អានតួអត្ថបទ
កម្ពុជា

វ៉ាក់​សំាង BCG ៖ ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និងក្រសួង​សុខាភិបាល​យល់​ឃើញ​ផ្ទុយ​គ្នា!

លោក​វេជ្ជ​បណ្ឌិត Beat Richner ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​ជាទី​ប្រឹក្សា​ក្រសួង​សុខា​ភិបាលកម្ពុជា បាន​លើក​ឡើង​ថា វ៉ាក់​សាំង ការ​ពារ​ជំងឺ​របេង​រលោក​ស្រោម​ខួរ​ប្រភេទ​ BCG ​គ្មានប្រសិទ្ធ​ភាព​។ លោក​បាន​អំពាវនាវ​ទៅ​កាន់​ក្រសួង​សុខាភិ​បាល ជា​បន្ត​បន្ទាប់ ឱ្យ​បញ្ឈប់​ការចាក់​វ៉ាក់សាំង​ប្រភេទ​ទៅ​លើ​កុមារ ព្រោះ​មិន​ត្រឹម​តែ​គ្មាន​ប្រសិទ្ធ​ភាព​ទេ ថែម​ទាំង​មាន​ផលអាក្រក់​ថែម​ទៀត​។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​តាម​រយៈ​ប្រធាន​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំបង្ការ​បាន​ បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ និង​បញ្ជាក់​ថា ក្រសួង​សុខាភិបាល​ និង​ អង្កការសុខ​ភាព​ពិភព​នៅ​តែ​ណែ​នាំ​ឱ្យ​ចាក់​វ៉ាក់​សំាង​នេះ​ជា​បន្ត​ទៀត  ដោយ​សារ​តែ​វ៉ាក់​សំាង​នេះ​ នៅតែ​មាន​ប្រសិទ្ធ​ភាព​ចំពោះ​កុមារ ហើយ​ថា​គ្មាន​ឯក​សារ​ណា​មួយ​ដែល បញ្ជាក់​ថា ក្មេង​ដែល​វ៉ាក់សំាង BCG​ នេះ​ហើយ មាន​សភាព​ធ្ងន់ធ្ងរ​ដូច​អ្វី​ដែល​លោក វេជ្ជ​បណ្ឌិត Beat Richnerលើក​ឡើងនោះ​ទេ ។  

ជំងឺរបេងរលោកស្រោមខួរប្រភេទ BCG
ជំងឺរបេងរលោកស្រោមខួរប្រភេទ BCG Dr. Beat Richner
ផ្សាយពាណិជ្ជកម្ម

លោក ឱក វិចិត្រ ប្រធាន​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​បាន​រៀប​រ៉ាប់​ពី​ហេតុ​ផល​ដែល​បញ្ជាក់​ថា​ វ៉ាក់​សំាង​ BCG ប្រឆាំង​ជំងឺ​របេង នៅ​តែ​មាន​ប្រសិទ្ធិ​ភាព មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​ជួយ​ការពារ​ថែម​ទៀត។ លោក​លើកឡើង​ថា សូម​កុំ​យក​ករណី​២ ឬ ៣ ដែល​បណ្តាល​ឱ្យ​ទារក​ស្លាប់​មក​ធ្វើ​ជា​ការ​វិនិច្ឆ័យ​ជា​ទូទៅ ។ ពី​ព្រោះក្រសួង​សុខាភិ​បាល​គឺ​ធ្វើ​អ្វី​ស្រប​ទៅ​តាម​ការណែនាំ​របស់​អង្កការ​សុខភាព​ពិភព​លោក ទៅ​កាន់​គ្រប់​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​អស់ ពិសេស​តំបន់​អាស៊ីប៉ា​ស៊ីហ្វិក។

 
លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​លើក​ឡើង​ថា​នៅ​សហរដ្ឋ​អាមេរិក​គេ​បាន​រក​ឃើញ​ថា ​វ៉ាក់​សាំង BCG នេះគ្មាន​ប្រសិទ្ធ​ភាព​តាំង​តែ​ពី​ឆ្នាំ ១៩៤៣​មក​ម្លេះ ។ លោក​ថា នៅ​ប្រទេស​បារាំង​ គេឈប់​ចាក់​វ៉ាក់​សាំង​នេះ តាំងតែ​ពី​ឆ្នាំ ២០០៥ ចំណែក​ប្រទេស​ស្វីស​ឈប់​ចាក់ នៅ​ឆ្នាំ ២០១១​។ លោក​ក៏​យល់​ថា​ហេតុ​អ្វី​បាន​ជា​ អង្កការសុខ​ភាព​ពិភព​លោក នៅ​តែ​បន្ត​ឱ្យ​ប្រទេស​ក្រីក្រ​ចាក់​វ៉ាក់​សាំង​នេះ។​

ចំពោះ​កង្វល់​ដែល​ លោក​វេជ្ជ​បណ្ឌិត Beat Richner នេះ! លោក​ ឱក​ វិចិត្រ ​បន្ត​ថា ហេតុ​អី្វ​បាន​ជា​វ៉ាក់​សាំង​នេះត្រូវ​បាន​ប្រើ​ប្រាស់​ភាគ​ច្រើន​តែ​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​? ​ពី​ព្រោះ​ប្រទេស​ដែល​ជឿន​លឿន​និង មាន​ការ​អភិវឌ្ឍន៍​មិន​សូវ​មាន​ជំងឺ​ឆ្លង បើ​មាន​ក៏​ស្ថិត​ក្នុង​ករណី​មួយ​តិច​បំផុត​ដែល​អាច​ដោះ​ស្រាយ​ទាន់​ពេលវេលា ​ដូច្នេះ​ហើយ​គេ​មិន​ចង់​ចំណាយ​ថវិកា​ជាតិ​ខ្វះ​ខ្ជាយ​នោះ​ទេ ​។

 
ដោយ​ឡែក​ចំពោះ​សំណើ​របស់​ លោក​វេជ្ជ​បណ្ឌិត Beat Richner ឱ្យ​បញ្ឈប់​ការ​ចាក់​វ៉ាក់​សាំង​នេះ ដោយ​ហេតុថា ​រក​ឃើញ​ទារក ​ឬ កុមារ​ដែល​ស្លាប់​ប៉ុន្មាន​ករណី​ចុង​ក្រោយ​នេះ ត្រូវ​បាន​ប្រធាន​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការពន្យល់​ថា ៖ គ្រប់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ទំាង​អស់ មិន​មែន​ទទួល​បាន​ប្រសិទ្ធ​ភាព​១០០% នោះ​ទេ​ មាន​ន័យ​ថាវាជោគ​ជ័យ​ប្រសិន​បើ​យើង​ចាក់​ថ្នាំ​បង្ការ​ទៅ​លើ​មនុស្ស​១០០​នាក់​ ហើយ​អាច​ការពារ​បាន​មនុស្ស​ចំនួន​៩៥នាក់​នោះ​។ ហើយ​ក្រសួង​សុខាភិបាល​ក៏​បាន​យក​មក​ធ្វើ​ការ​ពិភាក្សា​ផង​ដែរ​ប៉ុន្តែ ​គ្មាន​ឯក​សារណា​មួយ​ដែល បញ្ជាក់​ថា ក្មេង​ដែល​វ៉ាក់​សំាង BCG​ នេះ​ហើយ ​មាន​សភាព​ធ្ងន់​ធ្ងរ​ដូច​អ្វី​ដែល​លោក ​វេជ្ជ​បណ្ឌិត Beat Richnerលើក​ឡើង​នោះ​ទេ។

ជា​ការ​កត់​សម្គាល់ តាំង​តែ​ពី​លោក វេជ្ជ​បណ្ឌិត Beat Richner ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ក្រសួង​សុខាភិបា​ល​មក លោក​បាន​ជម្រាប​ទៅ​ដល់​អាជ្ងាធរ​សុខាភិ​បាល​ជា​ច្រើន​លើក​ច្រើន​សារ ឱ្យ​បញ្ឈប់​ការ​ចាក់​វ៉ាក់​សាំង ​BCG ។ ព្រោះ​លោក​បាន​រក​ឃើញ​កុមារ​ដែល​បាន​ស្លាប់ ប៉ុន្មាន​ករណី​ចុង​ក្រោយ​នេះ​កើត​ឡើង​ដោយ​សារ​តែ​ពួក​គេបាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង ​BCG​ នេះ។ លោក ​វេជ្ជបណ្ឌិត Beat Richner បញ្ជាក់​ថា ក្មេង​ដែល​ចាក់​វ៉ាក់​សំាង​នេះ មាន​ទម្រង់​ជំងឺ​របេង​ធ្ងន់ធ្ងរ​ជាង​ក្មេង​ដែល​មិន​បាន​ចាក់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ