អានតួអត្ថបទ
កម្ពុជា​

លំហាត់​ហ្វឹកហ្វឺន កង​កម្លាំង​ពហុសាសន៍ « ឆ្មាំ​អង្គរ ឆ្នាំ​២០១០ » ចាប់​ផ្តើម​ហើយ

លំហាត់​ហ្វឹកហ្វឺន កង​កម្លាំង​ពហុសាសន៍ ដែល​មាន​ឈ្មោះ​ថា «ឆ្មាំ​អង្គរ ឆ្នាំ​២០១០» បាន​ចាប់​ផ្តើម​ហើយ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​កក្កដា។ នេះ​ជា​ដំណាក់កាល​ដំបូង នៅក្នុង​លំហាត់​ហ្វឹកហ្វឺន ដែល​ប្រទេស​កម្ពុជា ជា​ម្ចាស់​ផ្ទះ ក្រោម​កិច្ចសហការ និង​ឧបត្ថម្ភ​គាំទ្រ​ពី​កងទ័ព​សហរដ្ឋ​អាមេរិក។ លំហាត់​ហ្វឹកហ្វឺន ឆ្មាំ​អង្គរ ឆ្នាំ​២០១០ នៅ​កម្ពុជា​ពេលនេះ មាន​ការចូលរួម​ពី​កងទ័ព​មក​ពី ២៦ ប្រទេស ដែល​មាន​កងកម្លាំង​សរុប​ជិត ១០០០ នាក់។

លំហាត់​ហ្វឹកហ្វឺន​ពហុសាសន៍ «ឆ្មាំអង្គរ ឆ្នាំ២០១០» ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ១២ កក្កដា ២០១០
លំហាត់​ហ្វឹកហ្វឺន​ពហុសាសន៍ «ឆ្មាំអង្គរ ឆ្នាំ២០១០» ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ១២ កក្កដា ២០១០ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
05:26

បទ​អន្តរាគមន៍​របស់ លី ម៉េងហួរ

លំហាត់​ហ្វឹកហ្វឺន ពហុសាសន៍ ដែល​មាន​ឈ្មោះ​ថា “ឆ្មាំ​អង្គរ ឆ្នាំ​២០១០” ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១០។ លំហាត់​ហ្វឹកហ្វឺន​នេះ ចែក​ចេញ​ជា​ពីរ​ផ្នែក គឺ លំហាត់​នៅ​ទី​បញ្ជាការ (CPX) ដែល​បាន​ចាប់ផ្តើម នៅ​ព្រឹក​មិញ នៅ​សណ្ឋាគារ ភ្នំពេញ និង​លំហាត់​ហ្វឹកហ្វឺន នៅ​លើ​ទីលាន (FTX) ដែល​ត្រូវ​ធ្វើ​នៅ មូលដ្ឋាន​ហ្វឹកហាត់​កង​កាំភ្លើង​ធំ ACO ក្នុង​ខេត្ត​កំពង់ស្ពឺ។​

​លំហាត់​ហ្វឹកហ្វឺន នៅលើ​ទីលាន នៅ ACO ក្នុង​ខេត្ត​កំពង់ស្ពឺ នឹង​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​តំណាង​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​លំហាត់​ហ្វឹកហ្វឺន នៅ​ទីលាន​នោះ មិន​មាន​ការបាញ់​គ្រាប់​កាំភ្លើង ជា​លក្ខណៈ​សមយុទ្ធ ធ្វើ​សឹក​សង្គ្រាម​នោះ​ទេ គឺ​គេ​គ្រាន់តែ​រៀបចំ​កម្លាំង​សង្គ្រោះ ជា​លក្ខណៈ​មនុស្សធម៌ ក្នុង​នាម​កងកម្លាំង​ថែរក្សា​សន្តិភាព របស់​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។

​ចំណែក​លំហាត់​ហ្វឹកហ្វឺន នៅ​ទីបញ្ជាការ ដែល​បាន​ផ្តើម នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់​លោក​នាយ​ឧត្តម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​លោកស្រី ខារ៉ូល រ៉ូដលី ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា រួម​ទាំង​ថ្នាក់​ដឹកនាំ​កងទ័ព​មក​ពី​បណ្តា​ប្រទេស​ប្រមាណ ២៦ ដែល​ចូលរួម​ក្នុង​លំហាត់​ហ្វឹកហ្វឺន​លំដាប់​អន្តរជាតិ នៅ​កម្ពុជា នា​ពេលនេះ។
​លោក​ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា លំហាត់​ហ្វឹកហ្វឺន នៅ​ទីបញ្ជាការ ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃនេះ មាន​រយៈពេល ១២​ថ្ងៃ ដោយ​ចែកចេញជា ៣ រូបភាព។ ទី​១-​ការ​សិក្សា​រួម​អំពី​ទ្រឹស្តី។ ទី​២-​ការធ្វើ​លំហាត់​ហ្វឹកហ្វឺន​រយៈពេល​ខ្លី និង​ទី​៣-​និយាយ​ពី​កម្រិត​ប្រតិបត្តិការ​ជាក់ស្តែង ដែល​មាន​សមាសភាព​កងទ័ព​ចម្រុះ​ចូលរួម​ចំនួន ១៣៧ នាក់។​

ក្រុម​កងកម្លាំង​យោធា​ទាំង ២៦ ប្រទេស មកពី​គ្រប់​ទ្វីប​នៅលើ​ពិភពលោក ដែល​សុទ្ធសឹង​ជា​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ រួមមាន អាមេរិក បារាំង អង់គ្លេស និង​យោធា មក​ពី​ឥណ្ឌា ថៃ ជាដើម ក៏​បាន​ចែក​ជា​ក្រុមៗ ដើម្បី​សហការ និង​ទំនាក់ទំនង ក្នុង​ស្មារតី​សាមគ្គី និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិជ្ជាជីវៈ ព្រមទាំង​បង្កើន​នូវ​សមត្ថភាព​បន្ថែម​ទៀត សម្រាប់​កង​រក្សា​សន្តិភាព និង​បង្កើន​ទំនាក់ទំនង​រវាង​យោធា និង​ស៊ីវិល ផងដែរ។
​លំហាត់​យោធា​ពហុសាសន៍ ទ្រង់ទ្រាយ​ធំ លើក​ដំបូង នៅ​កម្ពុជា ពេលនេះ ធ្វើឡើង​ដើម្បី​លើក​ស្ទួយ​សមត្ថភាព​កង​កម្លាំង​ពហុសាសន៍ ដែល​អាច​ឆ្លើយតប​នឹង​កិច្ចការ​ថែរក្សា​សន្តិភាព របស់​អង្គការ​សហប្រជាជាតិ។
​លោក​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ កម្ពុជា បាន​លើក​ឡើង ក្នុង​ពិធី​បើកលំ​ហាត់​ហ្វឹកហ្វឺន នៅ​ទី​បញ្ជាការ នៅ​ព្រឹក​មិញ​ថា ពុំ​មាន​ប្រទេស​ណា​មួយ តែ​ឯកឯង​លើ​ពិភពលោក អាច​មាន​សមត្ថភាព​ឆ្លើយ​តប ឬ​អាច​ដោះស្រាយ​រាល់​វិបត្តិ ដែល​កើតមាន​ជា​យថាហេតុ បាន​ឡើយ។ វិបត្តិ​នោះ ដូចជា ជម្លោះ​ប្រដាប់​អាវុធ ការជួញដូរ​អាវុធ គ្រឿង​ញៀន ព្រម​ទាំង​គ្រោះ​មហន្តរាយ​ពី​ធម្មជាតិ ។ល។ និង ។ល។ ហេតុនេះ​ហើយ បាន​ជា​រដ្ឋាភិបាល​កម្ពុជា ឯកភាព​ទទួល​សំណូមពរ​របស់​អាមេរិក ដើម្បី​រៀបចំ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន ឆ្មាំ​អង្គរ ឆ្នាំ​២០១០ ក្នុង​គោល​បំណង ធ្វើ​ឲ្យ​នាយ​ទាហាន​នៃ​កង​យោធពល​ខេមរភូមិន្ទ កម្ពុជា និង​ទាហាន​មកពី​បណ្តា​ប្រទេស​ជាច្រើន​ទៀត មាន​សមត្ថភាព​ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​សន្តិភាព​ពហុសាសន៍ ទៅ​តាម​សេចក្តី​ត្រូវការ​នៃ​បេសកកម្ម​អង្គការ​សហប្រជាជាតិ។

​ជាមួយគ្នា​នោះ លោកស្រី ខារ៉ូ រ៉ូដលី ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា លំហាត់​ហ្វឹកហ្វឺន រក្សា​សន្តិភាព​នេះ ក៏​ជា​ការ​បង្កើន​សមត្ថភាព​កងទ័ព​កម្ពុជា​។ ម្យ៉ាងទៀត លំហាត់​ហ្វឹកហ្វឺន នា​ពេលនេះ ជា​ទិដ្ឋភាព​មួយ ដែល​បង្ហាញ​នូវ​ចំណង​មិត្តភាព​រវាង​កម្ពុជា និង​អាមេរិក។ សហរដ្ឋ​អាមេរិក ក៏​នៅតែ​ជា​ដៃ​គូ ក្នុង​ការ​ជំរុញ​ដល់​កំណែ​ទម្រង់​វិស័យ​យោធា​កម្ពុជា​ផង​ដែរ។​

​ក្នុង​ពេល​កន្លង​មក កម្ពុជា​បាន​បញ្ជូន​កំលាំង​យោធា​របស់​ខ្លួន ទៅ​ចូលរួម​ក្នុង​លំហាត់​ហ្វឹកហ្វឺន ទ្រង់ទ្រាយ​ធំ ដែល​រៀបចំ ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហប្រជាជាតិ ជាច្រើន​លើក ចាប់តាំង​ពី​ឆ្នាំ​២០០៧។ កងកម្លាំង​កម្ពុជា ៥៦៨ នាក់ បាន​បំពេញ​ភារកិច្ច​ជោគជ័យ ជា​កងកម្លាំង​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ផ្នែក​មនុស្សធម៌ នៅ​ប្រទេស​ស៊ូដង់ ប្រទេស​ឆាត និង​នៅ​អាហ្វ្រិក​កណ្តាល។ នៅ​ខែ​កក្កដា​នេះ កងកម្លាំង​ជាង ២០០ នាក់ ក៏​គ្រោង​នឹង​ចេញ​ទៅ​បំពេញ​បេសកកម្ម​មនុស្សធម៌​កម្ពុជា ក្នុង​នាម​ជា​ទាហាន​មួក​ខៀវ​របស់​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​លីបង់ ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ