អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​​បើក​យុទ្ធនាការ​កម្ទេច​អាង​ស្តុក​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​

រហូត​មកទល់​នឹង​ថ្ងៃ​អង្គារ​នេះ​ ក្រុម​មន្ត្រី​បាន​អះអាង​ថា យ៉ាងហោចណាស់​អាង​ស្តុកទឹក​ធំ​ៗ​ចំនួន ៦ ក្នុង​ចំណោម អាងស្តុក​ទឹក ២៤០​នៅ​ជុំវិញ​បឹង​ទន្លេសាប​ត្រូវ​បាន​បំផ្លាញ។ នេះ​គឺ​ជា​យុទ្ធនាការ​របស់​រដ្ឋាភិបាល កម្ពុជា​ក្នុង​ការ​កម្ទេច​អាងស្តុក​ទឹក​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ ប្រជាកសិករ និង​ជួយ​សង្គ្រោះ​ជីវចម្រុះ​នៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​កំពុង​តែ​ទទួល​រង​នូវ​ការ​គំរាម​កំហែង។

រដា្ឋភិបាល​បើក​យុទ្ធនាការ​កម្ទេច​អាង​ស្តុក​ទឹក​នៅ​ក្នុង​ជុំវិញ​បឹង​ទន្លេ​សាប​
រដា្ឋភិបាល​បើក​យុទ្ធនាការ​កម្ទេច​អាង​ស្តុក​ទឹក​នៅ​ក្នុង​ជុំវិញ​បឹង​ទន្លេ​សាប​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

05:45

បទអន្តរាគមន៍​របស់​នេត្រ ភក្រ្តា

បូលីន ដាវីដ

លោក លឹម​ គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​កម្ទេច អាង​ស្តុកទឹក​ខុស​ច្បាប់​នៅ​ជុំវិញ​បឹង​ទន្លេសាប បាន​ចាប់​ផ្តើមឡើង​តាំងពី​ថ្ងៃ​សុក្រ​សបា្តហ៍​មុន​ហើយ​បាន​បន្ត​រហូត​មកទល់​នឹង​ថ្ងៃនេះ។

 
នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ម្សិលមិញ លោក​រដ្ឋមន្ត្រី លឹម​ គានហោ បាន​ថ្លែងថា​ អាង​ស្តុកទឹក​ ចំនួន ៦​ក្នុង​ខេត្ត​កំពង់ធំ​ត្រូវ​បាន​ទម្លាយ​ក្រោយ​ពី​ម្ចាស់​អាង​ទាំងនោះ​បាន​ធ្វើ​ព្រងើយ​កន្តើយ មិន​ធ្វើតាម​បញ្ជា​ដែល​តម្រូវ​ឲ្យ​កម្ទេច​អាង។ យុទ្ធនាការ​នេះ​បាន​នឹង​កំពុងធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ ហើយ​បន្ត​ទៅ​ខេត្ត ៥​ ផ្សេង​ទៀត​ដែល​ជាប់​នឹង​បឹង​ទន្លេសាប​មាន​ខេត្ត​សៀមរាប​ ពោធិសាត់ បាត់ដំបង កំពង់ឆ្នាំង និង​បន្ទាយ​មានជ័យ។ លោក លឹម គានហោ បាន​ថ្លែង​ថា អាជ្ញាធរ​អាងទន្លេសាប​ បាន​ស្រាវជ្រាវ ​និង រក​ឃើញ​អាង​ស្តុកទឹក​សរុប​ចំនួន ២៤០​អាង​ក្នុង​ខេត្ត ៤ នៃ​ខេត្ត ៦ ជុំវិញ​បឹង​ទន្លេសាប។
 
លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក លឹម​ គានហោ បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នឹង​ពិចារណា​ការ​ធ្វើ​កំណែ​ទម្រង់​អាង​មួយ​ចំនួន ​ក្នុង​តំបន់ ២ ដែល​ភ្ជាប់​ពី​តំបន់​លិច​ទឹក​នៃ​បឹង​ទន្លេសាប​មក​តំបន់​ទី ១។ តំបន់​ទី ១ ដែល​ភ្ជាប់​នឹង​តំបន់​វាលស្រែ។ ប្រសិនបើ​អាង​ទាំង​នោះ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ។ ប៉ុន្តែ​អាង​ទាំងឡាយ​នៅ​ក្នុង​តំបន់​ ៣ ​ជា​តំបន់​ព្រៃ​លិចទឹក​នឹង​ត្រូវ​កម្ទេច​ចោល​ដោយ​មិន​មាន​ការ​លើក​លែង​ឡើយ។ លោក​បានលើក​ឡើង​ថា ​ការធ្វើ​អាងទឹក​ គឺ​ធ្វើ​ឲ្យ​ទឹកភ្លៀង​ឡើង​ខ្លាំង​ពេល​រដូវ​វស្សា ​និង​ហូរហៀរ​ដល់​ផ្លូវ​ជាតិ។ លោក​បន្ថែម​ថា អាង​មួយ​ចំនួន​ធ្វើ​ជាប់​ៗ​គ្នា​ដែល​ធ្វើ​ឲ្យ​ទឹក​ហូរ​មិន​ល្អ ​ពិបាក​ក្នុង​ការ​រាយសាយ​ដី​ល្បាប់ ព្រម​ទាំង​ធ្វើ​ឲ្យ​ដី​ហឹរ មិន​អាច​ដាំ​ដុះ​ អ្វី​បាន​ផល​ល្អ។ លោក លឹម គានហោ ក៏​បាន​បញ្ជាក់​ថា ភាគ​ច្រើន​នៃ​អាង​ស្តុកទឹក​ខុស​ច្បាប់​ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ​ ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង ហើយ​មាន​ទំហំ​យ៉ាង​ហោច​ណាស់ ១,៥ គីឡូ​ម៉ែត្រ​ការេ​ដែរ ក្នុង​អាង​នីមួយ។ លោក​បាន​ពន្យល់​ថា ម្ចាស់​អាង​ទាំង​នោះ​បាន​ចំណាយ​ប្រាក់​ពី ៨ ម៉ឺន ដុល្លារ​ទៅ ១ សែន​ដុល្លារ ក្នុង​ការ​សាងសង់​អាងស្តុក​ទឹក​មួយ​ ហើយ​ជាធម្មតា​ កសិករ​ធម្មតា មិន​អាច​មាន​លទ្ធភាព​សាង​សង់​អាង​ទាំង​នោះ​បាន​ទេ​ គឺ​មាន​តែ​ឈ្មួញ​មាន​ប្រាក់​កាស​ប៉ុណ្ណោះ។
 
ប្រជាកសិករ បាន​ទទួល​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កម្ទេច​អាង​ស្តុកទឹក​ទាំង​នេះ។ តំណាង​សហគមន៍​នេសាទត្រី​នៅ​ក្នុង​ខេត្ត​កំពង់ធំ​បាន​ថ្លែង​ថា ពលរដ្ឋ​មាន​ការ​សប្បាយ​រីករាយ ​និង​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​កម្ទេច​អាង​នៅ​ជុំវិញ​បឹង​ទន្លេសាប​ទាំង​នោះ។ ប៉ុន្តែ​ក៏​មាន​ការ​ព្រួយបារម្ភ​ដែរ​ថា​ អាង​ស្តុកទឹក​​ទាំង​នោះ​អាច​នឹង​ត្រូវ​បាន​បង្កើត​ឡើង​វិញ ក្រោយ​ពី​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​បញ្ចប់ ហើយ​ផលត្រី​ក៏​អាច​នឹង​មាន​ការ​ធ្លាក់ចុះ​ជាង​មុន​ដែរ។ ប្រជាកសិករ​បាន​លើក​ឡើង​ថា ឈ្មួញ​មួយ​ចំនួន បាន​បង្កើត​អាង​ស្តុកទឹក​ទាំង​នេះ​ឡើង ដោយ​យក​លេស​ថា ជួយ​កសិករ​ក្នុង​ការ​ធ្វើស្រែ​ចំការ​នៅ​ក្នុង​រដូវ​ប្រាំង ប៉ុន្តែ​តាម​ពិត​ពួក​គេ​បាន​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន ​និង​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ដោយ​គ្មាន​ការ​អនុញ្ញាត។ កសិករ​ថា​ខ្លួន​ស្វាគមន៍ និង​លើក​ទឹកចិត្ត​រដ្ឋាភិបាល​ក្នុង​ការ​កម្ទេច​អាង​ទាំង​អស់​នោះ​ឲ្យ​ស្មើភាព និង​បន្ត​បង្ក្រាប​អាង​ទាំង​នោះ​ជា​រៀងរហូត និង​បាន​លើក​ឡើង​ថា​ អាជ្ញាធរ​ជលផល ​និង​អាជ្ញាខេត្ត បាន​ចុះ​បង្រ្កាប​ និង​ចាប់​ខ្លួន​ប្រជាជន​ក្រីក្រ ​ដែល​កាប់ព្រៃ​លិចទឹក​ដើម្បី​ពង្រីកដី​កសិកម្ម​ដាក់​ពន្ធនាគារ ប៉ុន្តែ​ពួក​គេ​មិន​ដែល​ចាប់​ខ្លួន​ម្ចាស់​អាង​ទាំង​នោះ​ដាក់​ពន្ធនាគារ​នោះ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ  លោក​ លឹម​ គានហោ​ រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​បាន​ថ្លែង​ថា ​អាជ្ញាធរ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​រាយការណ៍​ទៅ​ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ពិចារណា និង​ចាត់​វិធានការ​លើ​បញ្ហា​ទាំងនោះ។ លោក​បាន​លើក​ឡើង​ថា បើយោង​តាម​ច្បាប់​ភូមិបាល និង​ច្បាប់​ជលផល មាត្រា​ទី ៩៨ អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​ពី ៣​ឆ្នាំ​ទៅ ៥ ឆ្នាំ ព្រម​ទាំង​រឹបអូស​យក​សម្ភារៈ​ចំពោះ​បុគ្គល​ណា​បំផ្លាញ​ព្រៃលិច​ទឹក​។ ប៉ុន្តែ​រហូតមក​ទល់​ពេលនេះ​មិនទាន់​មាន​ជន​ល្មើស​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​អាង​ស្តុងទឹក​នៅ​ឡើយ​ទេ។
 

ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក លឹម​ គានហោ បាន​ថ្លែង​ថា​ លោក​នឹង​ទទួល​ខុស ត្រូវ ប្រសិន​បើ​រួប​លោក ឬ​មន្ត្រី​ថ្នាក់​ក្រោម​ណា​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សំណូក​ក្នុង​ការ​អនុវត្ត​ការងារ កម្ទេច​អាង​ស្តុកទឹក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ