អានតួអត្ថបទ
កម្ពជា

អង្គការ​លីកាដូ៖ ករណី​រំលោភ​សេព​សន្ថវៈ អាច​ជា​មធ្យោបាយ​រក​ប្រាក់​របស់​អាជ្ញាធរ

ករណី​រំលោភ​សេព​សន្ថវៈ អាច​ជា​មធ្យោបាយ​រក​ប្រាក់​របស់​អាជ្ញាធរ​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​អ្នក​ស្រី ណាលី ពីឡូក នាយិកា​អង្គការ​លីកាដូ នៅ​ក្នុង​ឱកាស​ដែល​អង្គការ​នេះ ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​។ ជា​របាយការណ៍​កម្រាស់​៣១​ទំព័រ ដែល​មាន​ចំណង​ជើង​ថា ការ​រួច​ខ្លួន​ពី​បទ​ល្មើស៖ ការ​អនុវត្ត​ច្បាប់​ចំពោះ​បទ​ល្មើស​រំលោភ​សេពសន្ថវៈ ក្នុង​ប្រពន្ធ​តុលាការ​កម្ពុជា​។ របាយការណ៍​​ដែល​ទើប​តែ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​​រក​ឃើញ​ផង​ដែរ​ថា ករណី​ជា​ច្រើន​នៃ​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ មិន​ត្រូវ​បាន​ស៊ើប​អង្កេត​និងផ្ដន្ទាទោស​ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើយ​។

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស​ លីកាដូ។​
សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស​ លីកាដូ។​ LICADHO Facebook Page
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​អង្គការ​លីកាដូ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​ពិនិត្យ​ទៅ​លើ​ករណី​ចំនួន​៧៦២ នៃ​ករណី​រំលោភ​សេពសន្ថវៈ និង​ប៉ុនប៉ន​រំលោភ​សេពសន្ថវៈ នៅ​ក្នុង​ឆ្នាំ​២០១២ ២០១៣ និង​២០១៤​។ ករណី​ទាំង​៧៦២​ករណី​នេះ កើត​ឡើង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​១២​ផ្សេង​ទៀត ដែល​លីកាដូ​កំពុង​ធ្វើការ​​អំឡុង​ពេល​នោះ​។

នៅ​ក្នុង​ចំណោម​ករណី​សិក្សា​ទាំង​អស់ មាន​ប្រមាណ​៤​រយ​ករណី ត្រូវ​បាន​បិទ​នៅ​ពេល​ដែល​លីកាដូ​កំពុង​សរសេរ​របាយការណ៍​។ មួយ​ភាគ​បី​ក្នុង​ចំណោម​ករណី​ទាំង​ជាង​៤០០​នោះ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ការ​ផ្ដន្ទាទោស និង​សម្រេច​ឲ្យ​មាន​ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ។ មួយ​ភាគ​បី​ទៀត ត្រូវ​បាន​បិទ​បញ្ចប់​មុន​ពេល​បើក​សវនាការ​។ ហើយ​មួយ​ភាគ​បី​ចុង​ក្រោយ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​មាន​ការ​ផ្ដន្ទាទោស​ដែល​មិន​ត្រឹម​ត្រូវ ឬ​មាន​ការ​សម្រេច​ថា​មិន​មាន​ទោស​។

បើ​តាម​របាយការណ៍​អង្គការ​លីកាដូ នៅ​ពេល​ដែល​ករណី​ជា​ច្រើន​ត្រូវ​បាន​បិទ​ដោយ​មាន​កំហុស​ឆ្គង​ខុស​ៗ​គ្នា គឺ​មានមូលហេតុ​​រួម​មួយ​ដែល​កើត​ឡើង​នៅគ្រប់​ករណី​ទាំង​អស់​។
នោះ​គឺ​អំពើ​ពុក​រលួយ​។ អ្នក​ស្រី ណាលី ពីឡូក នាយិកា​អង្គការ​លីកាដូ គូស​បញ្ជាក់​ថា អំពើ​ពុក​រលួយ​កើត​មាន​ស្ទើរ​គ្រប់​ទី​កន្លែង​។ បើ​តាម​នាយិកា​អង្គការ​ដដែល ជន​រង​គ្រោះ​ហាក់​ដូច​ជា​ត្រូវ​បង់​ប្រាក់​ក្រៅ​ច្បាប់ គ្រប់​ពេល​ដែល​មក​ទាក់​ទង​មន្ដ្រី​សាធារណៈ​។
ចំណែក​ជន​សង្ស័យ​ប្រសិន​មាន​ប្រាក់ ជន​នោះ​អាច​នឹង​ទិញ​នូវ​សេរីភាព​របស់​ខ្លួន​មក​វិញ​បាន​។ អ្នក​ស្រី ណាលី ពីឡូក បន្ត​ថា ករណី​រំលោភ​សេព​សន្ថវៈ អាច​ជា​មធ្យោបាយ​រក​ប្រាក់​របស់​អាជ្ញាធរ​។ និង​ថា អាជ្ញាធរ​ហាក់​ដូច​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ភាព​យុត្តិធម៌​នោះ​ទេ​។

ភាព​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ធ្វើ​ឲ្យ​សាធារណៈ​ជន​បាត់​បង់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​។ នេះ​បើ​តាម​អង្គការ​លីកាដូ​។ អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​នេះ ​អំពាវ​នាវឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​នេះ ដោយ​ការ​ពង្រឹង​ច្បាប់​ដែល​អនុវត្ត​មិន​បាន​ពេញ​លេញ​ និង​ធ្វើ​វិសោធនកម្ម​នូវ​ច្បាប់​ពាក់ព័ន្ធ​នានា ឲ្យ​មាន​អត្ថន័យ​កាន់​តែ​ពេញ​លេញ​និង​ច្បាស់​លាស់​ឡើង​​៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ