ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/04 12h00 GMT
កម្ពុជា

អង្គការ​អន្តរជាតិ​ពីរ​ចេញ​មុខ​ថ្កោល​ទោស​ក្រសួង​អប់​រំ​រឿង​បញ្ឈប់​គ្រូ​បង្រៀន​១១​នាក់​ពី​ការងារ

media  
លោករ៉ុង ឈុន ​និង​គ្រូបង្រៀន​ដែល​ត្រូវ​ក្រសួង​អប់រំ​បញ្ឈប់​ពី​ការងារ​ធ្វើ​សន្និសិទ​កាសែត​នា​ពេល​កន្លង​មក @RFI

សហភាព​សហជីព​អន្តរជាតិ (ITUC) និង​អង្គការ​អប់​រំ​អន្តរជាតិ (EI) នៅ​ថ្ងៃ​ទី​២០ មីនា​ម្សិល​មិញ បាន​ចេញ​មុខ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​សម្រេច​បណ្តេញ​គ្រូ​បង្រៀន​និង​បុគ្គលិក​សិក្សា​ចំនួន​១១​រូប​របស់​ក្រសួង​អប់រំ​កម្ពុជា។ បន្ថែម​លើ​ការ​ថ្កោល​ទោស អង្គការ​អន្តរជាតិ​ទាំង​ពីរ​នេះ ក៏​បាន​ទាមទារ​ឲ្យ​ក្រសួង​អប់​រំ​ទទួល​យក​ពួក​គេ​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ថែម​ទៀត។

សហភាព​សហជីព​អន្តរជាតិ (ITUC) និង​អង្គការ​អប់​រំ​អន្តរជាតិ (EI) បាន​អះអាង​ថា គ្រូ​បង្រៀន និង​បុគ្គលិក​សិក្សា​ទាំង​១១​នាក់​នេះ បាន​ឈប់​សម្រាក​ពី​ការងារ​នៅ​ចន្លោះ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧​ដោយ​មាន​ការ​យល់​ព្រម​ពី​ក្រសួង​អប់​រំ​កម្ពុជា។ តែ​ទោះ​​ជា​បែប​នេះ​ក្តី ក្រសួង​មួយ​នេះ បែរ​​ជា​បដិសេធ​មិន​ព្រម​ទទួល​យក​ពួក​គេ​ឲ្យ​ចូល​ធ្វើ​ការ​វិញ​កាល​ពី​ចន្លោះ​ខែ​មករា និង​ខែ​មីនា​ឆ្នាំ​នេះ ដោយ​មូលហេតុ​ថា អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ ការណ៍​នេះ​ធ្វើ​ឲ្យ​អង្គការ​អន្តរជាតិ​ទាំង​ពីរ​សង្ស័យ​ថា ការ​លុប​ឈ្មោះ​របស់​ពួក​គេ​ចេញ​ពី​ក្រប​ខណ្ឌ​ក្រសួង​អប់រំ​នេះ ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នយោបាយ។

ប្រតិកម្ម​របស់​អង្គការ​អន្តរជាតិ​ទាំង​ពីរ ធ្វើ​ឡើង​ក្រោយ​ពី​គ្រូ​បង្រៀន និង​បុគ្គលិក​សិក្សា​ទាំង​១១​នាក់ ក្នុង​នោះ​ក៏​មាន​លោក​រ៉ុង ឈុន ម្នាក់​ផង ត្រូវ​បាន​ក្រសួង​អប់​រំ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​ក្រសួង​កាល​ពី​ថ្ងៃ​ទី​៣០ ម​ករា​កន្លង​ទៅ។ ក្រោយ​មក អ្នក​ទាំង​នេះ​តាម​រយៈ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ក៏​បាន​ស្វែង​រក​ការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​សហភាព​សហជីព​អន្តរជាតិ (ITUC) និង​អង្គការ​អប់​រំ​អន្តរជាតិ (EI)។ សម្រាប់​អង្គការ​អន្តរជាតិ​ទាំង​ពីរ ការ​បញ្ឈប់​គ្រូ​បង្រៀន​និង​បុគ្គលិក​សិក្សា​ទាំង​នេះ គឺ​ធ្វើ​ឡើង​ខុស​ច្បាប់។ ខុស​ច្បាប់ ​គឺ​នៅ​ត្រង់​ថា ច្បាប់​កម្ពុជា​អនុញ្ញាត​ឲ្យ​មន្រ្តី​រាជការ​ស៊ីវិល​អាច​ផ្លាស់​ប្តូរ​ទៅ​កាន់​កន្លែង​ផ្សេង​ហើយ​ក៏​អាច​មក​កាន់​កន្លែង​ដើម​វិញ​នៅ​ពេល​បញ្ចប់​ការ​ផ្លាស់​ប្តូរ​នោះ។ អង្គការ​ទាំង​ពីរ​អះអាង​ទៀត​ថា ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូទៅ​របស់​មន្រ្តី​រាជការ​ស៊ីវិល​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ឈប់​ពី​ការងារ​បាន លុះ​ត្រា​តែ​មាន​ការ​សាក​សួរ​ជា​ផ្លូវ​ការ​មួយ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​វិន័យ។ តែ​ការ​បញ្ឈប់​នេះ​មិន​ត្រូវ​បាន​ធ្វើ​ក្នុង​ទម្រង់​បែប​នេះ​ឡើយ។

ក៏​ប៉ុន្តែ​សម្រាប់​ក្រសួង​អប់រំ​កម្ពុជា​វិញ ការ​បញ្ឈប់​អ្នក​ទាំង​នេះ គឺ​ក្រសួង​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូទៅ​របស់​មន្រ្តី​រាជការ​ស៊ីវិល ​ក៏​ដូច​ជា​អនុក្រិដ្ឋ​និង​សេចក្តី​ប្រកាស​ផ្សេងៗ​របស់​ក្រសួង​អប់រំ។ ក្រសួង​អប់រំ​បាន​រំលេច​ត្រង់​ចំណុច​នេះ​ថា ពេល​បញ្ចប់​តួនាទី​នៅ​កន្លែង​ថ្មី​ភា្លម គ្រូ​បង្រៀន និង​បុគ្គលិក​សិក្សា​ទាំង​នេះ ​មិន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​កន្លែង​ចាស់​វិញ​ភា្លម​ទេ ដែល​នេះ​ គឺ​ជា​មូលហេតុ​នៃ​ការ​បញ្ឈប់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សហភាព​សហជីព​អន្តរជាតិ (ITUC) និង​អង្គការ​អប់រំ​អន្តរជាតិ​(EI) តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ដដែល និង​តាម​រយៈ​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទៅ​កាន់​លោក​រដ្ឋមន្រ្តី​អប់រំ ហង់ ជួនណារ៉ុន បាន​ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ទទួល​យក​គ្រូ​បង្រៀន និង​បុគ្គលិក​សិក្សា​ទាំង​១១​នាក់​នេះ ឲ្យ​ចូល​ធ្វើ​ការ​ឡើង​វិញ។ លោក​ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ​ទេ ខណៈ​ក្រសួង​អប់រំ​បើក​សន្និបាត​អប់រំ​ យុវជន ​និង​កីឡា​នៅ​ថ្ងៃ​ចុង​ក្រោយ នៅ​ឯវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ពេញ​មួយ​ថ្ងៃ​ពុធ​ទី​២១​មីនា​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ