អានតួអត្ថបទ
កម្ពុជា

ក្រសួង​យុត្តិធម៌ ដាក់​ចេញ​យុទ្ធនាការ ១០០​ថ្ងៃ ដើម្បី​ស្តារ​កេរ្តិ៍​ឈ្មោះ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ឡើង​វិញ

គណៈកម្មាធិការ​ដឹក​នាំ​ការ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ នៅ​ថ្ងៃ​ទី ១២ ឧសភា​នេះ ​បាន​ដាក់​ចេញ​នូវ​ការ​អនុវត្ត “យុទ្ធនាការ ១០០​ថ្ងៃ ក្នុង​ការ​វាយ​តម្លៃ​លើ​គុណភាព និង​ប្រសិទ្ធ​ភាព​នៃ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា”។ យុទ្ធនាការ​នេះ នឹង​ចាប់​ផ្តើម​ពី​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ​ត​ទៅ ដោយ​មាន​ការ​ស្ទង់​មតិ​ទៅ​លើ​មន្រ្តី​តុលាការ​នៅ​ទូ​ទាំង ២៤​រាជធានី-ខេត្ត នៅ​ទូទាំង​ប្រទេស។ នេះ​គឺ​ជា​លើក​ទី ១​ហើយ ដែល​ក្រសួង​យុត្តិធម៌​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​បែប​នេះ ដើម្បី​ស្តារ​កេរ្តិ៍​ឈ្មោះ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​ឡើង​វិញ។

លោក ជិន ម៉ាលីន​ អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​។​
លោក ជិន ម៉ាលីន​ អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​។​ @Facebook
ផ្សាយពាណិជ្ជកម្ម

“យុទ្ធនាការ ១០០​ថ្ងៃ ក្នុង​ការ​វាយ​តម្លៃ​លើ​គុណភាព និង​ប្រសិទ្ធភាព​នៃ​តុលាការ​កម្ពុជា” ​ដែល​ចាប់​ផ្តើម​អនុវត្ត​ពី​ដើម​ខែ​មិថុនា​ខាង​មុខ នឹង​ធ្វើ​ឡើង​ជា ២​ដំណាក់​កាល។ ដំណាក់​កាល​ទី​១. គឺ​ការ​បំពេញ​របាយការណ៍​ស្វ័យ​វាយ​តម្លៃ​របស់​តុលាការ (Self-Assessment Report) ដោយ​ផ្អែក​លើ​កម្រង​សំណួរ​អង្កេត (Survey Questionnaires) ទាក់​ទង​នឹង​ធាតុ​ទាំង ៧​នៃ​ប្រព័ន្ធ​ស្តង់ដា​តុលាការ​អន្តរជាតិ។ ដែល​ក្នុង​នោះ​រួម​មាន៖ ទី១៖ ការ​ដឹក​នាំ​និង​គ្រប់​គ្រង​ស្ថាប័ន, ទី​២៖ ការ​ធ្វើ​ផែនការ និង​គោល​បំណង​នយោបាយ​ស្ថាប័ន, ទី​៣៖ ធនធាន​ស្ថាប័ន (មនុស្ស សម្ភារៈ និងហិរញ្ញាវត្ថុ), ទី​៤៖ នីតិវិធី​ដំណើរ​ការ​ស្ថាប័ន, ​ទី​៥៖ សេចក្ដី​ត្រូវ​ការ និង​ការ​ពេញ​ចិត្ត​របស់​អតិថិជន, ទី​៦៖ ភាព​ងាយ​ស្រួល និង​តម្លៃ​សេវា​របស់​ស្ថាប័ន, និង​ទី​៧៖ គឺ​ការ​ជឿ​ទុក​ចិត្ត និង​ជឿ​ជាក់​ពី​សាធារណៈជន។

ចំណែក​ដំណាក់​កាល​ទី ២ គឺ​ការ​សិក្សា​បឋម​ទៅ​លើ​របាយការណ៍​ស្វ័យ​វាយ​តម្លៃ​របស់​តុលាការ និង​ការ​ចុះ​ជួប​ដោយ​ផ្ទាល់​នៅ​មន្រ្តី​តាម​ស្ថាប័ន​តុលាការ​ទាំង ២៤​រាជធានី-ខេត្ត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​បន្ថែម ដោយ​ផ្អែក​ទៅ​លើ​របាយការណ៍​ដែល​បាន​ស្ទង់​មតិ​នេះ។ បន្ទាប់​មក លទ្ធផល​ដែល​បាន​មក​ពី​យុទ្ធនាការ​នេះ នឹង​ដាក់​ជូន​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ដើម្បី​ពិភាក្សា​បន្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

លោក ជិន ម៉ាលីន ដែល​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មាធិការ​កំណែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ផង​នោះ បាន​លើក​ឡើង​ថា នេះ​គឺ​ជា​លើក​ទី ១​ហើយ ដែល​ក្រសួង​យុត្តិធម៌​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ ១០០​ថ្ងៃ ក្នុង​ការ​វាយ​តម្លៃ​លើ​គុណភាព និង​ប្រសិទ្ធភាព​នៃ​តុលាការ​កម្ពុជា” នេះ។ លោក​បន្ត​ថា កន្លង​មក មាន​តែ​ស្ថាប័ន ឬ​អង្គការ​មួយ​ចំនួន បាន​វាយ​តម្លៃ និង​ដាក់​ចំណាត់​ថ្នាក់​តុលាការ​កម្ពុជា ដោយ​មិន​ផ្អែក​លើ​ការ​ពិត​នោះ​ទេ។

លោក​បាន​លើក​ឡើង​ថា យុទ្ធនាការ​នេះ នឹង​រក​ឲ្យ​ឃើញ​ពី​ចំណុច​ខ្លាំង ចំណុច​ខ្សោយ រួម​ទាំង​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​តុលាការ​កម្ពុជា​ទាំង ២៤​រាជធានី-ខេត្ត បន្ទាប់​ពី​ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​ច្បាប់​គោល​ចំនួន​បី​កាល​ពី​ចុង​ឆ្នាំ ២០១៤ រួម​មាន ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​អង្គ​តុលាការ, ច្បាប់​ស្តីពី លក្ខន្តិកៈ​ចៅ​ក្រម​និង​ព្រះរាជ​អាជ្ញា និង​ច្បាប់​ស្តីពី ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ជា​ដើម។ ច្បាប់​ទាំង​បី គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​កំណែ​ទម្រង់​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

លោក ជិន ម៉ាលីន ដែល​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មាធិការ​នេះ បាន​បញ្ជាក់​ថា យុទ្ធនាការ​នេះ គឺ​ដើម្បី​ស្តារ​កេរ្តិ៍​ឈ្មោះ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា និង​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ