អានតួអត្ថបទ
កម្ពុជា

ក្រសួង​ពីរ​រួម​គ្នា​ឃ្លាំ​មើល​ការ​រក​ស៊ី​របស់​ជនបរទេស​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ នៅ​ថ្ងៃ​ចន្ទ​ទី​១៩​កុម្ភៈ​ម្សិលមិញ​បាន​ចុះ​ហត្ថលេខា​រួមគ្នា​លើ​ប្រកាស​ស្ដីពី​ការ​ពង្រឹង​ការងារ​អធិការ​កិច្ច​ហត្ថ​ពលកម្ម​បរទេស​នៅ​កម្ពុជា។ ខ្លឹមសារ​នៃ​ប្រកាស​នេះ​ ផ្ដោត​លើ​ការ​រួម​គ្នា​ឃ្លាំ​មើល​ការ​ធ្វើ​ជំនួញ​របស់​ជន​បរទេសនៅ​កម្ពុជា។ ការ​បង្កើត​ឲ្យ​មាន​ការ​ឃ្លាំ​មើល​នេះ ធ្វើ​ឡើង​ស្របពេល​ដែល​មាន​ការ​កត់សម្គាល់​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​កំណើន​អ្នក​វិនិយោគ​ចិន ក៏​ដូច​ជា​មាន​វត្ត​មានជនជាតិ​ចិន​ជា​ច្រើន។

កាស៊ីណូ នៅខេត្តព្រះសីហនុ
កាស៊ីណូ នៅខេត្តព្រះសីហនុ @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​ឃ្លាំ​មើល​របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ​ធ្វើ​ឡើង តាម​រយៈ​ក្រុម​ការងារ​ចម្រុះ​អធិការកិច្ច​ហត្ថពលកម្ម​បរទេស ដែល​បេសកម្ម​របស់​គេ គឺ​ចុះ​ទៅ​ពិនិត្យ​នៅ​តាមបណ្ដា​សហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្ត ដែល​មាន​ជន​បរទេស​វិនិយោគ ឬប្រកប​មុខ​របប​ណា​មួយ​នៅ​កម្ពុជា។

តាម​សេចក្តី​ប្រកាស​អន្តរ​ក្រសួង​ចុះ​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ ម្សិលមិញ គ្រប់​អាជីវកម្ម​របស់​ជនបរទេស​ត្រូវ​មាន​លិខិត​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ដែល​ចេញ​ឲ្យ​ដោយ​ស្ថាប័ន​មានសមត្ថកិច្ច។ គ្មាន​ជនបរទេស​ណា​ម្នាក់​អាច​ប្រកប​មុខ​របរ​ណាមួយ​នៅ​កម្ពុជា​ដោយ​គ្មានប័ណ្ណ និង​សៀវភៅ​ការងារ ដែល​ចេញ​ឲ្យ​ដោយ​ក្រសួង​ការងារ។ ក្នុង​ករណី​ទទួល​យកជន​បរទេស​ឲ្យ​ធ្វើ​ការងារ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្ត​នានា គឺ​ជន​បរទេស​មក​វិនិយោគ​ត្រូវ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្ដី​ពី​អន្តោប្រវេសន៍ និង​ច្បាប់​ការងារ​របស់​កម្ពុជា។ នេះ​បើ​ផ្អែក​លើ​ប្រកាស​អន្តរ​ក្រសួង​ស្ដី​ពី​ការ​ពង្រឹង​ការងារ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​នៅ​កម្ពុជា។

លើស​ពី​នេះ ក្រុម​ការងារ​អន្តរ​ក្រសួង​ក៏​មាន​សិទ្ធិ​ចុះ​ទៅ​ត្រួត​ពិនិត្យ​កន្លែង​អាជីវកម្ម​ណា​ក៏​បាន បើ​សិន​សង្ស័យ​ថា មាន​លាក់​បំពួន​ប្រើ​ប្រាស់​ពលកម្ម​បរទេស​ខុស​ច្បាប់ ប៉ុន្តែ​កុំ​ភ្លេច​ត្រូវ​រាយការណ៍​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី ខេត្ត​ជា​មុន។ ដោយ​ឡែក​ចំពោះ​ពលករ​រស់​នៅ​តំបន់​ព្រំដែន ដែល​ចូល​មក​កម្ពុជា​ក្នុង​គោល​បំណង​ប្រកប​មុខរប​រណា​មួយ​ដែល​ចូល​ព្រឹក ចេញ​ល្ងាច ឬ​ស្នាក់​នៅ​ខ្លី ក៏​ត្រូវ​បំពេញ​បែប​បទ​ឲ្យ​ស្រប​តាម​ច្បាប់​កម្ពុជា ឬ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ជាមួយ​ប្រទេស​កម្ពុជា ដែល​តម្រូវ​ឲ្យ​មាន​ប័ណ្ណ និង​សៀវភៅ​ការងារ។

ប្រសិន​បើ​ម្ចាស់​អាជីវកម្ម​ទាំង​អស់​មិន​គោរព​ទៅ​តាម​អ្វី​ដែល​អន្តរក្រសួង​ដាក់​ចេញ​មក​នេះ​ទេ ពួក​គេ​នឹង​រង​ការ​ពិន័យ​ជា​ប្រាក់ ដែល​មាន​ចែង​ក្នុង​ច្បាប់​ការងារ និង​បណ្ដេញ​ចេញ​ពី​កម្ពុជា​ដែល​ចែង​ក្នុង​ច្បាប់​ស្ដីពី អន្តោប្រវេសន៍។ តែ​ផ្ទុយ​មក​វិញ​គ្រប់​ម្ចាស់​អាជីវកម្ម​ដែល​មាន​ជន​បរទេស​មក​វិនិយោគ នឹង​ទទួល​បាន​ប័ណ្ណ​សសើរ​ដើម្បី​លើក​ទឹក​ចិត្ត​នៅ​ពេល​ដែល​ពួក​ប្រកប​រក​ស៊ី​ដោយ​គោរព​ទៅ​តាម​ច្បាប់​កម្ពុជា។

ជា​ការ​កត់​សម្គាល់ អ្វី​ដែល​ក្រសួង​ទាំង​ពីរ​កំពុង​តែ​អនុវត្ត​នៅ​ពេល​នេះ​ធ្វើ​ឡើង​ជួន​ចំ​ពេល នៃ​ការ​កើន​ឡើង​វិនិយោគិន​ និង​វត្តមាន​​របស់​ប្រជាជន​ចិន​នៅ​ កម្ពុជា និង​ក្រោយ​ពេល​ដែល ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​នៅ​កម្ពុជា​ចាត់​វិធានការ​តឹង​រឹង​ចំពោះ​ប្រជាជន​ចិន ដែល​ប្រព្រឹត្តិ​បទ​ល្មើស​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ