អានតួអត្ថបទ
កម្ពជា

អភិបាល​ខេត្ត​ស្វាយរៀង៖កម្មករ​ពីរ​នាក់​ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​ជុំវិញ​ករណី​គប់​បំផ្លាញ​រោង​ចក្រ

កម្មករ​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ហៅ​មក​សួរ​នាំ ពាក់​ព័ន្ធ​ការ​គប់​បំផ្លាញ​រោងចក្រ​មួយ កន្លែង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ ពិសេស ក្រុងបាវិត​ខេត្ត​ស្វាយ​រៀង កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះនៅ​អំឡុង​ពេល​កូដកម្ម​ទាម​ទារ​ការ​តំឡើង​ ប្រាក់​ខែ​បន្ថែម។ បន្ទាប់​ពី​ការ​សួរ​នាំ​សមត្ថកិច្ចក៏​បាន​ដោះ​លែង​ពួកគេ​ទាំង​ពីរ​នាក់​វិញ។ ដោយ​ឡែក​ចំពោះ​កម្មករ​ដែល​ធ្វើ​ការ​កូដ​កម្ម កាល​ពី​ថ្ងៃ​ទី​១៧​ធ្នូ​ ពួក​គេ​ចូល​ធ្វើ​ការ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សៅ​នេះ។

អភិបាលខេត្តស្វាយរៀង លោក ជៀង អំ
អភិបាលខេត្តស្វាយរៀង លោក ជៀង អំ @facebook
ផ្សាយពាណិជ្ជកម្ម

លោក ជៀង អំ អភិបាល​ខេត្ត​ស្វាយ​រៀង​ថា ការ​សួរ​នាំ​ទៅ​លើ​កម្មករ​ទាំង​ពីរ​នាក់​គ្រាន់តែ​ជា​ករណី​មួយ​ធម្មតា​ប៉ុណ្ណោះ​ពោល​គឺ​មិន​មាន​ការ​ឃាត់​ឬ​ឃុំ​ខ្លួន​នោះ​ទេ បន្ទាប់​ពី​ពួកគេ​សង្ស័យ​ថា ជាប់​ពាក់​ព័ន្ធ​ការ​គប់​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ រោងចក្រ​ដែល​បណ្ដាល​ឲ្យ​បែកកញ្ចក់​និង​ប៉ះ​ពាល់​កន្លែង​មួយ​ចំនួន​ទៀត​របស់​រោង​ចក្រ។

លោក ជៀង អំ ឲ្យ​ដឹង​ទៀត​ថា ភាគី​រោងចក្រ​មាន​ការ​អន់​ចិត្ត​ជាមួយ​កម្មករ​ដែល​ធ្វើកូដកម្ម​ឈាន​ទៅ​ដល់​ការ​គប់​បំផ្លាញ​រោង​ចក្រ។ សកម្មភាព​គប់​បំផ្លាញ​នេះ​លោកអភិបាល​ខេត្ត​ថា ជា​ទង្វើល​ខុស​ច្បាប់​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ដាក់​ទោស​ទណ្ឌទៀត​ផង។ ក្នុង​ន័យនេះ លោក ជៀង អំ អំពាវ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​នានា​ដោយ​សន្តិ​វិធីជៀស​វាង​ការ​ប្រើ​ហិង្សា​ដែល​ប៉ះ​ពាល់​ទៅ​ដល់​រោងចក្រ​និង​ប្រយោជន៍​សាធារណៈផ្សេង​ទៀត។  

ទន្ទឹម​នេះ ភាគី​រោងចក្រ​កំពុង​តែ​វិភាគ​ទៅ​លើ​ទំហំ​នៃ​ការ​ខូចខាត​ដែល​គិត​ជា​ទឹក​ប្រាក់ក្រោយ​ការ​គប់​បំផ្លាញ​ទៅ​លើ​រោងចក្រ​ពី​សំណាក់​ក្រុម​កម្មករ។ តែ​ដំណោះ​ស្រាយ​នៅ​ចំពោះ​មុខ​រោងចក្រ​អាច​នឹង​ប្ដឹង​បក​មក​កម្មករ​វិញ។ នេះ​ការ​បញ្ជាក់​បន្ថែម​របស់​លោក ជៀង អំ ។

យ៉ាង​ណា​ក៏​ដោយ​រហូត​មក​ដល់​ថ្ងៃ​ទី​១៩​ធ្នូ​នេះ​កម្មករ​ដែល​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ចពិសេស មេតហាតធេន និង តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង ស្ថិត​នៅ​ក្រុង​បាវិត បានចូល​ធ្វើ​ការ​វិញ​ហើយ​ពោល​គឺ​នៅ​សល់​តែ​កម្មករ​ប្រមាណ​តែ​ជាង​២០​ភាគរយ​ទៀតប៉ុណ្ណោះ​នៅ​មិន​ទាន់​ត្រឡប់​ចូល​ធ្វើការ​វិញ។

លោក អ៊ូ សា​ខឿន អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះ​បណ្តាញ​វិជ្ជាជីវៈ ខេត្ត​ស្វាយ​រៀងឲ្យ​ដឹង​ថា ទោះ​បីជា​កម្មករ​ត្រឡប់​មក​ធ្វើ​ការ​ជា​ធម្មតា​វិញ​ក៏​ដោយ តែ​កម្លាំង​សមត្ថ​កិច្ចនៅ​តែ​បន្ត​ដាក់​យាម​កាម​ដើម្បី​ត្រៀម​បង្ការ​ក្រែង​កើត​មាន​កូដកម្ម​ជាថ្មី​នៅ​ថ្ងៃ​បន្ត​បន្ទាប់ទៀត។ 

ដោយ​ឡែក​ចំពោះ​កិច្ច​ប្រជុំ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​កាល​ពី​ថ្ងៃ​ទី​១៨​ធ្នូ រវាង​តំណាង​សហជីព ភាគី​រោង​ចក្រ និង មន្ទីរ​ការងារ គ្រប់​ភាគី​បដិសេព មិន​ជាប់​ព័ន្ធ​ជាមួយ​នឹង​កូដកម្មនេះ​ទេ។ កូដកម្ម​នេះ​ត្រូវ​បាន​ពួក​គេ​ចាត់​ទុក​ថា​ធ្វើ​ឡើង​គ្មាន​គោល​បំណង​ច្បាស់​លាស់។ តែ​រោង​ចក្រ​បាន​ស្នើ​មក​ខាង​សហជីព​ឲ្យធ្វើ​ជា​តំណាង​កម្មករ​ដើម្បី​សម្រប​សម្រួល​ឲ្យកម្មករ​ចូល​ធ្វើ​ការ​វិញ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៧​ធ្នូ កម្មករ​ធ្វើ​ការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេតហាតធេន និង តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង ស្ថិត​នៅ​ក្រុង​បាវិត ផ្ទុះ​កូដកម្ម​តវ៉ា​ទាម​ទារ​ការដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​លើ​ប្រាក់​ខែ​គោល​១៤០​ដុល្លារ៕

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ