អានតួអត្ថបទ
កម្ពុជា-សង្គម

​ពលករ​បរទេស​បំរើ​ការងារ​នៅក​ម្ពុជា​ត្រូវ​បាន​សង្ស័យ​ថា មាន​លើស​ពី​កូតា​កំណត់​១០%​

លោក ​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​លើក​ឡើង​ដោយ​ផ្អែក​លើ​ច្បាប់​ការងារ​ថា នៅ​ការដ្ឋាន​សំណង់​នីមួយៗ មិន​អាច​ឲ្យ​មាន​ជនបរទេស​ធ្វើ​ការ​លើស​ពី​១០ភាគរយ​នៃ​ចំនួន​អ្នក​ធ្វើ​ការ​ក្នុង​ការដ្ឋាន​នោះ​ទេ​។ ជា​ការ​លើក​ឡើង​ខណៈ​សហជីព​សំណង់​មើល​ឃើញ​ថា​តាម​ការ​ដ្ឋាន​សំណង់​ខ្លះ​មាន​ជន​បរទេស​ធ្វើ​ការ​ច្រើន​ជាង​ជនជាតិ​ខ្មែរ​។ 

កម្មករសំណង់ក្នុងទីក្រុងភ្នំពេញ
កម្មករសំណង់ក្នុងទីក្រុងភ្នំពេញ @REUTERS
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​បទ​សម្ភាស​របស់​វិទ្យុ​បារាំង​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី០៧ ខែមករា លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ​ក្រសួង​មហាផ្ទៃ​កំពុង​តែ​ត្រួត​ពិនិត្យ​លើ​ការ​ដ្ឋាន​សំណង់​ផ្សេងៗ​ទៀត​ដើម្បី​ពិនិត្យ​ពី​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់​ការងារ​។

លោក​បាន​លើក​ឡើង​ថា នៅ​តាម​ការ​ដ្ឋាន​នីមួយៗ មិន​ឲ្យ​មាន​ជនបរទេស​ធ្វើ​កិច្ច​ការងារ​លើស​ពី​១០​ភាគ​រយ​ទេ ដូច្នេះ​ក្នុង​ចំណោម​មនុស្ស​១០០​នាក់ បើ​មាន​ជន​បរទេស​លើស​ពី​១០​នាក់ នោះគឺ​ខុស​នឹង​ច្បាប់​ហើយ​។ លោក​បន្ថែម​ថា​រាល់​ជន​បរទេស ដែល​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​តែ​បង់​ពន្ធ​ប្រាក់​ចំណូល​ជូន​រដ្ឋ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ច្បាប់​របស់​កម្ពុជា​បាន​ចែង​ពី​កូតា​កំណត់​ចំនួន​ជនបរទេស​មិន​ឲ្យ​លើស​ពី​១០ភាគ​រយ​ក្នុង​ការ​ដ្ឋាន​មួយ ប៉ុន្តែ​ច្បាប់​ដដែល​នេះ​ក៏​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​គម្រោង ឬ​អ្នក​វិនិយោគ អាច​ស្នើ​សុំ​បន្ថែម​ចំនួន​ជន​បរទេស ប្រសិន​បើ​មាន​ករណី​ខ្វះ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ស្រុក ដើម្បី​បំពេញ​ការងារ​នៅ​ក្នុង​ការដ្ឋាន​របស់​ខ្លួន​។

ដោយ​ឡែក លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា បាន​អះអាង​ថា បច្ចប្បន្ន​នេះ ដោយ​សារ​មាន​លំហូរ​វិនិយោគ​របស់​ចិន​មក​កម្ពុជា​ច្រើន ធ្វើ​ឲ្យ​ចំនួន​ជន​បរទេស ដែល​ធ្វើ​ការ​នៅ​តាម​ការដ្ឋាន​សំណង់​មាន​លើស​ពី​១០​ភាគរយ​នៃ​កូតា ដែល​បាន​កំណត់​ដោយ​ច្បាប់​។ លោក​បន្ត​ថា​កន្លែង​ការដ្ឋាន​ខ្លះ​គឺ​មិន​មាន​ជនជាតិ​ខ្មែរ​តែ​ម្តង​។

លោក សុខ គីន បញ្ជាក់​ថា ជន​បរទេស​នៅ​តាម​ការដ្ឋាន​ច្រើន​ជាង​ជនជាតិ​ខ្មែរ​ជា​ម្ចាស់​ស្រុក នោះ​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង​ដូចជា កើត​មាន​នូវ​ការ​រើស​អើង​តាម​រយៈ​ប្រាក់​ឈ្នួល ព្រោះ​ជនបរទេស​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​ជនជាតិ​ខ្មែរ, ពលរដ្ឋ​ខ្មែរ​នឹង​បាត់​បង់​ការងារ​ធ្វើ ឬ​ទៅ​ធ្វើ​ការងារ​ចំណាក​ស្រុក​នៅ​ប្រទេស​ដទៃ​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ