ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 28/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 28/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 28/07 12h00 GMT
Cambodia

ការ​ប្រកាស​ទ្រព្យ​សម្បតិ្ត​ដោយ​ចំហ​ជា​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា

media  
លោក​ឱម យ៉ិនទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ RFI/Channa Siv

ជា​ថ្មី​ម្តង​ទៀត អ្នក​ស្រាវ​ជ្រាវ​សង្គម​លោក កែម ឡី បាន​ទទូច​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិដោយ​ចំហ ចាប់​តាំង​ពី​នាយក​រដ្ឋមន្ត្រី រហូត​ដល់​មន្ត្រី​ជាន់​ទាប​និង​ជាន់​ខ្ពស់ និង​អ្នក​ពាក់​ព័ន្ធទាំង​អស់​ដែល​មាន​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ។ ការ​ធ្វើ​បែប​នេះ​ត្រូវ​គេ​ជឿ​ជាក់​ថា ជាមធ្យោ​បាយ​ដ៏​មាន​ប្រសិទ្ធ​ភាព ក្នុង​ការ​ប្រឆាំង​អំពើ​ពុករ​លួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ក៏​ប៉ុន្តែ​ មន្ត្រី​រដ្ឋាភិបាល​ថា​ដំណោះ​ស្រាយ​មិន​អាច​ធ្វើ​ទៅ​តាម​ការ​យល់​ឃើញ​តាម​ អារម្មណ៍​បាន​ទេ។

ការ​ទទូច​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ចំហ នៅ​តែ​ជា​របៀប​វារៈ​សង្គម​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដដែល ខណៈ​ប្រធានបទ​នេះ​ត្រូវ​បាន​អ្នក​នយោបាយ ជា​ពិសេស​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​តែង​ធ្វើ​អត្ថាធិប្បាយ​កន្លង​មក​ថា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដោយ​សំអាង​លើ​ហេតុផលសន្តិ​សុខ។

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ លោក កែម ឡី អ្នក​ស្រាវ​ជា្រវ​សង្គម បាន​លើក​ឡើង​ថា ថ្នាំ​ដែល​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ពុក​រលួយ​ឲ្យ​ជា​សះ​ស្បើយ ពិត​ប្រាកដ​នោះ​គឺ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ចំហ​និង​ទាំង​គ្រួសារ​និង​ធ្វើ​សវនកម្ម​ទ្រព្យសម្បត្តិ​ប្រចាំ​ឆ្នាំ លើ​ថ្នាក់​ដឹក​នាំ​កំពូលៗ​ដូច​ជា​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រម​ទាំង​អភិបាល​នៃ​គណៈ​​​អភិបាល​រាជ​ធានី ខេត្ត​និង​ក្រុង​ផង​ដែរ។
 
អ្នក​ស្រាវ​ជ្រាវ​និង​តាម​ដាន​សង្គម​រូប​នេះ មើល​ឃើញ​ថា​ករណី​ដែល​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត
កំពូលៗ​ មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ថា​ខ្លួន​មិន​ពុក​រលួយ​សូម្បី​តែ​១ដុល្លារ​នោះ ស្ថាន​ភាព​ពុក​រលួយ​អាច​កាត់​បន្ថយ​និង​ឈាន​ទៅ​រក​ការ​លុប​បំបាត់​បាន​ទាំង​ស្រុងក្នុង​រយៈ​ពេល​៥​ឆ្នាំ​ឬ​១​អាណត្តិ។
 
ខណៈ​ដែល​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​អាច​ទាក់​ទង​បាន​នោះ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការគណៈ​រដ្ឋ​មន្ត្រី​លោកផៃ ស៊ីផាន បាន​អត្ថាធិ​ប្បាយ​ថា យន្ត​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជាត្រូវ​បាន​ធ្វើ​ឡើង​យោង​ទៅ​តាម​ច្បាប់​មិន​មែន​ធ្វើ​ឡើង​តាម​អារម្មណ៍​នោះ​ទេ។ហើយ​លោក​ថាដោយ​បញ្ហា​សុវត្ថិភាព​និង​សន្តិសុខ​បុគ្គល បទ​ពិសោធន៍​ពិភ​ព​លោក​ក៏​មិន​មាន​ការ​ប្រកាសទ្រព្យ​សម្បត្តិ​ដោយ​ចំហរ​ដែរ។តែ​ពេល​នេះ​កម្ពុជា​បាន​ចាប់​ផ្តើម​ពី​ការ​ចូល​រួម តម្លាភាព សុច្ចរិតភាព​និង​គណនេយ្យ​ភាព បាន​ក្លាយ​ទៅ​ជា​វប្បធម៌​ប្រឆាំង​អំពើ​ពុក​រលួយ​ហើយ។
 
ជា​មួយ​គ្នា​នេះ លោក​កែម ឡី បាន​លើក​ឡើង​ជា​អនុសាសន៍​សំខាន់ៗ​ចំនួន​១៤​ចំណុច ដែលជា​ទស្សនៈ​ បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។ចំណុច​ទាំងនោះ​មាន​ទាក់​ទង​ទៅ​នឹង​ការ​រៀប​ចំ​សវនកម្ម​សហគ្រាស​ប្រចាំ​ឆ្នាំ​តាម​ស្រុក​ខណ្ឌ ដោយ​នាយក​ដ្ឋាន​ពន្ធដារ។កា​រប្រមូល​ពន្ធ​ត្រូវ​ផ្អែក​លើ​របាយការណ៍​សវនកម្ម​ប្រចាំ​ឆ្នាំ ប្រព័ន្ធ​ទិ​ន្ន​ន័យចំណូល​ចំណាយ ប្រាក់​កំចី ជំនួយ​ឥត​សំណង​គ្រប់​ប្រភេទ​និង​បំណុល របាយការណ៍​ទូទាត់ហិរញ្ញ​វត្ថុ​ប្រចាំ​ឆ្នាំ ត្រូវ​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​និង​អង្គការ​សង្គម​ស៊ីវិល។
 
គណៈ​កម្មាធិការ​ជំនាញ​រដ្ឋសភា​ជាតិ​ដែល​មាន​សមាជិក​ចំរុះ​អាច​រៀបចំ​សវនកម្ម​អង្គភាព​ណាមួយ​ក៏​បាន។ សាធារណជន អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល អាច​ទទួល​ព័ត៌មាន​សាធារណៈជាពិសេស​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ចំណូល​ចំណាយ​ថវិការ​ជាតិ​ជា​ប្រចាំ​និង​ទាន់​ពេល​វេលា។ល។និង។ល៕
 

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ