អានតួអត្ថបទ
កម្ពុជា

កម្ពុជាត្រៀម​ខ្លួន​ទទួលនិង​ផ្ទៀង​ផ្ទាត់​​ផែនទី​១៨​ផ្ទាំង​ពី​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ស្អែក

ផែនទី​ចំនួន​១៨​ផ្ទាំង ពី​អង្គការ​សហប្រជាជាតិ​ ត្រូវ​បាន​នាំ​មក​ដល់ប្រទេស​​កម្ពុជា​ហើយ កាល​ពី​វេលា​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃ​ទី​១៨​សីហា​ម្សិលមិញ​។ ពិធី​ប្រគល់ ទទួល និង​ផ្ទៀងផ្ទាត់​ផែនទី នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅវិមាន​សន្តិភាព នៃ​ទី​ស្ដីការ​គណៈរដ្ឋ​មន្ដ្រី​នៅ​ថ្ងៃ​ទី​២០​សីហា​ស្អែក​​​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ រំលឹក​ឡើង​វិញ​នូវ​ដំណើរ​ដើម​ទង​ដែល​ជំរុញ​ឲ្យ​កម្ពុជា​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ ដូច​ត​ទៅ​៖  

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែន​ទី​ដែល​កម្ពុជា​ប្រើ​ប្រាស់​ក្នុង​ការ​កំណត់​និង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី នាពេលកន្លងមក។​
គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែន​ទី​ដែល​កម្ពុជា​ប្រើ​ប្រាស់​ក្នុង​ការ​កំណត់​និង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី នាពេលកន្លងមក។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សំណើ​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ​ របស់​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ​​ឡើង​នៅ​ថ្ងៃ​ទី​០៦​ខែ​កក្កដា ក្រោយ​ពី​មាន​​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិចោទ​ប្រកាន់​​ថា រដ្ឋាភិបាល​ប្រើ​ប្រាស់​ផែនទី​ក្លែងក្លាយ​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ទឹក​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​។ និង​ស្រប​ពេល​ដែល​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ប្រទេស​វៀតណាម​កំពុង​តែ​ឡើង​កំដៅ​ខ្លាំង​។

 
នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី០​៦​ខែ​កក្កដា លោកនាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន បាន​ស្នើ​ទៅ​កាន់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ ​អនុញ្ញាត​ឲ្យ​កម្ពុជា​ខ្ចី​​​ផែនទី​ដើម​ទាំង​អស់ ដែល​កម្ពុជា​បាន​តំកល់​ទុក​នៅ​ស្ថាប័ន​កំពូល​អន្ដរជាតិ​នេះ​។ ផែនទី​ដែល​​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាសំដៅ​ដល់​ គឺ​ផែនទី​បោន ខ្នាត ១​លើ​១០០​ពាន់ បោះ​ពុម្ព​ដោយ​ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូចិន​។ ជា​ផែនទី​ដែល​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ យក​ទៅ​តំកល់​នៅអង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៦៤​។

ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ អង្គការ​សហប្រជាជាតិ​មិន​អាចរក​ឃើញ​ផែនទីបោន ខ្នាត​១​លើ​១០០​ពាន់​​ដែល​កម្ពុជា​សុំ​ខ្ចី​នោះ​​ទេ​។ បើ​តាម​លិខិត​របស់​​លោក បាន គីមូន ចុះ​ថ្ងៃ​ទី​០៥​សីហា អង្គការ​សហប្រជាជាតិ​រក​ឃើញ​តែ​ផែនទី​មួយ​ចំនួន ពី​កន្លែង​ផ្ទុក​ឯកសារ​របស់​បណ្ណាល័យ ដាក ហាម៉ាស្កូហ្សូល ដែល​អាច​មាន​ប្រយោជន៍​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​។ ផែនទី​ដែល​រក​ឃើញ​នោះ​មាន​ចំនួន​១៨​ផ្ទាំង​ ហើយ​អង្គការ​សហប្រជាជាតិ​​សម្រេច​ឲ្យ​កម្ពុជា​ខ្ចី​ផែនទី​ទាំង​នោះ ​ក្នុង​ពេលមួយ​​កំណត់​។

ចុង​ក្រោយ​នេះ ផែនទី​ចំនួន​១៨​ផ្ទាំង​ពី​អង្គការ​សហប្រជាជាតិ​ ត្រូវ​បាន​នាំ​មក​ដល់ប្រទេស​​កម្ពុជា​ហើយ កាល​ពី​វេលា​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃ​ទី​១៨​សីហា​​។ ពិធី​ប្រគល់ ទទួល និង​ផ្ទៀងផ្ទាត់​ផែនទី នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅវិមាន​សន្តិភាព នៃ​ទី​ស្ដីការ​គណៈរដ្ឋ​មន្ដ្រី​ នៅ​ថ្ងៃ​ទី​២០​សីហា​​។ ពិធី​នេះ នឹង​​មាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​នយោបាយ តំណាង​រដ្ឋសភា តំណាង​ព្រឹទ្ធសភា អ្នក​ស្រាវ​ជ្រាវ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​​ផង​ដែរ​។

គួរ​ជម្រាប​ថា ផែនទី​ទាំង​១៨​ផ្ទាំង​ដែល​អង្គការ​សហប្រជាជាតិ​ឲ្យ​កម្ពុជា​ខ្ចី​នា​ពេល​នេះ មិន​មែន​ជា​ផែនទី​ដែល​កម្ពុជា​ស្នើ​សុំ​ពាក់ព័ន្ធ​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ទេ​។ វា​គឺ​ជា​ផែនទី​ស្ដី​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក ចូល​ក្នុង​ទឹក​ដី​កម្ពុជា នៅ​ក្នុង​សម័យសង្គម​រាស្ត្រ​និយម​៕

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ