ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
កម្ពុជា

ខួប​១​ឆ្នាំ​មរណភាព​របស់​បណ្ឌិត កែម ឡី ពិធី​បុណ្យ​បែប​សាសនា​ស្ងប់​ស្ងាត់​នៅ​ភ្នំពេញ តែ​ពិធី​សាសនា​ធំដុំ​នៅ​ស្រុក​កំណើត!

media  
ពិធី​បុណ្យ​ខួប ១ ឆ្នាំ មរណភាព​របស់​បណ្ឌិត កែម ឡី

​​នៅ​ថ្ងៃ​ទី​១០​កក្កដា​នេះ គឺ​ជា​គម្រប់​ខួប​នៃ​ឆ្នាំ​នៃ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​និង​សង្គម​បណ្ឌិត កែម ឡី នៅ​កណ្តាល​ក្រុង​ភ្នំពេញ។ នៅ​កន្លែង​បាញ់​សម្លាប់​និង​វត្ត​តម្កល់​សព​ ​ការ​ធ្វើ​ពិធី​បួង​សួង​រម្លឹក​វិញ្ញាណ​ក្ខន្ធ មាន​សភាព​ស្ងប់ស្ងាត់ តែ​មាន​ការ​រៀបចំពិធី​សាសនា​ធំដុំ​នៅ​ស្រុក​កំណើត​របស់​លោក នៅ​ឯ​ខេត្ត​តាកែវ។

នៅ​ខេត្ត​តាកែវ ក្នុង​ស្រុក​ត្រាំកក់ ជា​ស្រុក​កំណើត​របស់​បណ្ឌិត​ កែម ឡី មាន​ការ​រៀបចំ​ពិធី​សាសនា​​សូត្រ​មន្ត​នមស្ការ​ និង​ពិធី​បង្សុកូល​ រាប់​បាត​ព្រះ​សង្ឃ​ចំនួន​៥១​អង្គ ដែល​ស្មើ​នឹង​អាយុ​របស់​លោក​ កែមឡី។ ពិធី​នោះ មាន​ការ​ចូល​រួម​ពី​សំណាក់​នៃ​អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ជា​ច្រើន​នាក់ ដែល​ចេញ​ចូល​ប្រដាក់​បន្ត​កន្ទុយ​គ្នា។

ចំណែក​ឯ​នៅ​ភ្នំពេញ នៅ​វត្ត​ចាស់ ទី​ដែល​តម្កល់​សព​របស់​អ្នក​វិភាគ​សង្គម​និង​នយោបាយ​រូប​នេះ គឺ​មាន​ពិធី​បុណ្យ​សាសនា​បន្តិច​បន្តួច​ ដោយ​មាន​ព្រះ​សង្ឃ​បួន​ដប់​អង្គ និង​មនុស្ស​បួន​ដប់​អ្នក​ចូល​រួម។ អ្នក​ផ្តើម​បុណ្យ​ ព្រះ​ភិក្ខុ ប៊ុត ប៊ុនតិញ មាន​សង្ឃ​ដីកា​ប្រាប់​វិទ្យុ​បារាំង​RFI ថា ការ​ធ្វើ​ពិធី​តិច​តួច​ដូច្នេះ គឺ​គ្រាន់​ដើម្បី​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ។​ ដ្បិត​ថា វត្ត​ចាស់​នេះ គឺ​ជា​ទី​តម្កល់​សព​និង​ជា​កន្លែង​ធ្វើ​បុណ្យ​មួយ​រយ​ថ្ងៃ​របស់​បណ្ឌិត កែម ឡី ផង។ តាម​សង្ឃដីកា​របស់​ព្រះ​ភិក្ខុ ប៊ុត ប៊ុនតិញ គឺ​អ្នក​រៀប​ចំ​ពិធី​បុណ្យ​ ចង់​គ្រាន់​តែ​រម្លឹក​វិញ្ញាណក្ខន្ធ របស់​បណ្ឌិត​ កែម ឡី តែ​ប៉ុណ្ណោះ មិន​ចង់​ឲ្យ​មាន​ការ​ចម្រូង​ចម្រាស់​ចលាចល​អ្វី​នោះឡើយ​។

នៅ​ភ្នំពេញ​ដដែល​ តែ​នៅ​ហាង​ស្ដារ​ម៉ាត Star Mart នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច Caltex ក្បែរ​ស្ដុប​បូកគោ ជា​ទី​កន្លែង​ឃាតករ​បាញ់​សម្លាប់​លោក​ កែម ឡី កាល​ពី១​ឆ្នាំ​មុន គឺ​នៅ​តែ​មាន​ក្រុម​យុវជន​ មន្ត្រី​​សង្គម​ស៊ីវិល និងអ្នក​អាណិត​គោរព​ស្រឡាញ់​រូប​នោះ នៅ​តែ​បន្ត​ទៅ​ដាក់​កម្រង​ផ្កា អុជ​ធូប​ឧទ្ទិស​បួង​សួង​។​ ការ​ដាក់​កម្រង​ផ្កា​នេះ គឺស្ថិត​ក្រោម​ក្រសែ​ភ្នែក​របស់​អាជ្ញាធរ និង​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ចម្ការ​មន ប្រហែល​៣០​នាក់ ដែល​បាន​ត្រូវ​ដាក់​ពង្រាយ​។

ចំពោះ​ក្រុម​អាជ្ញាធរ, តាំង​ពី​ថ្ងៃ​ទី​៩​កក្កដា​មក​ ការ​គោរព​វិញ្ញាណក្ខន្ធ​ដោយ​មាន​ការ​ដាក់​កម្រង​ផ្កា​និង​រូប​នេះ ជា​សកម្មភាព​ខុស​ច្បាប់ ព្រោះ​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​ក្រុង​ភ្នំពេញ។ តែ​ប្រសិន​បើ​សកម្មភាព​នេះ មាន​ការ​ជូន​ដំណឹង​មុន​ទៅ​សាលា​ក្រុង នោះ​អាជ្ញាធរ​នឹង​ជួយ​សម្រប​សម្រួល ឬ​ការពារ​ថែម​ទៀត​ផង។

គួរ​បញ្ជាក់​ថា ក្រោម​មរណភាព​របស់​លោក កែម ឡី បាន​មួយ​ឆ្នាំ​ទៅ​ហើយ មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត ខណៈ​ដែល​នៅ​មាន​ការ​មន្ទិល​សង្ស័យ​ចំពោះ​ដំណើរ​ការ​ស៊ើប​អង្កេត។​ ក្រុម​គ្រួសារ​សព និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជា​ច្រើន​ នៅ​តែ​បន្ត​ទទូច​ទាមទារ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​យុត្តិធម៌ ដើម្បី​ផ្តន្ទា​ទោស​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត។ ​បើ​តាម​ពួក​គេ​ទាំង​នោះ ការ​ស៊ើប​អង្កេត​ឯករាជ្យ​ជាថ្មី​ គឺ​ត្រូវ​មាន​ការ​ចូល​រួម​ពីអ្នក​ជំនាញ​អន្តរជាតិ។

ផ្ទុយ​ពី​នេះ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច ដោយ​បញ្ជាក់​ថា សំណុំ​រឿង​ឃាតកម្ម​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់​ការ​និង​នីតិវិធី​របស់​តុលាការ។​ ឃាតករ​ ត្រូវ​បាន​សាលា​ជម្រះ​ផ្តន្ទា​ទោស​រួច​ហើយ​ រីឯ​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត​តុលាការ​ក៏​កំពុង​ចំណាត់​ការ​បន្ត។ តាម​ក្រសួង​យុត្តិធម៌​ខ្មែរ, ការ​ស្វែង​រក​យុត្តិធម៌ ត្រូវ​តែ​ធ្វើ និង​អនុវត្ត​ទៅ​តាម​ច្បាប់ ដោយ​មិន​អាច​ធ្វើ​តាម​ចិត្ត​ចង់​នោះ​ឡើយ។​

យ៉ាង​ណា​ក៏​ដោយ​ចុះ​ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​​ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​នា​ពេល​ថ្មីៗ​នេះ ក៏​បាន​អំពាវ​នាវ​ទៅ​សមត្ថកិច្ច​ ឲ្យ​ពន្លឿន​ការ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ បណ្ឌិត កែម ឡី យក​ទៅ​កាត់​ទោស​ទៅ​តាមផ្លូវ​ច្បាប់។ ​លោក យី សុខសាន្ត បាន​រៀប​រាប់​ថា មរណភាព​របស់​បណ្ឌិត កែម ឡី គឺ​គួរ​ឲ្យ​ស្តាយ​ណាស់​ តែ​លោក​បាត់​បង់​តែ​រូប​កាយ​ទេ​ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​របស់​លោក មិន​សាប​សូន្យ​នោះ​ឡើយ៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ