អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​មិន​បោះ​បង់​ចោល បំណង​ជួប​រដ្ឋ​មន្ត្រី​ទាំង​បី​ដើម្បី​សាកសួរ​

មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ សង្រ្គោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា​គណបក្ស​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ ចំពោះការ​បញ្ជូន​លិខិត​កោះ​ហៅ​រដ្ឋ​មន្ត្រី​ទាំង​បី​មក​សាក​សួរ​។ ប៉ុន្តែ​សមា​ជិក​សភា​នៃ​បក្ស​ប្រឆាំង​នឹង​ជួប​ប្រធាន​រដ្ឋសភា​ជា​មុន​សិន ដើម្បី​ពិភាក្សា​រឿង​កោះ​ហៅ​រដ្ឋ​មន្ត្រី​ទាំង​៣នោះ​។ ចំណែក​អ្នក​នាំ​ពាក្យ​សភា​ថា​នៅ​ពេល​ណា ដែល​ស្ថាន​ការណ៍​នយោបាយ​ល្អ​ឡើង​វិញ នោះ​ការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នៃ​ការ​បញ្ជូន​សំណើ​កោះ​អញ្ជើញរដ្ឋ​មន្ត្រី នឹង​ត្រូវ​ដក​ចេញ​វិញ​ដែរ​។ 

ស្លាកសញ្ញា​របស់​គណបក្ស​សង្រ្គោះជាតិ​។
ស្លាកសញ្ញា​របស់​គណបក្ស​សង្រ្គោះជាតិ​។ @បណ្តាញសង្គម
ផ្សាយពាណិជ្ជកម្ម

 

លោក​សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្រ្គោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ ថាក្រោយ​ពី​មាន​សេច​ក្តី​ប្រកាស​ពី​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ពី​ការ​ផ្អាក​បណ្តោះ​អាសន្ន​ការ​បញ្ជូន​លិខិត​កោះ​ហៅ​រដ្ឋមន្ត្រី​ គណ​បក្ស​សង្រ្គោះ​ជាតិ​មាន​គម្រោង​ជួប​ប្រធាន​រដ្ឋ​សភា លោក​ហេង សំរិន។ ជា​ជំនួប ដើម្ប​សាក​សួរ​បញ្ជាក់​ពី​មូលហេតុ​ និង​នីតិ​វិធី ក្នុង​ការ​អនុវត្ត​គោល​ការណ៍​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​៩៦ ចំពោះ​ការ​កោះ​ហៅ​រដ្ឋ​មន្ត្រី​មក​សាក​សួរ។

លោក​សុន ឆ័យ​បញ្ជាក់​ថា​ក្នុង​សប្តាហ៍​ក្រោយ​នេះ លោក​នឹង​ទាក់​ទង​លោក​ ឡេង ប៉េង​ឡុង អគ្គ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ដើម្បី​ធ្វើ​លិខិត​សុំ​ជួប​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា។ លោក​លើក​ឡើង​ថាការ​កោះ​ហៅ​រដ្ឋ​មន្ត្រី​មក​សាក​សួរ គឺ​ជា​កាតព្វកិច្ច​ចំពោះ​មុខ​ប្រជា​ជាតិ ហើយ​បក្ស​សង្រ្គោះ​ជាតិ​គោរព​ទៅ​តាមរដ្ឋ​ធម្មនុញ្ញ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា។

សូម​បញ្ជាក់​ថា​លោក​នា​យក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​ទី១ ខែកុម្ភៈ បាន​គូស​បញ្ជាក់​ថា ​នឹង​មិន​អនុញ្ញាត​ឲ្យ​រដ្ឋមន្រ្តី​៣រូប​របស់​ខ្លួន​ចូល​ទៅ​បំភ្លឺ​នៅ​សភា​តាម​ការ​អញ្ជើញ​របស់​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​នោះ​ទេ នេះ​ក៏ព្រោះ​តែ​គណបក្ស​មិន​ចូល​ប្រជុំ​សភា។ រដ្ឋ​មន្ត្រី​៣​រូប​ចុង​ក្រោយ ដែល​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិគ្រោង​ហៅ​ចូល​បំភ្លឺ​នៅ​សភា​នោះ​រួម​មាន៖ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ រដ្ឋ​មន្រ្តី​ក្រសួង​កសិ​កម្ម និង​រដ្ឋ​មន្រ្តីក្រសួង​ការ​ងារ​។

ក្រោយ​មក​នៅ​ថ្ងៃ​ទី២ ខែ​កុម្ភៈ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ ថា ស្រប​តាម​កឋា​ខណ្ណ​ទី២ នៃ​មាត្រា​៣១ នៃ​រដ្ឋ​ធម្មនុញ្ញ និង​ដើម្បី​ធានា​ឲ្យ​មាន​សម​ធម៌​នយោបាយ​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ក្នុង​ករណី​ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ពុំ​អនុវត្ត​ការងាររបស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​ជា​ប្រក្រតី​ទេ​នោះ រដ្ឋ​សភា​សម្រេច​ផ្អាក​មិន​បញ្ជូន​សំណើ​កោះ​អញ្ជើញ​រដ្ឋ​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​មក​បំភ្លឺ​ចំពោះ​គណៈកម្មការ​នានា​នៃ​រដ្ឋសភា ដែល​ដឹក​នាំ​ដោយ​គណបក្ស​ក្រៅ​រាជ​រដ្ឋាភិបាល​ជា​បណ្តោះ​អាសន្ន​សិន​។

លោក ឡេង ប៉េងឡុង អគ្គ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​បាន​ប្រាប់​វិទ្យុ​បារាំង​បន្ថែម​ថា​នៅ​ពេលដែល​ស្ថាន​ការណ៍​នយោបាយ​ល្អ​ឡើង​វិញ នោះ​ការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នេះ​និង​ត្រូវ​ដក​ចេញ។ លោក​ឡេង ប៉េង​ឡុង​ថា ដើម្បី​មាន​សមធម៌​នយោបាយ គណបក្ស​ដែល​មាន​អាសនៈ​ទាំង​ពីរ​ត្រូវ​តែ ​ចរ​ចា​គ្នា និង​ធ្វើ​ការជា​មួយ​គ្នា​នៅ​ក្នុង​សភា​ក្នុង​នាម​ជា​តំណាង​រាស្ត្រ ហើយ​ជជែក​គ្នា​ពី​ប្រធាន​បទ​អ្វី​ក៏​បាន​ដែរ ទៅ​តាម​រចនា​សម្ព័ន្ធ​របស់​សភា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ