អានតួអត្ថបទ
កម្ពុជា

វិទ្យុ​ភាសាចាម​តែមួយ​គត់​នៅ​ស្រុក​ខ្មែរ ត្រូវ​បិទ​ការ​ផ្សាយ!

វិទ្យុភាសាចាម ឬ RADIO SAPCHAM ជាកម្ម​វិធីផ្សាយជា​​ភាសា​ចាម​តែមួយ​គត់​នៅកម្ពុជា ត្រូវ​បាន​បិទ​​ការ​ផ្សាយ។​ កម្មវិធី​វិទ្យុ​​នេះ បង្កើត​តាំងពីឆ្នាំ​២០០៤ ដោយ​ទិញ​ម៉ោង​​ផ្សាយ ហើយចាប់ពី​ឆ្នាំ​២០០៨មក ​លោកនាយករដ្ឋមន្ត្រីបាន​​ជួយ​អន្តរាគមន៍​ឲ្យ​ចាក់​ផ្សាយ​ដោយ​ឥតគិត​ថ្លៃ ចាប់ពី​ម៉ោង​៨ទៅ​ម៉ោង​៩​យប់ជា​រៀងរាល់​ថ្ងៃ តាម​រលក​​​វិទ្យុ FM ១០៣ MHz​។ ទោះ​យ៉ាង​ណា​ក៏ដោយ ជុំវិញ​​មូលហេតុ​នៃការ​ផ្អាក​ការ​​ផ្សាយភាសា​ចាម​នៅ​ពេលនេះ គឺ​មិនទាន់​មានការ​បញ្ជាក់ច្បាស់លាស់ ហើយ​នៅ​មាន​ភាព​ចម្រូង​ចម្រាស់​គ្នា​នៅឡើយ។

រូបថត​សហការីវិទ្យុ​ភាសាចាម និង​ភ្ញៀវ
រូបថត​សហការីវិទ្យុ​ភាសាចាម និង​ភ្ញៀវ @Radio Sapcham
ផ្សាយពាណិជ្ជកម្ម

 

លោក ស្លេះ ណាស៊ី អ្នក​គ្រប់​គ្រង​កម្មវិធី​ផ្សាយវិទ្យុភាសាចាម ​បាន​ប្រាប់វិទ្យុ​បារាំងថា ​​លោក​ស្រឡាំងកាំង​តែម្តង ​នៅពេល​ដែល​អ្នក​គ្រប់​គ្រង​ម៉ា​ស៊ីន​ផ្សាយ​របស់​​​​វិទ្យុ FM ១០៣ MHz ប្រាប់ថា កម្មវិធី​វិទ្យុភាសាចាមរបស់លោក​​ ត្រូវបានគេ​​បញ្ជា​​ឲ្យ​ផ្អាក និងត្រូវ​បិទ​កម្មវិធី​តែម្តង​។ ​​ចាប់ពីថ្ងៃទី​៦មិថុនាមក ជាង​១០ថ្ងៃកន្លងទៅនេះ គឺ​មានចាក់តែ​ចម្រៀង​កម្សាន្ត​តែប៉ុណ្ណោះ​ នៅក្នុង​​ម៉ោង​ផ្សាយ​ប្រចាំថ្ងៃ។ ចំពោះ​អ្នក​ផលិត​កម្មវិធី​ផ្សាយរូបនេះ គាត់​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ជាក់​ច្បាស់ទេ តែ​លោក​ដឹង​ត្រួសៗ​ថា ថ្នាក់​លើ​ជាអ្នក​បញ្ជាឲ្យ​បិទ។ លោក ស្លេះ ណាស៊ី ប្រាប់ដែរ​ថា​កម្ម​វិធី​ភាគ​ច្រើន​ គឺ​និយាយ​ពី​ធម៌របស់​សាសនា​​ឥស្លាម ពីសុខភាព និង​ការ​អប់រំ​។​

ចំណែក លោកអគ្គនាយកវិទ្យុ​ FM ១០៣ MHz វិញ បានឆ្លើយ​​​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំងថា មូល​ហេតុ​នៃ​ការ​បិទវិទ្យុ​ភាសា​ចាម​នេះ គឺ​ស្មុគ​ស្មាញ​ និង​ជា​រឿង​រសើ​ប​ណាស់។ មូល​ហេតុ​បឋម​ដែល​លោក​អាច​ជម្រាប​បាន​ គឺមកពី​​កម្មវិធី​ខ្លះ​របស់​វិទ្យុនេះ​ ផ្សាយ​ទៅ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល ហើយក៏​​គ្មាន​អ្នកណា​​ត្រួតពិនិត្យ​ខ្លឹម​សារ​ផ្សាយជាមុននោះទេ​​ ដោយសារ​​និយាយ​ជាភាសា​ឥស្លាម​តែម្តង។ យ៉ាងណា​ក៏ដោយ លោកអគ្គនាយកវិទ្យុ​ FM ១០៣ MHz យល់​ឃើញថា បញ្ហា​នេះ​អាច​មកពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​ថ្នាក់​ដឹក​នាំ​សាសនា​ឥស្លាម​ និង​ជា​គោល​ជំហរ​របស់​រដ្ឋាភិបាល​ ដែល​លោក​សុំ​មិន​បញ្ចេញ​យោបល់​ច្រើន​ជាង​នេះឡើយ​​។

វិទ្យុ​បារាំង RFI ​ព្យាយាម​ទាក់ទងសុំ​​ការ​បំភ្លឺ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​លោក​ អះម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាស្ថាបនិកកម្មវិធីវិទ្យុភាសាចាមនេះ ក៏ប៉ុន្តែ​ទូរសព្ទ​ចូល​ គ្មានអ្នក​ទទួល។

ប្រឈម​មុខ​នឹងការ​បិទ​ការ​ផ្សាយ​ ជាង​១០ថ្ងៃ​មកនេះ ពលរដ្ឋ​ខ្មែរ​ឥស្លាម​ដែល​និយម​ប្រើ​ហ្វែស​បុក​ខ្លះ បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះមេៗ​សាសនាឥស្លាម​នៅ​ស្រុក​ខ្មែរដែលចេះតែ​​ឈ្លោះ​គ្នា។ អ្នក​​មួយ​ចំនួន​​សម្តែង​ការ​សោកស្តាយ​ ខកចិត្ត ហើយ​អ្នក​ខ្លះ​ទៀតថា​​ខ្មាស​គេ​រឿង​បាត់​បង់​ទឹក​ដី​ជា​រឿងម្យ៉ាង តែរឿងដែលកាន់ខ្មាស់គេ​ទៀតនោះ គឺខ្មែរឥស្លាម មិនចេះសាមគ្គី​ស្រឡាញ់​គ្នា ហើយ​​យកសាសនាធ្វើជារបររកស៊ី ដើម្បី​ជា​ខែល​ឈានទៅរក​អំណាច និងទាញយក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ