លោក ហ៊ុន សែន ស្នើភាគីថៃឲ្យយកចិត្តទុកដាក់ចំពោះពលករខ្មែរដែលធ្វើការនៅប្រទេសថៃ
បញ្ហាពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ជាប្រធានបទមួយ ដែលលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន លើកយកទៅជជែកជាមួយភាគីថៃ នៅក្នុងឱកាសដំណើរទស្សកិច្ចជាផ្លូវការរយៈពេលពីរថ្ងៃរបស់លោកនៅ ទីក្រុងបាងកក។ ប្រមុខរដ្ឋាភិបាលកម្ពុជា សរសេរនៅលើបណ្ដាញសង្គមនៅថ្ងៃសៅរ៍នេះថា លោកបានស្នើដល់ភាគីថៃ ឲ្យយកចិត្តទុកដាក់ជួយថែទាំពលករខ្មែរដែលកំពុងធ្វើការនៅប្រទេស ថៃ។ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ដែលអង្គការសង្គមស៊ីវិលកម្ពុជាអះអាងថា រងការរំលោភបំពានធ្ងន់ធ្ងរពីថៅកែជាជនជាតិថៃ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៨
«រាល់ការសន្ទនា ខ្ញុំមិនភ្លេចលើកឡើងអំពីពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ និងបានស្នើឲ្យភាគីថៃយកចិត្តទុកដាក់ជួយថែទាំ និងខិតខំរួមគ្នាដើម្បីលុបបំបាត់ពួកជួញដូរមនុស្ស និងកេញប្រវ័ញ្ចកម្លាំងពលកម្ម»។ នេះគឺជាអ្វីដែលលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន សរសេរនៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួននៅថ្ងៃសៅរ៍នេះ ។
ការអះអាងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ ធ្វើឡើងក្នុងឱកាសលោកកំពុងធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅទីក្រុងបាងកក ដើម្បីអបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ជាដំណើរទស្សនកិច្ចពីរថ្ងៃ ដែលចាប់ផ្ដើមនៅថ្ងៃសុក្រទី១៨ធ្នូ និងត្រូវបិទបញ្ចប់នៅថ្ងៃសៅរ៍នេះ។
របាយការណ៍របស់ក្រសួងការងារ និងក្រសួងការបរទេស បញ្ជាក់ថា ពលករខ្មែរដែលកំពុងតែធ្វើការនៅប្រទេសថៃ មានជាង៧សែននាក់។ ក្នុងនោះ មានពលកររាប់ម៉ឺននាក់ ដែលជាអ្នកឆ្លងដែនទៅធ្វើការខុសច្បាប់ តាមការអូសទាញពីមេខ្យល់ទុច្ចរិត។
អង្គការការពារសិទ្ធិមនុស្ស អាដហុក ធ្លាប់បានអះអាងតាមរយៈរបាយការណ៍របស់ខ្លួនថា ពលករខ្មែរនៅប្រទេសថៃមួយចំនួន ត្រូវរងការរំលោភបំពានធ្ងន់ធ្ងរពីថៅកែជាជនជាតិថៃ។ ក្នុងនោះមានដូចជាការធ្វើទារុណកម្ម ការកាត់ប្រាក់ខែ ការហូបចុកមិនគ្រប់គ្រាន់ និងធ្ងន់ធ្ងរជាងនេះ គឺការបាត់ខ្លួន និងបាញ់សម្លាប់តាមព្រំដែនជាដើម។ សមាគមនេះ ក៏បានជំរុញឲ្យរដ្ឋាភិបាលខ្មែរ បង្កើនការចាប់អារម្មណ៍ និងជំរុញវិធានការផ្លូវច្បាប់ជាមួយរដ្ឋាភិបាលថៃ ដើម្បីធានាបាននូវការការពារកិត្តិយស សេចក្ដីថ្លៃថ្នូរ និងយុត្តិធម៌ សម្រាប់ពលករខ្មែរជាទូទៅ។
សូមរំលឹកថា កាលពីឆ្នាំ២០១៤កន្លងទៅ នៅពេលដែលរបបយោធាថៃឡើងកាន់អំណាច ពលករខ្មែរជាង២សែននាក់ ត្រូវបានចាប់បញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ។ ក្រោយចំណាត់ការដ៏បន្ទាន់នោះ ប្រទេសថៃបានចេញមុខសម្របសម្រួលនិងដាក់ឲ្យដំណើរការយន្តការមួយចំនួន ដើម្បីឲ្យពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ក្លាយជាពលករស្របច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ