​ភ្នំពេញ​​ប៉ុស្តិ៍​ កាល​ពី​​ថ្ងៃទី ១៩ ឧសភា ក្រោម​​ចំណង​ជើង​​ថា «ភ្នែក​​​ទាំង​​អស់​​​ផ្តោត​​​ទៅ​​លើ​​​ច្បាប់​​​អង្គការ​ក្រៅ​រដ្ឋាភិបាលៈ ថដ»។​

ក្រសួង​ការ​បរទេស​​កម្ពុជា​​បាន​​បក​ប្រែ​​រាល់​​ខ្លឹម​សារ​​មួយ​ចំនួន​​ចេញ​ពី​អត្ថ​បទ​​ដើម​ ជា​​ភាសា​​អង់​គ្លេស​ ដែល​មាន​​ចំណង​ជើង​​ថា «All eyes on NGO law: US Ambassador Todd» ខណៈ​ដែល​​កាសែត​ ភ្នំពេញ​​ប៉ុស្តិ៍​​ភាសា​ខ្មែរ​ ក៏​បាន​​ចុះ​ផ្សាយ​​អត្ថបទ​​នេះ នៅ​ក្នុង​​ទំព័រ​មុខ​​របស់ខ្លួន​​កាល​ពី​ថ្ងៃ​ទី ១៩ ឧសភា​​ដែរ ក្រោម​​ចំណងជើង​ថា «ទូត​អាមេរិក​ចេញមុខ​រិះគន់​​សេចក្តី​ព្រាង​ច្បាប់​​គ្រប់​គ្រង​​អង្គការ​​ក្រៅរដ្ឋាភិបាល» ។

កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ​បាន​សរេសរ​ថា ក្នុង​អត្ថបទ​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ លោក William E.Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ច្បាប់​ថ្មី​ដ៏​ចម្រូងចម្រាស ដែល​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល សហជីព​កម្មករ និង​អ៊ីនធឺណិត។ ភ្នំពេញ​ប៉ុស្តិ៍​បាន​បន្តថា ក្នុង​អំឡុង​ពេល​​បំពេញ​​បេសសកម្ម​ពាណិជ្ជកម្ម ទៅ​សហរដ្ឋអាមេរិក លោក William E.Todd បាន​បង្ហាញ​​ពី​​ភាព​​រីករាយ​ចំពោះ​ការ​ចាប់​អារម្មណ៍ ដែល​លោក​បាន​ជួបប្រទះ​នៅ​កម្ពុជា ពី​មនុស្ស និង​អាជីវកម្ម ប៉ុន្តែ​លោក​បាន​ព្រមាន​ថា៖ « ដើម្បី​ទាញ​ប្រយោជន៍​នេះ កម្ពុជា​ត្រូវ​បង្ហាញ​នូវ​រូបភាព​ដែល​ទាក់ទាញ​វិនិយោគទុន​បរទេស បច្ចេកវិទ្យា និង​ធនធានមនុស្ស»។

លោក​​បាន​​ព្រមាន​​ទៀត​ថា « មុខមាត់​​កម្ពុជា​​រង​​បាន​​រង​ផលប៉ះពាល់​» ដោយ​​ច្បាប់​​ដ៏​​ចម្រូង​ចម្រាស់​ ដែល​​បច្ចុប្បន្ន​កំពុង​​ព្រាង​ ដែល​​រួម​បញ្ចូល​​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី​​អង្គការ​​មិនមែន​​រដ្ឋាភិបាល​ ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ច្បាប់​សហជីព។

ភ្នំពេញ​ប៉ុស្តិ៍​ក៏បាន​សរសេរ​បន្តថា លោក Todd បាន​គាំទ្រ «ការអំពាវនាវ​ឲ្យ​មាន​សកម្មភាព» ពី​សម្ព័ន្ធ​សហគមន៍​លទ្ធិប្រជាធិបតេយ្យ ដែលមាន២៧ប្រទេស ដែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចេញផ្សាយ​ច្បាប់​ចម្លង​នៃ​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ស្នើឡើង ហើយ​អនុវត្ត​ឆ្លងកាត់​ការពិគ្រោះ​យោបល់​ហ្មត់ចត់​ជាមួយ​សង្គម​ស៊ីវិល។ លោក​បាន​សរសេរ​ថា៖​ « ខណៈដែល​រដ្ឋាភិបាល​កម្ពុជា​ ពិចារណា​ពី​ជំហាន​បន្ទាប់ វា​ជាការ​សំខាន់​ដែល​ត្រូវ​យល់​ដឹងថា ពិភពលោក​កំពុង​ឃ្លាំមើល»។

ពាក់ព័ន្ធ​ទៅនឹង​ពាក្យ​បញ្ហា​នេះ ក្រសួងការបរទេស​កម្ពុជា​បានចេញ​កំណត់​ទូត​របស់ខ្លួន​ទៅ​កាន់​​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដោយ​បញ្ជាក់ថា​ពាក្យសម្តី​របស់លោក​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា មាន​លក្ខណៈ​ព្រហើន​ខ្លាំង ទោះបីជា​លោក​ជា​តំណាង​ប្រទេស​ធំ​មួយ​ក៏ដោយ។ ក្រសួងការបរទេស​បាន​បញ្ជាក់ទៀតថា កម្ពុជា​​ជា​​នីតិរដ្ឋ​ រាល់​​សេចក្តី​ព្រាង​ច្បាប់​ រឺ​​សេចក្តី​ស្នើ​ច្បាប់​ ត្រូវ​​ដាក់​ជូន​​រដ្ឋ​សភា​​ពិនិត្យ ​អនុម័ត​ ស្រប​តាម​​ការ​កំណត់​​របស់​​ច្បាប់​​រដ្ឋ​​
ធម្ម​​នុញ្ញ​។​

ជាងនេះទៅទៀត ក្រសួងការបរទេស​កម្ពុជា ក៏បាន​បង្ហាញ​ពី​មាត្រា​ទី ៤១.១​នៃ​អនុសញ្ញា​ទី​ក្រុង​​វី​យ៉ែន ស្តីពី​ទំនាក់ទំនង​ការទូត ចែងថា« ដោយ​ពុំមាន​ប៉ះពាល់​​ដល់​​បុព្វសិទ្ធិ​ និង​​អភ័យ​ឯក​សិទ្ធិ​របស់​ពួកគេ អ្នក​ដែល​ទទួលបាន​បុព្វសិទ្ធិ និង​អភ័យ​ឯក សិទ្ធិ​​មាន​​កាតព្វកិច្ច​​គោរព​​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​ម្ចាស់ផ្ទះ។ ហើយ​ក្រសួង​បាន​​លើកឡើង​ថា ដូច្នេះ​​ឯក​អគ្គរដ្ឋទូត​​អាមេរិក​​ត្រូវ​គោរព​អនុសញ្ញា​នេះ ដែល​អាមេរិក​បានផ្តល់​សច្ចាប័ន​រួចហើយ​នៅ​ក្នុង​​ឆ្នាំ ១៩៧២។ ហើយ​ថា​រាល់​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ធំក្តី​តូចក្តី​ត្រូវគោរព​គ្នា​ទៅវិញ ទៅមក ដោយ​ស្មើភាព និង​ត្រូវគោរព​តាម​អនុសញ្ញា​ខាងលើ និង​ការគួរសម​ដែលជា​ទំលាប់​អន្តរជាតិ ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ