អានតួអត្ថបទ
កម្ពុជា

អ្នក​បង់​វិភាគ​ទាន​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​សុំ​ដក​លុយ​វិញ

ពលរដ្ឋ​មួយ​ចំនួន​សុំ​ដក់​លុយ​វិញ បន្ទាប់​ពី​ពួក​គេ​បាន​បង់​វិភាគ​ចូលរួម​បង្កើត​ទូរទស្សន៍​ព្រះ​អាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​សុំ​ដក​លុយ​ត្រឡប់​មក​វិញ​ដោយ​ពួក​គាត់​យល់​ឃើញ​ថា ​ជា​លេស​របស់​គណបក្ស សម្រាប់​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​ និង​ថា​ ទូរទស្សន៍​នេះ​គ្មាន​គោលការណ៍​ដឹក​នាំ​ច្បាស់​លាស់។ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​ទាមទារ​លុយ​បង្ហាញ​វិក័យប័ត្រ​ឲ្យ​បាន​ត្រឹមត្រូវ។

គណបក្ស​សង្គ្រោះជាតិ​បាន​​បើក​​ការ​​ប្រមូល​​ប្រាក់​​ជំនួយ​​ពី​​សាធារណៈជន​​ ដើម្បី​បើក​ទូរទស្សន៍​ព្រះ​អាទិត្យ។​
គណបក្ស​សង្គ្រោះជាតិ​បាន​​បើក​​ការ​​ប្រមូល​​ប្រាក់​​ជំនួយ​​ពី​​សាធារណៈជន​​ ដើម្បី​បើក​ទូរទស្សន៍​ព្រះ​អាទិត្យ។​ @Sam Rainsy's Facebook
ផ្សាយពាណិជ្ជកម្ម

ទឹក​ប្រាក់​ចូល​រួម​បង្កើត​ទូរទស្សន៍​ព្រះ​អាទិត្យ ជាង​ប្រាំ​លាន​រៀល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​ស្នើ​សុំ​មក​វិញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​តាម​រយៈ​លិខិត​ផ្ញើ​ជូន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃ​ទី​២៩​ខែ​សីហា ។

ប្រជាពលរដ្ឋ​ចំនួន​២៧​គ្រួសារ​ផ្សេង​ទៀត​ដែល​អះអាង​ថា ជា​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​ស្វាយ​រៀង​ក៏​បាន​ទាមទារ​លុយ​មក​វិញ​ដែរ។ ដោយសារ​ថា ពួកគេ​មិន​បាន​ឃើញ​អ្វី​វិវត្តន៍​ទៅ​មុខ​ទាល់​តែ​សោះ​របស់​ទូរទស្សន៍ ក្រៅ​ពី​ការ​ផ្សាយ​ប្រមូល​លុយ​ឥត​ស្រាក​ស្រាន្ត​មិន​ចេះ​ស្កប់​មិន​ចេះ​ស្កល់។ ទូរទស្សន៍​នេះ​ មាន​តែ​ឈ្មោះ​ដែល​បង្កើត​ឡើង​ជា​លេស​សម្រាប់​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ ព្រោះ​គ្មាន​គោលការណ៍​ដឹកនាំ​ច្បាស់លាស់​ទេ។ នេះ​ជា​ខ្លឹមសារ​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​ញត្តិ​តវ៉ា​ចុះ​ថ្ងៃ​ទី​២៦ ខែ​សីហា។  ពលរដ្ឋ​ក៏​បាន​ជម្រុញ​ទៅ​ប្រធាន​ និង​អនុប្រធាន​គណបក្ស​រួម​ទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ផ្សេង​ទៀត​ដែល​មាន​ប្រាក់​ខែ​រាប់​ពាន់​ដុល្លា​លះបង់​ទ្រព្យ​សម្បិត្ត​ទាំង​នោះ​ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ។

ឆ្លើយ​តប​នឹង​ការ​ទាមទារ​នេះ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​សុំ​ឲ្យ​ពលរដ្ឋ​បង្ហាញ​វិក័យ​បត្រ​ដែល​គណបក្ស​បាន​ប្រគល់​ជូន។ ហើយ​គណបក្ស​នឹង​ឲ្យ​លុយ​នោះ​ត្រឡប់​ទៅ​វិញ។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក យឹម សុវណ្ណ ចាត់​ទុក​ការ​ទាមទារ​នេះ​គឺ​ជា​ចរន្ត​នៃ​ការ​រៀបចំ​ទុក​របស់​គូបដិបក្ស ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ការ​សង្ស័យ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ លុយ​ដែល​ប្រមូល​បាន​រហូត​មក​ដល់​ពេល​នេះ​ទទួល​បាន​ចំនួន​ជាង​៥០​ម៉ឺន​ដុល្លារ។ ហើយ​លុយ​ដែល​ទទួល​បាន​នេះ​មិន​ទាន់​ធ្វើ​ការ​ចាយ​វាយ​នៅ​ឡើយ​ទេ។ ​រហូត​មក​ដល់​ពេល​នេះ​គណបក្ស​កំពុង​រក​ទិញដី​សម្រាប់​ជា​ទីតាំង​ដាក់​ឲ្យ​ដំណើរ​ការ​ទូរទស្សន៍​នៅ​ចុង​ឆ្នាំ​២០១៥​តាម​គម្រោង ៕                                                                                                   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ