ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
កម្ពុជា

ILO ៖ នៅកម្ពុជា កម្មករ​ជាង ១៥០០​នាក់ ស្លាប់​រៀង​រាល់​ឆ្នាំ ដោយសារ​គ្រោះ​ថ្នាក់​ការងារ

media សំណង់​អាគារ​កំពុង​សាងសង់ នៅ​ភ្នំពេញ © សុវណ្ណារ៉ា/RFI

អង្គការ​ពលកម្ម​អន្តរជាតិ ហៅ​ កាត់​ជា​ភាសា​អង់គ្លេស​ថា ILO បាន​ប្រកាស​ថា នៅ​ក្នុងប្រទេស​កម្ពុជា មនុស្ស​ជាង ១៥០០ នាក់ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា បាន​ ស្លាប់​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​គ្រោះថ្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការងារ។ មាន​ន័យ​ ថា មាន​មនុស្ស ៤ នាក់ បាន​ស្លាប់​ក្នុង​ថ្ងៃ នៅ​កន្លែង​ធ្វើការ នៅ​កម្ពុជា។

 

បទ​អន្តរាគមន៍​របស់ លី ម៉េងហួរ 29/04/2010 - ដោយ លី ម៉េងហួរ ស្តាប់

ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​ជាង ១៥០០ នាក់ បាន​ស្លាប់ ដោយសារ​តែ​គ្រោះថ្នាក់​ការងារ។ ពោល​គឺ​មនុស្ស ៤ នាក់ បាន​ស្លាប់ ក្នុង​មួយ​ថ្ងៃ ដោយសារ​តែ​គ្រោះថ្នាក់​នៅ​កន្លែង​ធ្វើការ នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មេសា ឆ្នាំ​២០១០។​

 
គ្រោះថ្នាក់​នៅ​កន្លែង​ធ្វើការ ដែល ILO បាន​លើក​ឡើង​ខាង​លើ ត្រូវ​បាន​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល និង​សហជីព​កម្មករ សម្តែង​ការ​យល់​ស្រប។​

ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ឡេង​ តុង បាន​លើក​ឡើង​ថា គ្រាន់តែ​នៅ​ក្នុង​ឆ្នាំ​២០០៩ មាន​កម្មករ​ប្រមាណ ៣០០០ នាក់ បាន​ទទួល​រង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ ពាក់ព័ន្ធ​នឹង​ការងារ​នៅ​កម្ពុជា។​

ចំណែក​ឯ លោក អាត់ ធន់ ប្រធាន​សហភាព​សហជីព​ការងារ ដែល​ធ្វើការ​លើ​វិស័យ​កាត់ដេរ ទេសចរណ៍ និង​វិស័យ​សំណង់ ក៏បាន​លើក​ឡើង​ថា ជា​ទូទៅ អ្នក​និយោគ​ដែល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា មិនសូវ​ជា​គិតគូរ អំពី​បញ្ហា​សុខភាព​របស់​កម្មករ​ប៉ុន្មាន​ទេ។ ចំណែក​រដ្ឋាភិបាល​វិញ ក៏​មាន​ការ​យក​ចិត្ត​ទុកដាក់​តិចតួច​បំផុត​លើ​សុខភាព​របស់​កម្មករ។

លោក អាត់ ធន់ បាន​បន្ថែម​ថា វិស័យ​សំណង់ អគារ​ខ្ពស់ៗ ដែល​បាន​រីក​ដុះដាល​យ៉ាង​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​នាំមុខ​គេ លើ​ផ្នែក​គ្រោះថ្នាក់​នៅ​កន្លែង​ធ្វើ​ការងារ។ គ្រោះថ្នាក់​ពេល​បំពេញ​ការងារ ដោយសារ​តែ​កន្លែង​ធ្វើ​សំណង់​ទាំងនោះ គ្មាន​ប្រព័ន្ធការពារ​សុវត្ថិភាព។ ជាង​នេះ​ទៅ​ទៀត នៅ​ពេល​កម្មករ ជួប​គ្រោះថ្នាក់ រហូត​ដល់​ស្លាប់ ក៏​មិន​មាន​ការ​បង់​ប្រាក់​ទូទាត់ ឲ្យបាន​ត្រឹមត្រូវ​ដែរ។

ក្រៅ​ពី​វិស័យ​សំណង់ គ្រោះថ្នាក់​នៅ​កន្លែង​ការងារ ក៏​កើត​នៅ​ខាង​ការងារ​ក្នុង​ឡ​ឥដ្ឋ នេសាទ និង​កាត់ដេរ ព្រមទាំង​តាម​បណ្តា​ក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាស​តូចៗ ដែល​មិន​មាន​ការ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ​ឲ្យបាន​ត្រឹមត្រូវ​ល្អ។

នៅ​ក្នុង​វិស័យ​កាត់ដេរ ត្រូវបាន​លោក អាត់ ធន់ អត្ថាធិប្បាយ​ថា ជារឿយៗ តែងតែ​មាន​កម្មករ​ត្រូវ​ដាច់​ដៃ និង​គ្រោះថ្នាក់​ដោយសារ​ជាតិ​គីមី ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​កម្មករ ហើយ​កម្មករ​ខ្លះ​ទៀត ត្រូវ​ជួប​នឹង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពេល​ចេញ​-ចូល​ធ្វើការ​ក្នុង​រោងចក្រ ជាដើម។​

ចំពោះមុខ​ហានីភ័យ​គ្រោះថ្នាក់​ការងារ ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន រដ្ឋាភិបាល និង​អង្គការ​ពលកម្ម​អន្តរជាតិ បាន​ធ្វើ​ការផ្សព្វផ្សាយ និង​អប់រំ​ដល់​កម្មករ ព្រម​ទាំង​ថៅកែ អំពី​វិធានការ​នានា។

យុទ្ធនាការ​មួយ នឹង​ត្រូវ​រដ្ឋាភិបាល និង​អង្គការ​ពលកម្មអន្តរជាតិ រៀបចំ​ឡើង ដោយ​ការ​ជួបជុំ និង​ការ​ដើរ​ដង្ហែ​ក្បួន នៅ​ទី​រួម​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១០។ ការ​ជួបជុំ ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ ៣៥០ នាក់ ធ្វើ​ឡើង​ចំ​ថ្ងៃ នៃ​ការ​ប្រារព្ធ​ទិវាពិភពលោក ដើម្បី​សុខភាព និង​សុវត្ថិភាព នៅ​កន្លែង​ធ្វើការ។ នៅ​កម្ពុជា ទិវា​នេះ នឹង​ធ្វើឡើង ក្រោម​ប្រធានបទ “យល់ដឹង​ពី​ហានីភ័យ​នៃ​សុខភាព និង​សុវត្ថិភាព​របស់​អ្នក និង​ការពារ​កុំឲ្យ​មាន​គ្រោះថ្នាក់​នៅ​កន្លែង​ធ្វើការ”។

សេចក្តីប្រកាស​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ចេញ​ផ្សាយ​បន្ទាន់ នៅ​ថ្ងៃ​ទី​២៩​មេសា​នេះ បាន​បង្ហាញ​ថា ការ​ជួបជុំ​ហែ​ក្បួន នៅ​ទី​រួម​ខេត្ត​កំពត នា​ព្រឹក​ស្អែក ជា​ការ​ពង្រីក​យុទ្ធនាការ​ផ្សព្វផ្សាយ ស្តីពី ហានីភ័យ និង​សុវត្ថិភាព​ការងារ ទៅ​ដល់​ថ្នាក់​ខេត្ត ដោយ​មាន​ការជួបជុំ​ថ្លែងការណ៍ បដា​ពាក្យ​ស្លោក និង​បិទ​ផ្សាយ​នូវ​ប័ណ្ណ​ព័ត៌មាន ក្នុង​គោលដៅ​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​សារៈសំខាន់​នៃ​សុខភាព និង​សុវត្ថិភាព​ការងារ៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ