អានតួអត្ថបទ
កម្ពុជា-អភិវឌ្ឍ

ពលរដ្ឋ​បុរី​កីឡា ១៥ គ្រួសារ រក្សា​ជំហរ​មិន​ទទួល​យក​ដំណោះ​ស្រាយ តាម​ការ​កំណត់​របស់អាជ្ញាធរ

រយៈ​ពេល ១ ខែ ហើយ ដែល​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ បាន​ដាក់​ឱសាន​វាទ ឲ្យ​ប្រជាពលរដ្ឋ បុរីកីឡា ចំនួន ១៥ គ្រួសារ ក្នុង​ចំណោម​ ១៥៤ គ្រួសារ មក​ទទួល​យក​ដំណោះស្រាយ​ពី​អាជ្ញាធរ​។ ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ទាំង ១៥ គ្រួសារ នោះ​នៅ​តែ​មិន​ទាន់​ឯកភាព ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ​នៅ​ឡើយ​ទេ។ លោក សៀ ភារម្យ នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ បញ្ជាក់​ថា អាជ្ញាធរ​នៅ​តែ​បើក​ផ្លូវ​ឲ្យ​ប្រជាពល​រដ្ឋ​ទាំង​ ១៥ គ្រួសារ​ មកទទួល​ដំណោះ​ស្រាយ​ដដែល​។

ប្រជាពលរដ្ឋ​បឹង​កក់ និង​បុរី​កីឡា ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ថ្ងៃទី ២៤ កញ្ញា ២០១២ កន្លងទៅ។
ប្រជាពលរដ្ឋ​បឹង​កក់ និង​បុរី​កីឡា ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ថ្ងៃទី ២៤ កញ្ញា ២០១២ កន្លងទៅ។
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សិន្និសីទ​កាសែត​កាល​ពី​ថ្ងៃទី ០៧ ខែ មីនា អាជ្ញាធរ​បាន​ដាក់​កំហិត​ត្រឹម​រយៈ​ពេល ១ ខែ ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ ១៥ គ្រួសារ មក​ទទួល​យក​ដំណោះស្រាយ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានផ្ដល់​ជម្រើស​២ សម្រាប់​ប្រជាពលរដ្ឋទាំង១៥ គ្រួសារ ដោយជម្រើស ទី​១ ទទួល​យក​លុយ ៣​ពាន់​ដុល្លារ​ដើម្បី​ចាកចេញ ឬ​ត្រូវ​ទៅ​រស់​នៅ​ភូមិ​អណ្ដូង ជាយ​រាជធានី​ភ្នំពេញ។

យ៉ាង​ណា​ក៏​ដោយ រហូត​ដល់​ថ្ងៃ​កំណត់​រយៈពេល ១ ខែ កាល​ពី​ថ្ងៃ​ទី ៧ មេសា ក្រុម​ប្រជា​ពល​រដ្ឋ​ទាំង ១៥​គ្រួសារ នោះ នៅតែមិន​ព្រម​ទទួល​យក​ដំណោះស្រាយ​ទាំង​២ ខាង​លើ​នេះ​ទេ ហើយ​នៅ​រក្សា​ជំហរ​ទាមទារ​រស់​នៅ​ក្នុង​អគារ​នៅ​បុរីកីឡា ឬ​យក​សំណង ៤​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចាកចេញ។ នេះ​បើ​តាម លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារពិសេស​សិទ្ធ​លំនៅដ្ឋាន​។​​

តំណាង​ប្រជាពលរដ្ឋ អ្នកស្រី គឹម សារ៉ាន់ ដែល​មិន​ព្រម​ចូល​ខ្លួន​ទទួល​យក​គោល​នយោ​បាយ​​ធ្លាប់​បាន​លើក​ឡើង​ថា ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​តំបន់​ភ្នំ​បាត នោះអស់​រយៈពេល​ជិត​ ៦​ឆ្នាំ​មក​ហើយ ដែល​នៅ​ទីនោះ​ជា​តំបន់​ដាច់ស្រយាល ពុំ​មាន​ទឹក​ស្អាត​​ប្រើប្រាស់ និង​ខ្វះ​មុខរបរ​ចិញ្ចឹម​ជីវិត ធ្វើ​ឲ្យ​ជីវភាព​ពួក​គាត់​ធ្លាក់​ដុនដាប​ខ្លាំង។

យ៉ាង​ណា​ក៏​ដោយ ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច លោក​ស្រី ស៊ុយ សុផាន ​បាន​ថ្លែង​ពី​ជំហរ​របស់​ខ្លួន​ដែរ​ថា ក្រុមហ៊ុន នឹង​មិន​ទទួល​ខុស​ត្រូវ​ទៀត​នោះ​ទេ​ បើ​ប្រជាពលរដ្ឋ​នៅ​តែ​មិន​មក​ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ និង ក្រុមហ៊ុន។

ប៉ុន្តែ លោក សៀ ភារម្យ តំណាង​មក​ពីអង្គការ​សិទ្ធិ​លំនៅដ្ឋាន បាន​ប្រាប់​វិទ្យុ​បារាំង​ថា​ បើ​ទោះ​ឱសាន​វាទ​របស់​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​កន្លង​ផុត​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ នឹង​នៅ​តែបើក​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង ១៥ គ្រួសារ នោះ មក​ទទួល​យក​ជម្រើស​ដែល​ផ្តល់​ជូន​ដោយអាជ្ញាធរ​ដដែល​។

សូម​រំឮក​ជូនថា រាជ​រដ្ឋាភិបាល កាលពីឆ្នាំ ២០០៣ បានសម្រេច​ប្រគល់​ដី​នៅ​តំបន់​បុរី​កីឡា​ ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច អភិវឌ្ឍ​ជា​បុរី​ផ្ទះល្វែង ក្នុង​នោះ​ក្រុមហ៊ុន​ត្រូវ​សាងសង់​អគារ​ផ្ទះ​ល្វែង​ចំនួន​ ១០ ជា​សំណង​ឲ្យ​ប្រជាពលរដ្ឋ​ជាង ១៧០០​គ្រួសារ​ដែល​រស់នៅ​ទីនោះ។

យ៉ាងណាមិញការ​តវ៉ា​បាន​កើត​មាន​ជា​បន្តបន្ទាប់ ខណៈ​ក្រុមហ៊ុន​សាងសង់​អគារ​បាន​តែ ៨​អគារ ហើយ​ក្រុមហ៊ុន និង​អាជ្ញាធរ បានអះអាង​ថា អ្នក​ដែល​តវ៉ា មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ផ្ទះ​នៅ​តំបន់​បុរីកីឡានោះ​ទេ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ