ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
កម្ពុជា

រថ​ភ្លើង​ខ្សែ​ទី​មួយ​ចេញ​ដំណើរ​ហើយ​ដោយ​មាន​ដំណើរ​ជិត​៣០០​នាក់

media  
រថភ្លើង​ខ្មែរ ក្នុង​ដំណើរ​ការ​ដឹក​ជញ្ជូន​ទំនិញនា​ពេល​​កន្លង​មក RFI/Nhim Sophal

ដូច​ការ​គ្រោង​ទុក​នៅ​សៅរ៍​ទី​០៩​មេសា​នេះ​ រថ​ភ្លើង​ខ្សែ​ទី​មួយ​ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញទៅ​ព្រះ​សីហនុ​បាន​ចេញ​ដំណើរ​ហើយ ។ សម្រាប់​ថ្ងៃ​ដំបូង​អ្នក​ជិះ​មាន​ចំនួន​ជិត​៣០០នាក់ ។ ចំនួន​នេះ​ត្រូវ​បាន​បុគ្គ​លិក​ក្រុម​ហ៊ុន Royal Railway ដែល​ទទួល​សិទ្ធ​វិនិ​យោគ​លើគម្រោង​ដាក់​ឲ្យ​ដំណើរ​ការ​ខ្សែ​រថ​ភ្លើង​វាយ​ តម្លៃ​ថា មាន​ការ​គាំទ្រ​ពី​អ្នក​ដំណើរ។ ហើយ​បើតាម​គម្រោង​នៅ​ថ្ងៃ​ស្អែក​នេះ​រថ​ភ្លើង​ខ្សែ​ទី​ពីរ​ដែល​ធ្វើ​ដំណើរ​ ពី​ព្រះ​សីហនុ​មក​ភ្នំពេញ​ក៏នឹង​ដាក់​ដំណើរ​ការ​ផង​ដែរ។

រថ​ភ្លើង​ខ្សែ​ទី​មួ​យ​បាន​ចេញ​ដំណើរ​នៅ​ម៉ោង​៧​ព្រឹក ហើយ​ទៅ​ដល់​គោល​ដៅ​ដែល​បានកំណត់​នៅ​ម៉ោង​៤​ល្ងាច​ពី​ភ្នំពេញ​ទៅ​ព្រះ​សីហនុ ដើម្បី​ទំលាក់​អ្នក​ដំណើរ​ប្រមាណ៣០០​នាក់​ដែល​មាន​ទាំង​ខ្មែរ​និង​បរទេស នៅ​តាម​គោល​ដៅ​រៀងៗ​ខ្លួន​របស់​ពួក​គេ។ អតិ​ថិ​ជន​ត្រូវ​ចំណាយ​លុ​យ​​ចន្លោះ​ពី​១២០០០រៀល ២០០០០រៀល ទៅ ២៤០០០រៀល ក្នុង​ការ​ជិះ​រថ​ភ្លើង​រយៈ​ពេល​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នេះ។ នៅ​ថ្ងៃ​ទី​៩​មេសា​ដែល​ថ្ងៃ​ដំបូង និង​ថ្ងៃ​ស្អែក​ទី​១០​មេសា គឺ​សំបុត្រ​ត្រូវ​បាន​លក់​អស់​ហើយ។

តាម​គម្រោង​ថ្ងៃ​ទី​១០​មេសា​ស្អែក ​រថ​ភ្លើង​ខ្សែ​ទី​ពីរ​ធ្វើ​ដំណើរ​ពី​ព្រះ​សីហនុ​មក​ភ្នំពេញ​វិញត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​បន្ទាប់​ពី​ខ្សែ​ទី​មួ​យ​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៩​មេសា​នោះ បុគ្គលិក​ក្រុម​ហ៊ុន​Royal Railway រំពឹង​ថា នឹង​ទទួល​បាន​គាំ​ទ្រ​ខ្លាំ​ង​ពី​អ្នក​ដំណើរ​ដូច​ថ្ងៃ​ទីមួយ។ យ៉ាង​ណា​ម៉ិញ ដំណើរ​ការ​រថ​ភ្លើង​បង្ហាញ​ខ្លួន​ត្រឹម​តែ​រយៈ​ពេល​៩​ថ្ងៃ​ប៉ុណ្ណោះ​គិតចាប់​ពី​ថ្ងៃ​ទី​០៩​ដល់​ថ្ងៃ​ទី​១៧មេសា ពោល​គឺ​ក្រោយ​ពិធី​បុណ្យ​ចូ​ល​ឆ្នាំ​ខ្មែ​រ​ត្រូវ​បាន​បិទបញ្ចប់​ទាំង​ស្រុង។ ​ក៏​ព្រោះ​តែ​នេះ​ជា​ដំណើរ​ការ​សាក​ល្បង។

ក្រោយ​ដំណើរ​ការ​បញ្ចប់ ក្រុមហ៊ុនRoyal Railway នឹង​សិក្សា​បន្ត​ទៀត​ថា ​គួរ​ដាក់​ឲ្យដំណើរ​ការ​បន្ត​ឬ​យ៉ាង​ណា? សូមបញ្ជាក់ថា ការ​បើក​ដំណើរ​ការ​ឡើង​វិញ​រថភ្លើងនេះគឺ​ផ្តោត​សំខាន់​លើ​ភ្ញៀវ​ទេសចរ​ និង​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរ​តាម​ផ្លូវ​ជាតិ។ សូមរម្លឹកឡើងវិញថា បន្ទាប់​ពី​អាក់​ខាន​លែង​បាន​ដឹក​អ្នក​ដំណើរ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ រថភ្លើង​ខ្មែរ​កំពុង​តែ​ត្រឡប់​មក​រស់រាន​មាន​ជីវិត​ឡើង​វិញ​។

ខ្សែ​រថភ្លើង​ទាំង​ពីរ​ខ្សែ​នៅ​កម្ពុជា ត្រូវ​បាន​សាង​សង់​និង​ដាក់​ឲ្យ​ដំណើរការ​ដំបូង​បង្អស់​នៅ​ចន្លោះ​ទសវត្សរ៍​ ឆ្នាំ ១៩៣០ និង ១៩៦០ ជា​ពេល​ដែល​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​បារាំង​នៅ​ឡើយ​។ ក្នុង​នោះ ខ្សែ​ទី​មួយ​ភ្ជាប់​ទីក្រុង​ភ្នំពេញ ទៅ​ពោធិ៍សាត់ បាត់ដំបង សេរីសោភណ្ឌ និង​ប៉ោយប៉ែត មាន​ចម្ងាយ​សរុប ៣៨៦ គីឡូម៉ែត្រ ខណៈ​ខ្សែ​រថភ្លើង​ទី​ពីរ ភ្ជាប់​ភ្នំពេញ​ទៅ​ទី​ក្រុង​ព្រះសីហនុ ដោយ​ឆ្លង​កាត់​ខេត្ត​កំពត មាន​ចម្ងាយ​ចំនួន ២៦៦ គីឡូម៉ែត្រ។ សរុប​ផ្លូវ​ដែក​កម្ពុជា​ទាំង​ពីរ​ទិស មាន​ប្រវែង​សរុប ៦៥២ គីឡូម៉ែត្រ។នៅ​ក្នុង​អំឡុង​ពេល​នោះ សេវា​ដឹក​ជញ្ជូន​តាម​រថភ្លើង​មាន​សកម្មភាព​មមាញឹក​ខ្លាំង​មែន​ទែន ដោយ​បាន​ដឹក​អ្នក​ដំណើរ​ជាង​២​លាន​នាក់ និង​ទំនិញ​ប្រមាណ​៣​សែន​៥​ម៉ឺន​តោន​៕

 
 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ